ដោយៈ ជេស៊ីកា
ភ្នំពេញៈ គំរោងជីកព្រែកពីទន្លេបាសាក់ ទៅកាន់ខេត្តកែបនឹងត្រូវដាក់ជូនសម្តេចតេជោអនុម័ត និងដាក់ឆ្លងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនាពេលខាងមុខនេះ។
លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន គណៈកម្មការអន្តរក្រសួងស្តីពីវឌ្ឍនភាពនៃការសិក្សាសមិទ្ធិលទ្ធភាព គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណកម្មការអន្តរក្រសួង ដោយមានការអញ្ជើញចូលរួម ពីសមាជិកគណកម្មការអន្តរក្រសួង និងមានការចូលរួមពីក្រុមហ៊ុនCRBC ក្រុមហ៊ុនCCCC Water Transport Consutlant ដែលជាក្រុមហ៊ុនអនុវត្តការសិក្សា និងមន្ត្រីជំនាញបច្ចេកទេសរបស់អន្តរក្រសួងជាច្រើនរូប។
កិច្ចប្រជុំដ៏មានសារៈនេះ បានប្រារពធ្វើកាលពីថ្ងៃទី១៨ មេសាកន្លងមកនេះ។
លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលបានថ្លែងថា យោងតាមលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាព អស់រយៈពេល២ឆ្នាំ យ៉ាងល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយនេះ បានបង្ហាញឱ្យឃើញថា គម្រោងផ្លូវនាវាចរណ៍នេះ នឹងមិនបណ្តាលឱ្យមានផលប៉ះពាល់ ជាអវិជ្ជមាននោះឡើយ ទាំងផ្នែកបច្ចេកទេស បរិស្ថាន អេកូឡូស៊ី និងច្បាប់មេគង្គឆ្នាំ ១៩៩៥។
លោកបន្តថា “អ្វីដែលជាទីកត់សម្គាល់ គម្រោងនេះត្រូវបានអ្នកជំនាញព្យាករណ៍ថា នឹងផ្តល់ផលចំណេញ សម្រាប់ធំធេងសម្រាប់ការអភិវឌ្ឍ និងរីកចម្រើនសេដ្ឋកិច្ចជាតិ ជាពិសេសចំពោះ អត្រាចំណេញត្រឡប់មកវិញផ្នែកសេដ្ឋកិច្ច (Economic Internal Rate of Return – EIRR) ក្នុងកម្រិតមួយខ្ពស់ជាងលើសពី អត្រាមធ្យមកំណត់ដោយស្ថាប័នជាតិ និងអន្តរជាតិ”។
អង្គប្រជុំក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងផុលផុសលើគ្រប់ទិដ្ឋភាពនៃការសិក្សារួមមាន បច្ចេកទេស បរិស្ថាន អេកូឡូស៊ី និងច្បាប់មេគង្គឆ្នាំ១៩៩៥ តាមរយៈការលើកជាសំណួរ និងសំណូមពរ សំដៅធ្វើឱ្យគម្រោងនេះ មានភាពកាន់តែល្អប្រសើរថែមមួយកម្រិតទៀត ជាពិសេស អង្គប្រជុំបានស្នើឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន អាចចាប់ផ្តើមអនុវត្តជាក់ស្តែងឱ្យបានលឿន។
ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រី ប្រធានអង្គប្រជុំ ក៏បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រុមកាងារ ដែលបានយកចិត្តទុកដាក់ ក្នុងការសិក្សាគម្រោងជាប្រវត្តិសាស្រ្តមួយនេះ ឱ្យបានចេញជារូបរាង និងគ្របដណ្តប់គ្រប់ទិដ្ឋភាពសំខាន់ៗ ទាំងអស់ និងបានណែនាំឱ្យក្រុមការងាររៀបចំធ្វើ បច្ចុប្បន្នភាពរបាយការណ៍សិក្សានេះស្របតាមសំណូមពរ និងតាមស្មារតីនៃអង្គប្រជុំ និងត្រូវរៀបចំរបាយការណ៍ អំពីលទ្ធផលនៃកិច្ចប្រជុំនេះ ដើម្បីជម្រាបជូនសម្តេចតេជោ និងរៀបចំរបាយការណ៍នៃការសិក្សានេះ ជូនទៅអង្គប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងអនុម័តផងដែរ៕