ដោយៈ វឌ្ឍនៈ
ព្រះសីហនុៈ ចាប់តាំងពីផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុបានដាក់ដំណើរការជាផ្លូវការមក ខេត្តព្រះសីហនុហាក់មានការចាប់អារម្មណ៍ខ្លាំងពីសំណាក់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស និងមានគម្រោងវិនិយោគថ្មីៗ ជាបន្តបន្ទាប់ផ្ដើមលេចរូបរាងឡើងទាំងដែនដីគោកនិងតាមបណ្តាដែនកោះនានា។
ម្រោងអភិវឌ្ឍន៍អចលនទ្រព្យថ្មីៗ បានចាប់ផ្ដើមទោះបីជាស្ថានភាពសេដ្ឋកិច្ចសកល មិនទាន់បានប្រសើរយ៉ាងណាក្ដី។
-->
នៅដើមឆ្នាំ២០២៣នេះ មានក្រុមហ៊ុនអន្តរជាតិ និងក្នុងស្រុកជាច្រើន បានចាប់ផ្ដើមដំណើរការ ក្នុងនោះមានគម្រោងអភិវឌ្ឍន៍អាជីវកម្មសហគមន៍រាម ដែលមានទឹកប្រាក់វិនិយោគរាប់លានដុល្លារអាមេរិក គម្រោងវិនិយោគដែនកោះ ដែលទើបត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តកាលពីពេលថ្មីៗនេះ មានតម្លៃជិត៨លានដុល្លារអាមេរិក ដោយរំពឹងថាកោះនេះ នឹងចាប់ផ្ដើមដំណើរការអភិវឌ្ឍនាពេលខាងមុខ ។
គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិថ្មី នៅកោះរ៉ុងសន្លឹមរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក៏ត្រូវបានចុះហត្ថលេខាជាមួយរដ្ឋលេខាធិការអាកាសចរស៊ីវិលរួចរាល់ហើយ ដោយនឹងចាប់ផ្ដើមអភិវឌ្ឍន៍ក្នុងពេលឆាប់ៗនេះដែរ ដែលនឹងធ្វើឱ្យខេត្តព្រះសីហនុ កាន់តែមានការអភិវឌ្ឍសំបូរបែប ។
ក្រៅពីគម្រោងទាំងនេះ ក៏មានគម្រោងជាច្រើនទៀត ជាពិសេសគម្រោងរោងចក្រឧស្សាហកម្ម នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនានាក្នុងខេត្តព្រះសីហនុ ។
មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលខេត្តព្រះសីហនុ លោកឯម ភាពបានមានប្រសាសន៍ថា កត្តាអំណោយផលទីតាំងភូមិសាស្ត្រ ជំរុញឱ្យខេត្តព្រះសីហនុ ក្លាយតំបន់ទាក់ទាញ សម្រាប់ការវិនិយោគទាំងក្នុងនិងក្រៅប្រទេស ក្នុងនោះដែរ ខេត្តព្រះសីហនុមានកំពង់ផែទឹកជ្រៅ មានព្រលានយន្តហោះ មានផ្លូវល្បឿនលឿន មានផ្លូវខ្វាត់ខ្វែង និងជាតំបន់គោលដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលផងដែរ ។
លោកបន្តថា នៅដើមឆ្នាំ២០២៣នេះ មានវិនិយោគិនជាច្រើនចូលមកកាន់ខេត្តព្រះសីហនុ ក្នុងការសិក្សាស្វែងយល់ពីសក្ដានុពល និងត្រៀមបណ្ដាក់ទុនវិនិយោគ បន្តបន្ទាប់ ទាំងខ្មែរនិងបរទេស ហើយរំពឹងគម្រោងវិនិយោគថ្មីៗជាច្រើនទៀត នឹងលេចវត្តមាននៅក្នុងខេត្តតំបន់សមុទ្រមួយនេះផងដែរ ។
លោកសន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍លើកឡើងថា ចាប់តាំងពីចិនបានបើកប្រទេសបើក ឱ្យទេសចររបស់ខ្លួនចេញធ្វើដំណើរឃើញថាព្រលានយន្តហោះនានារបស់កម្ពុជា ទទួលបានជើងហោះហើរពីប្រទេសចិនកាន់តែច្រើន ហើយនៅពេលចិនចូលមកកម្ពុជាកាន់តែច្រើនក៏រំពឹងថា វិនិយោគិនចិននឹងចូលមកសិក្សា ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជាឡើងវិញផងដែរ៕
