ដោយៈ សហការី
ភ្នំពេញៈ ប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានបង្កើតទំនាក់ទំនងការទូតផ្លូវការឡើងវិញនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ១៩៩៧ ពោលគឺមានរយៈពេលជាង២៦ ឆ្នាំហើយ។
ក្នុងរយៈពេលជាង២៦ឆ្នាំមកនេះ ប្រទេសទាំង២បានបោះជំហានជាវិជ្ជមាន ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងបានផ្ដល់ផលផ្លែជាច្រើន សម្រាប់ប្រជាជននិងប្រជាជាតិទាំង២។ទំនាក់ទំនងដ៏ល្អនេះ ស្ដែងចេញឱ្យឃើញតាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចជាញឹកញាប់ របស់ថ្នាក់ដឹកនាំនៃប្រទេសទាំង២ កំណើននៃទំហំពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ក៏ដូចជាការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនផងដែរ។
-->
ក្នុងក្របខ័ណ្ឌនយោបាយ ថ្នាក់ដឹកនាំនៃប្រទេសទាំង ២ បានបន្តការប្រាស្រ័យទាក់ទងគ្នាជាញឹកញាប់។ ជាក់ស្ដែងសម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែនបានបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ ចំនួន៨លើក ខណៈដែល លោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន បានបំពេញទស្សនកិច្ចនៅកូរ៉េចំនួន២លើក។
ដោយឡែកថ្នាក់ដឹកនាំកូរ៉េ រួមមាន អតីតប្រធានាធិបតី រ៉ូ មូយុន (Roh Moohyun) អតីតប្រធានាធិបតី លី ម្យុងបាក់ (Lee Myungbak) អតីតប្រធានាធិបតី មូន ជេអ៊ីន (Moon Jaein) ហើយកាលពីចុងឆ្នាំ ២០២២ កន្លងមកនេះលោកប្រធានាធិបតី យូន ស៊ុកយ៉ល (Yoon Sukyeol) ក៏បានបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំនៅកម្ពុជាផងដែរ។
ប្រទេសទាំង២ក៏មានយន្ដការ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ ក្នុងនោះមានកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជាសា.កូរ៉េ ដែលធ្វើឡើងជារៀងរាល់២ឆ្នាំម្ដង និងកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចចម្រុះ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ។
ពាក់ព័ន្ធនឹងទំនាក់ទំនងសេដ្ឋកិច្ចកូរ៉េ គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំហំពាណិជ្ជកម្មទ្វេរភាគី មានការកើនឡើងជាលំដាប់ ទោះស្ថិតក្នុងស្ថានភាពនៃជំងឺកូវីដ១៩ក៏ដោយ។យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មបង្ហាញថា ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េ បានកើនពី៧២៩,១៣ លានដុល្លារ ក្នុងឆ្នាំ២០២០ ដល់៧៧៨,៩២លានដុល្លារ ក្នុងឆ្នាំ ២០២២។
ដោយឡែកអ្នកវិនិយោគកូរ៉េឈរនៅលំដាប់ទី២ ដែលមានទុនវិនិយោគច្រើនជាងគេ នៅក្នុងប្រទេសកម្ពុជា ពោលគឺមានប្រមាណ ៥,០៦ប៊ីលានដុល្លារ គិតចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ ២០២២ ដែលគ្របដណ្ដប់លើគម្រោងចំនួន២២២ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ លើសពីនេះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាកូរ៉េ (CKFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលបានចូលជាធរមានថ្មីៗនេះនឹងជួយជំរុញបន្ថែមទៀត នូវទំនាក់ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំង២។
សាធារណរដ្ឋកូរ៉េ ក៏ជាប្រទេសដែលផ្ដល់ឥណទាន និងជំនួយឥតសំណងដ៏សំខាន់មួយ សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ និងសេដ្ឋកិច្ចសង្គម នៅកម្ពុជា។ ផ្លូវជាតិលេខ ៣ (កំពត-ត្រពាំងរពៅ) ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) ផ្លូវជាតិលេខ ៣១ ផ្លូវជាតិលេខ ៣៣ និងផ្លូវជាតិលេខ១១៧ ត្រូវបានសាងសង់រួច ក្រោមកម្ចីឥណទានរបស់កូរ៉េស្របពេល ដែលគម្រោងសាងសង់ផ្លូវជាតិលេខ២ លេខ ២២ និងលេខ៤៨ ព្រមទាំងការកែលម្អផ្លូវជនបទជំហានទី ៣ និងការកែលម្អស្ទឹងសៀមរាបជំហានទី២ កំពុងដំណើរការ។ ចំណែកឥណទានសម្រាប់គម្រោងស្ពានមិត្តភាពកម្ពុជា-សា.កូរ៉េ ដែលមានទឹកប្រាក់ប្រមាណ២៤៦លានដុល្លារ ក៏ត្រូវបានចុះហត្ថលេខារួចហើយ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២២ កន្លងមកនេះ។
ដោយឡែកកូរ៉េ គឺជាគោលដៅធំទី២ ដែលបានទទួលពលករចំណាកស្រុកកម្ពុជាទៅធ្វើការ។ គិតចាប់ពីឆ្នាំ២០០៧ ដល់ខែតុលា ឆ្នាំ ២០២២ កម្ពុជាបានបញ្ជូនពលករសរុប៧៥,៨៥២នាក់ ទៅធ្វើការនៅកូរ៉េ ក្នុងនោះ៤៨ ០៥៩ នាក់កំពុងធ្វើការនៅតាមរោងចក្រ និងកសិដ្ឋាននានា ដែលទទួលបានប្រាក់ខែជាមធ្យម ប្រមាណ១ ៤៥០ ដុល្លារ។
យោងតាមប្រសាសន៍របស់ឯកឧត្តម បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានថ្លែងក្នុងឱកាសមហាសង្ក្រាន្តនៅកូរ៉េ កាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៣ ថា ជាមធ្យមពលករខ្មែរដែលធ្វើការនៅកូរ៉េ អាចផ្ញើប្រាក់ទៅគ្រួសារប្រមាណ១ពាន់ដុល្លារក្នុង១ខែ និងបានរួមចំណែករកប្រាក់ចំណូលជូនជាតិប្រមាណ៦០០ លានដុល្លារជារៀងរាល់ឆ្នាំ។លោករដ្ឋមន្ត្រី បន្ថែមទៀតថាកូរ៉េ ជាប្រទេសតែ១គត់ ដែលបន្តនាំយកពលករខ្មែរទៅធ្វើការ ក្នុងអំឡុងផ្ទុះវិបត្តិជំងឺកូវីដ១៩។
លទ្ធផលទាំងអស់នេះ កើតចេញពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំង២ ជាពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលសម្ដេចតែងតែព្យាយាម បង្កើតទំនាក់ទំនងឱ្យបានល្អជាមួយប្រទេសដទៃ ពោលគឺពង្រឹងទំនាក់ទំនាក់ទំនងជាមួយប្រទេសចាស់ និងពង្រីកទំនាក់ទំនងជាមួយប្រទេសថ្មី។
ក្រៅពីនេះ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរវាងប្រទេសទាំង២មានការកើនឡើងគួរឱ្យកត់សម្គាល់។
គិតត្រឹមដើមឆ្នាំ ២០២៣ នេះពលរដ្ឋកម្ពុជាជាង៧ម៉ឺននាក់ កំពុងរស់នៅកូរ៉េ រួមទាំងពលរដ្ឋដែលរៀបការជាមួយជនជាតិកូរ៉េ។ ពលរដ្ឋខ្មែរទាំងនោះ បានបង្កើតជាសហគមន៍ខ្មែរ ប្រចាំតំបន់នានា ដើម្បីរក្សាទំនាក់ទំនង និងជួយគ្នាក្នុងសហគមន៍ផង និងដើម្បីលើកកម្ពស់វប្បធម៌ប្រពៃណីរបស់ខ្មែរផង។
ជារៀងរាល់ឆ្នាំ ពលរដ្ឋខ្មែរនៅតាមសហគមន៍ និងនៅតាមតំបន់នានាបានរៀបចំពិធីបុណ្យសំខាន់ៗរបស់ខ្មែរ រួមមាន បុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំ ដើម្បីថែរក្សាទំនៀមទម្លាប់ប្រពៃណី ដ៏ល្អរបស់ខ្មែរ និងផ្សព្វផ្សាយអំពីទំនៀមទម្លាប់ ប្រពៃណីដ៏ល្អនោះ ដល់ប្រជាជនកូរ៉េ។ ជាក់ស្ដែងក្នុងឆ្នាំ ២០២៣ នេះបន្ទាប់ពីស្ថានភាពកូវីដ ១៩ បានធូរស្បើយ និងបន្ទាប់ពីកូរ៉េកបើកប្រទេសឡើងវិញ ពលរដ្ឋខ្មែរនៅតាមតំបន់នានា រួមមានតំបន់ជេជូ តំបន់ប៊ូសាន តំបន់គូមី តំបន់ក្វាងជូធំ និងតំបន់អឺយចុងប៊ូបានរៀបចំសង្ក្រាន្ដឆ្នាំ ២០២៣ យ៉ាងអធិកអធម និងមានការចូលរួមយ៉ាងច្រើនកុះករ។
ដោយឡែកស្ថានទូតកម្ពុជាប្រចាំកូរ៉េ បានសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសមាគមខ្មែរប្រចាំកូរ៉េ រៀបចំមហាសង្ក្រាន្ដនៅកូរ៉េឆ្នាំ ២០២៣ នៅទីក្រុងអឺយចុងប៊ូ ដោយមានការចូលរួមជាអធិបតីពី លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងគណៈប្រតិភូពីកម្ពុជា មន្ត្រីស្ថានទូត អង្គទូតនានានិងប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅកូរ៉េជាង៥ពាន់នាក់។ការអនុញ្ញាតឱ្យសហគមន៍ខ្មែរ អាចរៀបចំព្រឹត្តិការណ៍នានា នៅលើទឹកដីកូរ៉េ ក៏កើតចេញពីទំនាក់ទំនងដ៏ល្អ រវាងស្ថានទូតកម្ពុជានៅកូរ៉េ ជាមួយនឹងអាជ្ញាធរពាក់ព័ន្ធកូរ៉េ ក៏ដូចជាទំនាក់ទំនងដ៏ល្អរវាងរដ្ឋាភិបាលនៃប្រទេសទាំង២ផងដែរ។
ទាំងអស់នេះគ្រាន់តែចំណុចខ្លះៗ នៃផលផ្លែដែលកើតចេញពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំង២ ដោយមិនរាប់បញ្ចូលវិស័យសន្ដិសុខ ការពារជាតិ ការអប់រំ និងកិច្ចសហប្រតិបត្តិលើឆាកអន្តរជាតិ។ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីនោះ ច្បាស់ណាស់ កម្ពុជានឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលមានស្រាប់នេះ ឱ្យកាន់តែរឹងមាំថែមទៀតជាមួយកូរ៉េ ដើម្បីទាញយកផលប្រយោជន៍សម្រាប់ប្រជាជនទាំង២៕
សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!