ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីប្រឹក្សាអចលនទ្រព្យ Knight Frank Thailand រំពឹងថា ការលក់អចលនទ្រព្យរបស់ចក្រភពអង់គ្លេសទៅកាន់អតិថិជនថៃនឹងហក់ឡើងជាង៤០ភាគរយ ដោយសារអ្នកវិនិយោគ និងរូបិយប័ណ្ណជាកត្តាចម្បង។
លោក Frank Khan នាយកប្រតិបត្តិ និងជាប្រធានផ្នែកលំនៅដ្ឋានបានមានប្រសាសន៍ថា “យើងមើលឃើញមានការកើនឡើងគួរឱ្យកត់សម្គាល់នៃចំនួនវិនិយោគិនថៃ ដែលមកទិញអចលនទ្រព្យនៅចក្រភពអង់គ្លេសកាលពីឆ្នាំ២០២២ ដែលស្មើនឹង២០ភាគរយនៃប្រតិបត្តិការសរុប”។
លោកបានបន្តថា កាលពីឆ្នាំមុន អតិថិជនថៃស្ទើរតែទាំងអស់បានទិញអចលនទ្រព្យនៅចក្រភពអង់គ្លេសសម្រាប់ការស្នាក់នៅសម្រាប់កូនរបស់ពួកគេ នៅពេលពួកគេសិក្សា ហើយចាប់តាំងពីឆ្នាំ២០២២ វិនិយោគិនថៃជាច្រើនបានទិញអាផាតមុិន ជាពិសេសសម្រាប់គោលបំណងនៃការជួល។
លោក Khan បានមានប្រសាសន៍ថា “ភាពរឹងមាំនៃប្រាក់បាតធៀបនឹងប្រាក់ផោនកំពុងទាក់ទាញវិនិយោគិនថៃមកកាន់ទីផ្សារអចលនទ្រព្យចក្រភពអង់គ្លេស ជាមួយនឹងភាគលាភជួលចាប់ពី២,៥%ទៅ២,៨%ក្នុងមួយឆ្នាំ និងប្រាក់ចំណេញមូលធនប្រចាំឆ្នាំចន្លោះពី១៣%ទៅ១៥%”។
ទីតាំងកណ្តាលទីក្រុងឡុងដ៍ដូចជា Kensington និង Holland Park នៅតែមានប្រជាប្រិយភាពក្នុងចំណោមឪពុកម្តាយសិស្សជាច្រើនដែលស្វែងរកអចលនទ្រព្យនៅជិតសាកលវិទ្យាល័យ។
ទន្ទឹមនឹងនោះ អ្នកទិញសម្រាប់ការវិនិយោគនានាផ្តោតលើតំបន់ ដែលមានប្រាក់ចំណេញមូលធន និងភាគលាភទទួលបានពីការជួលខ្ពស់ ដែលភាគច្រើននៅខាងក្រៅទីក្រុងឡុងដ៍។
លោកបានបន្ថែមថា “ទីតាំងមួយចំនួនដូចជា Manchester Liverpool Birmingham Cambridge Leeds និង Edinburgh គឺជាជម្រើសកំពូលសម្រាប់អ្នកទិញសម្រាប់វិនិយោគ ដោយសារតែអចលនទ្រព្យនៅទីនោះមានតម្លៃទាបជាងនៅកណ្តាលទីក្រុងឡុងដ៍”៕