តើទំនាក់ទំនងរវាងកម្ពុជា កូរ៉េបានឈានដល់ដំណាក់កាលណាហើយ និងទទួលបានផ្លែផ្កាដូចម្តេច?

0

ដោយៈ សហការី

ភ្នំពេញៈ ប្រទេសកម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ បាន​បង្កើត​ទំនាក់ទំនង​ការទូត​ផ្លូវ​ការឡើង​វិញ​នៅ​ថ្ងៃទី​ ៣០ ខែតុលា ឆ្នាំ​ ១៩៩៧ ពោលគឺ​មាន​រយៈ​​ពេល​ជាង២៦ ​ឆ្នាំ​ហើយ​។

ក្នុង​រយៈពេល​ជាង​២៦​ឆ្នាំ​មកនេះ ប្រទេស​ទាំង​២​បាន​បោះជំហា​ន​ជា​វិជ្ជមាន ក្នុងការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហ​ប្រតិ​បត្តិការ​លើ​គ្រប់​វិស័យ និង​បានផ្ដល់​ផល​ផ្លែ​ជាច្រើន សម្រាប់​ប្រជាជន​និង​ប្រជាជាតិ​ទាំង​២​។ទំនាក់ទំនង​ដ៏​ល្អ​នេះ ស្ដែងចេញ​ឱ្យឃើញ​តាមរយៈ​ការផ្លាស់ប្ដូរ​ទស្សនកិច្ច​ជា​ញឹកញាប់​ របស់​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ទាំង​២ កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម ការវិនិយោគ និង​ទេសចរណ៍​ក៏ដូចជា​ការផ្លាស់​ប្ដូរ​រវាង​ប្រជាជន និង​ប្រជាជន​ផងដែរ​។

ក្នុង​ក្របខ័ណ្ឌ​នយោបាយ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ ២​ បាន​បន្ត​ការប្រាស្រ័យ​ទាក់ទង​គ្នា​ជា​ញឹកញាប់​។ ជាក់ស្ដែង​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បាន​បំពេញ​ទស្សនកិច្ច​នៅ​សា​ធារ​ណ​រដ្ឋ​កូរ៉េ ចំនួន៨លើក ​ខណៈដែល លោកឧបនាយករដ្ឋមន្ត្រី​ប្រាក់ សុខុន បាន​បំពេញ​ទស្សនកិច្ច​នៅ​កូរ៉េ​ចំនួន​២លើក​។

ដោយឡែក​ថ្នាក់ដឹកនាំ​កូរ៉េ រួមមាន អតីត​ប្រធានាធិបតី រ៉ូ មូ​យុន (Roh Moohyun) អតីត​ប្រធានាធិបតី លី ម្យុ​ង​បាក់ ​(Lee Myungbak) អតីត​ប្រ​ធានា​ធិបតី មូ​ន ជេ​អ៊ី​ន ​(Moon Jaein) ហើយ​កាលពី​ចុងឆ្នាំ ​២០២២ កន្លងមកនេះលោក​ប្រ​ធា​​នា​ធិបតី យូ​ន ស៊ុ​ក​យ៉​ល ​(Yoon Sukyeol) ក៏បាន​បំពេញ​ទស្សន​កិច្ច ​និង​ចូលរួម​កិច្ចប្រជុំ​នៅ​កម្ពុជា​ផងដែរ​។

ប្រទេស​ទាំង​២​ក៏មាន​យន្ដការ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ផងដែរ ក្នុងនោះ​មាន​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​សា​.​កូរ៉េ ដែល​ធ្វើ​ឡើងជា​រៀងរាល់​២ឆ្នាំ​ម្ដង និង​កិច្ចប្រជុំ​គណៈកម្មាធិការ​សេដ្ឋកិច្ច​ចម្រុះ ដែល​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​។​

ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​សេដ្ឋ​កិច្ច​កូរ៉េ គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​របស់​កម្ពុជា​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ទំហំ​ពាណិជ្ជកម្ម​ទ្វេរភាគី ​មានការ​កើន​ឡើងជា​លំដាប់ ទោះ​ស្ថិតក្នុង​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​១៩ក៏ដោយ​។យោងតាម​ទិន្នន័យ​ពី​ក្រសួង​ពា​​ណិ​ជ្ជ​កម្ម​បង្ហាញថា ទំហំ​ពាណិជ្ជ​​កម្ម​កម្ពុជា​-​កូរ៉េ បាន​កើន​ពី៧២៩,១៣ លាន​ដុល្លារ ក្នុង​ឆ្នាំ​២០២០ ដល់៧៧៨,៩២លាន​ដុល្លារ ក្នុង​ឆ្នាំ​ ២០២២​។

ដោយ​ឡែកអ្នកវិនិយោគកូរ៉េឈរ​នៅ​លំដាប់​ទី​២ ដែលមាន​ទុនវិនិយោគ​ច្រើនជាងគេ ​នៅក្នុង​ប្រទេស​កម្ពុជា ពោល​គឺមាន​ប្រមាណ ៥,០៦ប៊ី​លាន​ដុល្លារ គិត​ចាប់ពី​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​ ២០២២​ ដែល​គ្របដណ្ដប់​លើ​គម្រោង​ចំនួន២២២ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។ លើសពីនេះ​កិច្ច​​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​កូរ៉េ (CKFTA) និង​កិច្ច​ព្រម​ព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ​(RCEP) ដែល​បាន​ចូល​ជា​ធរមាន​ថ្មីៗ​នេះ​នឹង​ជួយ​ជំរុញ​បន្ថែមទៀត ​នូវ​ទំនាក់​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិ​និ​យោគ​រវាង​ប្រទេស​ទាំង​២​។​

សាធារណរដ្ឋ​កូរ៉េ ​ក៏​ជា​ប្រទេស​ដែល​ផ្ដល់​ឥណទាន និង​ជំនួយឥតសំណង​ដ៏​សំខាន់​មួយ ​សម្រាប់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ដ និង​សេដ្ឋកិច្ច​សង្គម នៅ​កម្ពុជា​។ ផ្លូវជាតិ​លេខ ៣ (​កំពត​-​ត្រពាំង​រ​ពៅ​)​ ផ្លូវជាតិ​លេខ​៣ (​ភ្នំពេញ​-​កំពត​) ផ្លូវជាតិ​លេខ ៣១ ផ្លូវជាតិ​លេខ​ ៣៣ និង​ផ្លូវជាតិ​លេខ​១១៧ ត្រូវបាន​សាងសង់​រួច​ ក្រោម​កម្ចី​ឥណទាន​របស់​កូរ៉េ​ស្រប​ពេល ដែល​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ២ លេខ ​២២​ និង​លេខ​៤៨​ ព្រម​ទាំង​ការកែលម្អ​ផ្លូវ​ជនបទ​ជំហាន​ទី​ ៣ និង​ការកែលម្អ​ស្ទឹង​សៀមរាប​ជំហាន​ទី​២ កំពុងដំណើរការ​។ ចំណែក​ឥណទាន​សម្រាប់​គម្រោង​ស្ពាន​មិត្តភាព​កម្ពុជា​-​សា​.​កូរ៉េ ដែលមាន​ទឹកប្រាក់​ប្រមាណ​២៤៦​លាន​ដុល្លារ ក៏​ត្រូវបាន​ចុះហត្ថលេខា​រួចហើយ កាលពី​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ​ ២០២២ កន្លងមកនេះ​។​

ដោយឡែក​កូរ៉េ គឺជា​គោលដៅ​ធំ​ទី​២ ដែល​បានទទួល​ពលករ​ចំណាកស្រុក​កម្ពុជា​ទៅធ្វើ​ការ​។ គិត​ចាប់ពី​ឆ្នាំ​២០០៧ ដល់​ខែតុលា ឆ្នាំ​ ២០២២ កម្ពុជា​បាន​បញ្ជូន​ពលករ​សរុប៧៥,៨៥២នាក់ ទៅធ្វើ​ការ​នៅ​កូរ៉េ ក្នុងនោះ៤៨ ០៥៩ នាក់​កំពុងធ្វើការ​នៅតាម​រោងចក្រ និង​កសិដ្ឋាន​នានា ដែល​ទទួលបាន​ប្រាក់ខែ​ជា​មធ្យម​ ប្រមាណ១ ៤៥០ ដុល្លារ​។​

យោងតាម​ប្រសាសន៍​របស់​ឯកឧត្តម បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះ​​បណ្ដាល​វិជ្ជាជីវៈ ដែល​បាន​ថ្លែង​ក្នុងឱកាស​មហាសង្ក្រាន្ត​នៅ​កូរ៉េ កាលពី​ថ្ងៃទី​​ ១៦ ខែមេសា ឆ្នាំ​ ២០២៣ ថា ជា​មធ្យមពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​កូរ៉េ អាច​ផ្ញើ​ប្រាក់​ទៅ​គ្រួសារ​ប្រមាណ១​ពាន់​ដុល្លារ​ក្នុង១ខែ ​និង​បានរួម​ចំណែក​រកប្រាក់​ចំណូល​ជូន​ជាតិប្រមាណ៦០០ លាន​ដុល្លារជា​រៀងរាល់ឆ្នាំ​។លោក​រដ្ឋមន្ត្រី បន្ថែមទៀតថា​កូរ៉េ ជា​ប្រទេស​តែ​១​គត់ ដែល​បន្ត​នាំយក​ពលករ​ខ្មែរ​ទៅ​ធ្វើការ ​ក្នុងអំឡុង​ផ្ទុះ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​។លទ្ធផល​ទាំងអស់នេះ​ កើតចេញពី​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​២ ជាពិសេស​ក្រោម​ការដឹក​នាំ​ដ៏​ឈ្លាសវៃ​ របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​សម្ដេច​តែង​​តែ​ព្យាយាម ​បង្កើត​ទំនាក់ទំនង​ឱ្យ​បានល្អ​ជាមួយ​ប្រទេស​ដទៃ ពោលគឺ​ពង្រឹង​ទំនាក់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចាស់ និង​ពង្រីក​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ថ្មី​។​

ក្រៅពីនេះ ទំនាក់ទំនង​រវាង​ប្រ​ជា​ជន និង​ប្រជាជន​រវាង​ប្រទេស​ទាំង​២មានការ​កើនឡើង​គួរឱ្យកត់សម្គាល់​។

គិត​ត្រឹម​ដើមឆ្នាំ ២០២៣ នេះ​ពលរដ្ឋ​កម្ពុ​ជាជាង៧ម៉ឺន​នាក់ កំពុង​រស់នៅ​កូរ៉េ រួមទាំង​ពលរដ្ឋ​ដែល​រៀបការ​ជាមួយ​ជនជាតិ​កូរ៉េ​។ ពលរដ្ឋ​ខ្មែរ​ទាំងនោះ បាន​បង្កើតជា​សហគម​ន៍​ខ្មែរ ​ប្រ​ចាំ​តំបន់​នានា ដើម្បី​រក្សា​ទំនាក់​ទំនង និង​ជួយ​គ្នា​ក្នុង​សហគមន៍​ផង និង​ដើម្បី​លើកកម្ពស់​វប្បធម៌​ប្រពៃណី​របស់​ខ្មែរ​ផង​។

ជា​រៀង​រាល់​ឆ្នាំ ពលរដ្ឋ​ខ្មែរ​នៅតាម​សហ​គម​ន៍ និង​នៅតាម​តំបន់​នានា​បានរៀបចំ​ពិធីបុណ្យ​សំខាន់ៗ​របស់​ខ្មែរ ​រួមមាន បុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យចូលឆ្នាំ ដើម្បី​ថែរក្សា​ទំនៀមទម្លាប់​ប្រពៃណី ​ដ៏​ល្អ​របស់​ខ្មែរ និង​ផ្សព្វ​ផ្សាយ​អំពី​ទំនៀមទម្លាប់ ​ប្រពៃណី​ដ៏​ល្អ​នោះ ដល់​ប្រជាជន​កូរ៉េ​។ ជាក់ស្ដែង​ក្នុង​ឆ្នាំ​ ២០២៣ នេះ​បន្ទាប់ពី​ស្ថានភាព​កូ​វីដ​ ១៩ បាន​ធូរស្បើយ និង​បន្ទាប់ពី​កូរ៉េ​ក​បើក​ប្រទេស​ឡើងវិញ ពលរដ្ឋ​ខ្មែរ​នៅតាម​តំបន់​នានា រួមមាន​តំបន់​ជេ​ជូ តំបន់​ប៊ូសាន តំបន់​គូ​មី តំបន់​ក្វាង​​ជូ​ធំ និង​តំបន់​អឺយ​ចុង​ប៊ូ​បានរៀបចំ​សង្ក្រាន្ដ​ឆ្នាំ​ ២០២៣ យ៉ាង​អធិក​អធម និង​មានការ​ចូលរួម​យ៉ាង​ច្រើន​កុះករ​។

ដោយឡែក​ស្ថានទូត​កម្ពុជា​ប្រចាំ​កូរ៉េ បាន​សហ​ការ​ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​និង​សមា​គម​ខ្មែរ​ប្រចាំ​កូរ៉េ រៀបចំ​មហា​សង្ក្រាន្ដ​នៅ​កូរ៉េ​ឆ្នាំ​ ២០២៣ នៅ​ទីក្រុង​អឺយ​ចុង​ប៊ូ ដោយមាន​ការ​ចូលរួម​ជា​អធិបតី​ពី លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​គណៈប្រតិភូ​ពី​កម្ពុជា មន្ត្រី​ស្ថានទូត អង្គទូត​នានា​និង​ប្រជាពលរដ្ឋ​ខ្មែរ ​ដែល​កំពុង​រស់​នៅ និង​ធ្វើការ​នៅ​កូរ៉េជាង​​៥ពាន់​នាក់​។ការអនុញ្ញាតឱ្យ​សហគមន៍​ខ្មែរ ​អាច​រៀបចំ​ព្រឹត្តិការណ៍​នានា នៅលើ​ទឹកដី​កូរ៉េ ក៏​កើតចេញពី​ទំនាក់ទំនង​ដ៏​ល្អ​ រវាង​ស្ថានទូត​កម្ពុជា​នៅ​កូរ៉េ ជាមួយនឹង​អាជ្ញាធរ​ពាក់ព័ន្ធ​កូរ៉េ ក៏ដូចជា​ទំនាក់ទំនង​ដ៏​ល្អ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​២​ផងដែរ​។​

ទាំងអស់នេះ​គ្រាន់តែ​ចំណុច​ខ្លះៗ ​នៃ​ផល​ផ្លែ​ដែល​កើតចេញពី​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​២​ ដោយ​មិន​រាប់បញ្ចូល​វិស័យ​សន្ដិ​សុខ ការពារជាតិ ការអប់រំ និង​កិច្ច​សហប្រតិបត្តិ​លើ​ឆាក​អន្តរ​ជាតិ​។ ក្រោម​ការដឹកនាំ​ដ៏​ប៉ិនប្រសប់ ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេ​ជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នោះ ច្បាស់​ណាស់ កម្ពុជា​នឹង​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ ​ដែលមាន​ស្រាប់​នេះ ​ឱ្យ​កាន់តែ​រឹង​មាំ​ថែមទៀត​ជាមួយ​កូរ៉េ ដើម្បី​ទាញយក​ផលប្រយោជន៍​សម្រាប់​ប្រជាជន​ទាំង​២៕

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!

LEAVE A REPLY

Please enter your comment!
Please enter your name here