ខេត្តព្រះសីហនុត្រៀមរៀបចំវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ជាមួយវត្តមានប្រតិភូមកចូលរួមជិត២០ប្រទេស

0

        ដោយៈ និស្ស័យ

        ព្រះសីហនុៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ កិច្ចប្រជុំការងារទេសចរណ៍លើកទី៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣។

កិច្ចប្រជុំនពមានការចូលរូមផងដែរ ពីលោកគួច ចំរើន អភិបាលនៃ គណៈអភិបាលខេត្តព្រះសីហនុ។វេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ក្រោមប្រធានបទ “ការគិតឡើងវិញសម្រាប់ភាពធន់ និងឌីជីថលនីយកម្ម (Rethink Resilience and Digitalization)នៅសណ្ឋាគារឯករាជ្យ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ លោកឯកអគ្គរដ្ឋទូត លោក លោកស្រី តំណាងអង្គទូតពាក់ព័ន្ធ និងភ្ញៀវកិតិ្តយស។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា វេទិកាទេសចរណ៍មេគង្គក្រោមប្រធានបទ “គិតគូរឡើងវិញពីភាពធន់ និងឌីជីថល នីយកម្ម (Rethink Resilience and Digitalization)” ពិតជាមានសារៈសំខាន់ ផ្តល់ឱកាសឱ្យវាគ្មិនជាតិ-អន្តរជាតិ ដែលមានចំណេះដឹង និងបទពិសោធន៍ល្អៗ ចូលរួមពិភាក្សាលើប្រធានបទមួយចំនួនដូចជា៖ ១.ទេសចរណ៍វ័យឆ្លាត និងគោលដៅទេសចរណ៍វ័យឆ្លាតតាមរយៈបច្ចេកវិទ្យា ២.ការផ្តល់ភាពអង់អាចដល់ស្រ្តី ក្នុងវិស័យទេសចរណ៍ ៣.ការពង្រឹងមូលធនមនុស្ស ដើម្បីភាពធន់ក្នុងវិស័យទេស ចរណ៍ជាផ្នែកមួយសំខាន់ ក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍទេសចរណ៍ ឆ្លើយតបទៅនឹងតម្រូវការ និងនវានុវត្តន៍ជាក់ស្តែងក្នុងវិស័យទេសចរណ៍ នាពេលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត។

លោករដ្ឋមន្ត្រី ថោង ខុន បានស្វាគមន៍វត្តមានរបស់គណៈប្រតិភូ និងភ្ញៀវកិត្តិយស មកពីប្រទេសចំនួន១៩ មកកាន់វេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងបានអះអាងថា នេះជាលើកទី៣ ហើយដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃវេទិកាទេសច​រណ៍មេគង្គនេះ។

វេទិកានេះគឺជាវេទិកាកិច្ចសហប្រតិបត្តិការ ដ៏ទូលំទូលាយមួយរបស់ GMS រវាងរដ្ឋាភិបាល អ្នករៀបចំគោលនយោបាយ វិទ្យាស្ថាន អ្នកជំនាញ អាជ្ញាធរពាក់ព័ន្ធ អ្នកពាក់ព័ន្ធវិស័យឯកជន និងសាធារណៈក្នុងឧស្សាហកម្មទេសចរណ៍ ដើម្បីពិភាក្សា និងចែករំលែកការអនុវត្តល្អៗ បទពិសោធន៍ ស្ថានភាពបច្ចុប្បន្ននៃការអភិវឌ្ឍន៍ទេស​ចរណ៍ ការសិក្សាទីផ្សារ និងការផ្សព្វផ្សាយទេសចរណ៍ក្នុងតំបន់ GMS ។

លោកបណ្ឌិត ថោង ខុន បានបន្ថែមទៀតថា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានដាក់ចេញ ឆ្នាំទស្សនាកម្ពុជា ២០២៣ ក្រោមប្រធានបទ”គ្រប់ថ្ងៃ គឺជាអច្ឆរិយៈភាព”។ លើសពីនេះកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេមលើកទី៣២ ចាប់ពីថ្ងៃទី៥-១៧ ឧសភា និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពីថ្ងៃទី ៣-៩ ខែមិថុនា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររយៈពេល ៦៤ឆ្នាំ ក្រោមប្រធានបទ “កីឡារស់ក្នុងសន្តិភាព”។

ក្នុងនោះដែរលោកក៏បានអញ្ជើញ លោក លោកស្រី ចូលរួមទស្សនាការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ខណៈពេលនេះយើងនៅសល់ពេល៩ថ្ងៃទៀតពីពិធីបើក។

លោកបណ្ឌិត ថោង ខុន ក៏បានស្នើឱ្យប្រទេសសមាជិក GMS ទាំងអស់បន្តអនុវត្តយ៉ាងសកម្ម នូវផែនការ និងសកម្មភាពអាទិភាពដែលមានស្រាប់ដូចជា៖ យុទ្ធសាស្ត្រទេសចរណ៍មេគង្គ ២០១៦-២០២៥ បង្កើនការចូលរួមសកម្មភាព ភាពជាដៃគូសាធារណៈ និងឯកជន។

ជំរុញការទំនាក់ទំនង និងការផ្សព្វផ្សាយទេសចរណ៍រួមគ្នា “ប្រ​ទេ​សចំនួនប្រាំមួយ ទិសដៅតែមួយ (Six countries, One distination)» តាមរយៈការអនុវត្តផែនការ ទំនាក់ទំនងការស្តារទេសចរណ៍ GMS (GMS Tourism Recovery Communication Plan) និងសកម្មភាពផ្សព្វផ្សាយរួមគ្នា ដើម្បីគាំទ្រដល់ការស្តារទេស​ចរណ៍ប្រកបដោយសុវត្ថិភាព និងនិរន្តរភាពក្នុងតំបន់មហាអនុតំបន់មេគង្គ។ ជម្រុញការអនុវត្ត GMS Tourism Recovery Toolkits ដើម្បីជួយដល់អ្នកពាក់ព័ន្ធ ក្នុងវិស័យទេសចរណ៍នៅក្នុងតំបន់ GMS ដើម្បីកសាងឡើងវិញ នូវវិស័យទេសចរណ៍របស់ពួកគេ ឱ្យកាន់តែមានប្រសិទ្ធភាព បន្តសហការជាមួយដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិ វិស័យឯកជន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីជំរុញការងើបឡើងវិញប្រកបដោយភាពធន់។

តាមរយៈការពិភាក្សា នៅក្នុងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣នេះ នឹងទទួលបានការយល់ដឹងបន្ថែម ជាមូលដ្ឋានគ្រឹះសម្រា​ប់ការអភិវឌ្ឍក្របខ័ណ្ឌច្បាប់ចាំបាច់ ដើម្បីលើកកម្ពស់ និងជម្រុញការអភិវឌ្ឍទេសចរណ៍សម្រាប់តំបន់ GMS ទាំងមូលផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here