សុខុម
ភ្នំពេញ: របាយការណ៍ផ្លូវការដែលបានចេញផ្សាយនៅថ្ងៃច័ន្ទ ទី១០ ខែមេសា នេះបង្ហាញថា ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា បានឈានដល់១១,២៥ពាន់លានដុល្លារអាមេរិក អំឡុងត្រីមាសទី១ ដើមឆ្នាំ២០២៣។
ទោះជាយ៉ាងណា ចំនួននេះបានបង្ហាញពីការធ្លាក់ចុះ១៤,៥%បើធៀបនឹង១៣,១៦ពាន់លានដុល្លារអាមេរិក ដែលកម្ពុជា សម្រេចបានក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការនាំចេញសរុបរបស់កម្ពុជា មានទំហំ៥,៣៩ពាន់លានដុល្លារអាមេរិក អំឡុងរយៈពេលពីខែមករា ដល់ខែមីនា ដើមឆ្នាំនេះ ហើយការនាំចូលសរុបមានទំហំ៥,៨៦ពាន់លានដុល្លារអាមេរិក ដោយធ្លាក់ចុះ២១,៣%។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។
របាយការណ៍ដដែលបង្ហាញថា កម្ពុជា បាននាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរក្នុងទំហំ២,៤២ពាន់លានដុល្លារអាមេរិក ក្នុងត្រីមាសទី១ ដើមឆ្នាំនេះ ដោយធ្លាក់ចុះ២២%បើធៀបនឹង៣,១២ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ឧស្សាហកម្មកាត់ដេរ ស្បែកជើង និងទំនិញធ្វើដំណើរ គឺជាប្រភពចំណូលក្រៅប្រទេសដ៏ធំបំផុតសម្រាប់ប្រទេសកម្ពុជា។ វិស័យនេះមានរោងចក្រ និងសាខារោងចក្រប្រមាណ១.១០០ដែលមានបុគ្គលិកប្រមាណ៧៥០.០០០នាក់ដែលភាគច្រើនជាស្ត្រី។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍កាលពីខែមុនថា ស្ថានភាពសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្នមិនសូវល្អនោះទេ ទាំងនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ហើយទោះបីជាបញ្ហាមិនទាន់ធ្ងន់ធ្ងរយ៉ាងណាក៏ដោយចុះ ក៏វាបានប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកដែរតាមរយៈអតិផរណា។
សម្ដេចមានប្រសាសន៍បន្ថែមទៀតថា ប្រជាជនក្នុងប្រទេសទាំងនោះទទួលបានប្រាក់ចំណូលតិចជាងមុន ដូច្នេះការបញ្ជាទិញពីប្រទេសទាំងនោះក៏ធ្លាក់ចុះដែរ ហើយវាក៏ជាកត្តាមួយដែលធ្វើឱ្យប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជា ផងដែរ៕Xinhua៕