ក្រុមហ៊ុនRoyal Railway យល់ព្រមឱ្យក្រុមហ៊ុនចំនួន៣អភិវឌ្ឍថាមពលកកើតឡើងវិញលើដីតាមបណ្តោយផ្លូវរថភ្លើង

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: ក្រុមហ៊ុន Royal Railway Cambodia PLC ដែលបុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ Royal Group បានអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន៣ ប្រើប្រាស់ដីតាមបណ្តោយផ្លូវរថភ្លើង ដើម្បីអភិវឌ្ឍគម្រោងថាមព​ល​កកើតឡើងវិញ និងសកម្មភាពសេដ្ឋកិច្ចផ្សេងៗទៀត​។​

ក្រុមហ៊ុន Royal Group បាន​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា ​(MoU) ​កាលពីថ្ងៃទី២៨ ខែមេសាកន្លងទៅ ជាមួយនឹងក្រុមហ៊ុន Samaiden Energy (Cambodia)Co., Ltd ក្រុមហ៊ុន ​Management Venture Asia (Cambodia) Ltd. និង​ក្រុមហ៊ុន Panna Energy Sdn. Bhd។នៅក្រោមអនុស្សរណៈនៃយោគយល់គ្នានេះ ក្រុមហ៊ុនទាំង៣ នឹងសិក្សា​ជាបឋម ​អំពី​លទ្ធភាព​នៃ​ការអភិវឌ្ឍ​ដី ​ដែល​មិនទាន់​ប្រើប្រាស់​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ ពី​ក្រុង​ប៉ោយប៉ែ​ត ទៅកាន់​ខេត្ត​ព្រះសីហនុ សម្រាប់​ការដំឡើង​សូ​ឡា​ខ្នាតតូច ឧបករណ៍​ប្រើ​​ប្រាស់ ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ជួល និង​សកម្មភាព​សេដ្ឋកិច្ច​ ប្រកប​​ដោយ​និរន្តរភាព​ផ្សេងៗ​ទៀត​។​ក្រុមហ៊ុន Royal Group លើកឡើងថា គម្រោង​នេះ​មាន​សក្តានុពល​ខ្លាំង ​លើ​វិស័យ​ថាមពល​កកើត​ឡើងវិញ និង​កសិកម្ម ដែល​វា​ជា​ឱកាស​ដ៏​ល្អ​ ក្នុងការ​ប្រើប្រាស់​ដី​នោះ ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ដូចជា​ថាមពល​កកើត​ឡើងវិញ និង​កសិកម្ម​។​
ទន្ទឹមនឹងនេះ ​​ក្រុមហ៊ុន Samaiden Energy លើកឡើងដែរថា តាមរយៈ​ការ​ចុះ MoU នេះ ក្រុមហ៊ុន ​ជឿជាក់​ថា​ វា​នឹងអាច​ជួយត្រួសត្រាយ​ផ្លូវ​ សម្រាប់​កិច្ចសហការ​ដ៏​មាន​សក្តានុពល ​នាពេល​អនាគត ដែល​ចុងក្រោយ ​នឹង​ជំរុញ​ការអភិវឌ្ឍន៍​ថាមពល​បៃតង​នៅ​កម្ពុជា។

បច្ចុប្បន្ននេះ កម្ពុជាមានរថភ្លើងចំនួន២ខ្សែ ដោយ​ខ្សែ​រថភ្លើង​ភាគ​ខាងជើង ​មាន​ប្រវែង៣៨៦គីឡូម៉ែត្រ ​ចេញពី​ភ្នំពេញ​ទៅ​ក្រុង​​ប៉ោយប៉ែត​ ដែលត្រូវបាន​សាងសង់ឡើង ​ចន្លោះ​ពី​ឆ្នាំ​១៩២៩ដល់​ឆ្នាំ​១៩៤២ ចំណែក​ផ្លូវ​រថភ្លើង​ភាគខាងត្បូង​ នឹងសាងសង់​ពី​ឆ្នាំ​១៩៦០-១៩៦៩​ និងមាន​ប្រវែង​២៦៤​គីឡូម៉ែត្រ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here