ការងើបឡើងវិញនៃវិស័យទេសចរណ៍ជំរុញឱ្យការចំណាយលើអចលនទ្រព្យថៃហក់ឡើងខ្ពស់

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ការស្ទុះងើបឡើងវិញ នៃវិស័យទេសចរណ៍របស់ប្រ ទេសថៃ បានធ្វើឱ្យមានការជះឥទ្ធិពលវិជ្ជមាន ទៅលើតម្រូវការលំនៅឋាន និងការជួសជុលអចលនទ្រព្យ នៅតាមគោលដៅទេសចរ ណ៍សំខាន់ៗ ទូទាំងប្រទេស ក្នុងត្រីមាសទីមួយ ឆ្នាំ ២០២៣ នេះ​។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

លោក Weerapun Ungsumalee នាយកគ្រប់គ្រងក្រុមហ៊ុន Home Product Center Plc ដែលរកស៊ីទៅលើការតុបតែងគេហ ដ្ឋាន និងហាងបាននិយាយថា កំណើនប្រាក់ចំណូលរបស់ក្រុមហ៊ុន នៅក្នុងត្រីមាសទី១ ឆ្នាំនេះ ត្រូវបានជំរុញដោយការងើបឡើងវិញ នៃឧស្សាហកម្មទេសចរណ៍ ។

មិនតែប៉ុណ្ណោះ លោក Weerapun បានបន្តទៀតថា ការងើបឡើងវិញនៃវិស័យទេសចរណ៍ បាននាំឱ្យមានការកើនឡើងនៃការចំណាយ ទៅលើការជួសជុលអចលនទ្រព្យ និងការកែលម្អតំបន់ទេសចរណ៍សំខាន់ៗ ។

ទន្ទឹមនឹងនេះ លោក Pringprai Nitayanont អគ្គនាយករងនៃក្រុមហ៊ុន Karat Enterprise (Thailand) បាននិយាយថា តម្រូវការសម្រាប់ផលិតផលរបស់ក្រុមហ៊ុនលោក មានការកើនឡើងយ៉ាងខ្លាំង ជាពិសេសនៅខេត្តភូកេត និងប៉ាតាយ៉ា ក្នុងអំឡុងត្រីមាសទីមួយឆ្នាំនេះ ដោយកត់សម្គាល់ឃើញថា អតិថិជនរបស់ខ្លួននៅខេត្តទាំងពីរនេះ បានផ្តោតសំខាន់ទៅលើគម្រោង ដែលមានតម្លៃខ្ពស់ ជាពិសេសសណ្ឋាគារ និងរមណីយដ្ឋាន ដែលបម្រើភ្ញៀវទេសចរបរទេស ។

យ៉ាងណាមិញ លោក Tritecha Tangmatitham ដែលនាយកគ្រប់គ្រងក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន Supalai Plc បានមានប្រសា សន៍ថា តម្រូវការលំនៅឋានក្នុងខេត្តផ្សេងៗ បានបន្តកើនឡើង ភាគច្រើន ដោយសារតែការត្រឡប់មកវិញនៃភ្ញៀវទេសចរបរទេស។

ការលក់របស់ក្រុមហ៊ុន Supalai ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ នេះ បានឈានដល់៩ពាន់លានបាត ពោលគឺបានកើនឡើង ២២% ធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២២ និងកើនឡើង ២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here