ដោយ: គង់ លាងហួរ
ភ្នំពេញ: ក្រុមហ៊ុន Royal Railway Cambodia PLC ដែលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group បានអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន៣ ប្រើប្រាស់ដីតាមបណ្តោយផ្លូវរថភ្លើង ដើម្បីអភិវឌ្ឍគម្រោងថាមពលកកើតឡើងវិញ និងសកម្មភាពសេដ្ឋកិច្ចផ្សេងៗទៀត។
ក្រុមហ៊ុន Royal Group បានចុះអនុស្សរណៈយោគយល់គ្នា (MoU) កាលពីថ្ងៃទី២៨ ខែមេសាកន្លងទៅ ជាមួយនឹងក្រុមហ៊ុន Samaiden Energy (Cambodia)Co., Ltd ក្រុមហ៊ុន Management Venture Asia (Cambodia) Ltd. និងក្រុមហ៊ុន Panna Energy Sdn. Bhd។
នៅក្រោមអនុស្សរណៈនៃយោគយល់គ្នានេះ ក្រុមហ៊ុនទាំង៣ នឹងសិក្សាជាបឋម អំពីលទ្ធភាពនៃការអភិវឌ្ឍដី ដែលមិនទាន់ប្រើប្រាស់តាមបណ្ដោយផ្លូវរថភ្លើង ពីក្រុងប៉ោយប៉ែត ទៅកាន់ខេត្តព្រះសីហនុ សម្រាប់ការដំឡើងសូឡាខ្នាតតូច ឧបករណ៍ប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ជួល និងសកម្មភាពសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាពផ្សេងៗទៀត។
ក្រុមហ៊ុន Royal Group លើកឡើងថា គម្រោងនេះមានសក្តានុពលខ្លាំង លើវិស័យថាមពលកកើតឡើងវិញ និងកសិកម្ម ដែលវាជាឱកាសដ៏ល្អ ក្នុងការប្រើប្រាស់ដីនោះ សម្រាប់គម្រោងអភិវឌ្ឍន៍ដូចជាថាមពលកកើតឡើងវិញ និងកសិកម្ម។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន Samaiden Energy លើកឡើងដែរថា តាមរយៈការចុះ MoU នេះ ក្រុមហ៊ុន ជឿជាក់ថា វានឹងអាចជួយត្រួសត្រាយផ្លូវ សម្រាប់កិច្ចសហការដ៏មានសក្តានុពល នាពេលអនាគត ដែលចុងក្រោយ នឹងជំរុញការអភិវឌ្ឍន៍ថាមពលបៃតងនៅកម្ពុជា។






