ដោយៈ ហ្វីអូណា
ភ្នំពេញៈ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជាគ្រោងនឹងផ្តល់ជំនួន១៦៧លានដុល្លារ ដើម្បីកែលំអរផ្លូវជនបទប្រវែង៥០០គីឡូម៉ែត្រនៅកម្ពុជា។ព៌តមាននេះ ត្រូវបានលើកឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Sanui Kazumasa ប្រធានថ្មីរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំនៅប្រទេសកម្ពុជា បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។
លោកបានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន តាមរយៈ JICA នឹងផ្ដល់គម្រោងមួយដល់កម្ពុជា ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ជាប្រតិបត្តិករ ជាលើកដំបូង គឺ “គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ” គ្រោងនឹងចំណាយទឹកប្រាក់ ប្រមាណ១៦៧លានដុល្លារ ដែលគ្របដណ្តប់លើខេត្តគោលទាំង៤គឺ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។គម្រោងនេះ នឹងផ្តោតទៅលើការកែលម្អផ្លូវជនបទ ពីផ្លូវល្បាយក្រួសក្រហម ឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) និងផ្លូវបេតុង ប្រវែង៥២៩គីឡូម៉ែត្រ ក្នុងខេត្តគោលដៅខាងលើ។លោក Sanui Kazumasa បានថ្លែងអំណរគុណចំពោះបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ដែលបានអនុញ្ញាតឲ្យរូបលោក និងសហការី បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនាពេលនេះ។
លោកបានបញ្ជាក់ថា បច្ចុប្បន្ន JICA កំពុងពិនិត្យលើឯកសារសំណើ សុំជ្រើសរើសទីប្រឹក្សាបច្ចេកទេស របស់គម្រោងនេះ ដើម្បីងាយស្រួលដល់កិច្ចសហប្រតិបត្តិការ វាងក្រសួងអភិវឌ្ឍន៍ជនបទ និងJICA កាន់តែប្រសើឡើង។