ដោយ: គង់ លាងហួរ
អន្តរជាតិ: ការស្ទុះងើបឡើងវិញ នៃវិស័យទេសចរណ៍របស់ប្រ ទេសថៃ បានធ្វើឱ្យមានការជះឥទ្ធិពលវិជ្ជមាន ទៅលើតម្រូវការលំនៅឋាន និងការជួសជុលអចលនទ្រព្យ នៅតាមគោលដៅទេសចរ ណ៍សំខាន់ៗ ទូទាំងប្រទេស ក្នុងត្រីមាសទីមួយ ឆ្នាំ ២០២៣ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
លោក Weerapun Ungsumalee នាយកគ្រប់គ្រងក្រុមហ៊ុន Home Product Center Plc ដែលរកស៊ីទៅលើការតុបតែងគេហ ដ្ឋាន និងហាងបាននិយាយថា កំណើនប្រាក់ចំណូលរបស់ក្រុមហ៊ុន នៅក្នុងត្រីមាសទី១ ឆ្នាំនេះ ត្រូវបានជំរុញដោយការងើបឡើងវិញ នៃឧស្សាហកម្មទេសចរណ៍ ។
-->
មិនតែប៉ុណ្ណោះ លោក Weerapun បានបន្តទៀតថា ការងើបឡើងវិញនៃវិស័យទេសចរណ៍ បាននាំឱ្យមានការកើនឡើងនៃការចំណាយ ទៅលើការជួសជុលអចលនទ្រព្យ និងការកែលម្អតំបន់ទេសចរណ៍សំខាន់ៗ ។
ទន្ទឹមនឹងនេះ លោក Pringprai Nitayanont អគ្គនាយករងនៃក្រុមហ៊ុន Karat Enterprise (Thailand) បាននិយាយថា តម្រូវការសម្រាប់ផលិតផលរបស់ក្រុមហ៊ុនលោក មានការកើនឡើងយ៉ាងខ្លាំង ជាពិសេសនៅខេត្តភូកេត និងប៉ាតាយ៉ា ក្នុងអំឡុងត្រីមាសទីមួយឆ្នាំនេះ ដោយកត់សម្គាល់ឃើញថា អតិថិជនរបស់ខ្លួននៅខេត្តទាំងពីរនេះ បានផ្តោតសំខាន់ទៅលើគម្រោង ដែលមានតម្លៃខ្ពស់ ជាពិសេសសណ្ឋាគារ និងរមណីយដ្ឋាន ដែលបម្រើភ្ញៀវទេសចរបរទេស ។
យ៉ាងណាមិញ លោក Tritecha Tangmatitham ដែលនាយកគ្រប់គ្រងក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន Supalai Plc បានមានប្រសា សន៍ថា តម្រូវការលំនៅឋានក្នុងខេត្តផ្សេងៗ បានបន្តកើនឡើង ភាគច្រើន ដោយសារតែការត្រឡប់មកវិញនៃភ្ញៀវទេសចរបរទេស។
ការលក់របស់ក្រុមហ៊ុន Supalai ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ នេះ បានឈានដល់៩ពាន់លានបាត ពោលគឺបានកើនឡើង ២២% ធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២២ និងកើនឡើង ២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕