ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាសម្រេចបានទឹកប្រាក់ ជាង១៥ពាន់លានដុល្លារក្នុងរយៈពេល៤ខែ

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: យោងតាមទិន្នន័យពាណិជ្ជកម្ម ដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) បានឱ្យដឹងថា ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា សម្រេចបានទឹកប្រាក់ចំនួន១៥,១៦ពាន់លានដុល្លារ សម្រាប់ខែមករា ដល់ខែមេសាឆ្នាំនេះ ធ្លាក់ចុះ១៤,១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការនាំចេញសរុប មានតម្លៃ៧,២៣លានដុល្លារ ដែលបង្ហាញពីការធ្លាក់ចុះ៤,៩% ខណៈការនាំចូលមានចំនួន៧,៩២ពាន់លានដុល្លា​រធ្លាក់ចុះ២១,១%។ រយៈពេល៤ខែដំបូង នៃឆ្នាំ២០២៣នេះ កម្ពុជាមានឱនភាព ពាណិជ្ជកម្មចំនួន៦៩២,៧៩លានដុល្លារ។ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្ម ដ៏ធំបំផុតរបស់កម្ពុជា ជាមួយទំហំពាណិជ្ជកម្មចំនួន៣,៨៩ពាន់លានដុល្លារ បន្ទាប់មកគឺសហរដ្ឋអាមេរិក។ ចំណែកវៀតណាម​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​៣ ​របស់​ប្រទេស​កម្ពុជា។

ទំហំពាណិជ្ជកម្ម​កម្ពុជាជាមួយ​ប្រទេស​ចិន​ បាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ០,៩ភាគរយ ខណៈ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​ បាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ១៦,២ភាគរយ។

សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញ ដ៏ធំបំផុតរបស់កម្ពុជា ទោះបីជាការនាំចេញ ទៅកាន់ប្រទេសនេះ បានធ្លាក់ចុះ១៦,២%យ៉ាងណាក្តី ខណៈវៀតណាមជាទីផ្សារ នាំចេញរបស់កម្ពុជាធំបំផុតទី២ បន្ទាប់មកគឺប្រទេសចិន និងថៃ។ ចំណែក ដៃគូពាណិជ្ជកម្មសំខាន់ៗផ្សេងទៀតរបស់កម្ពុជារួមមានដូចជា ជប៉ុន សិង្ហបុរី ឥណ្ឌូនេស៊ី និងអាល្លឺម៉ង់។

ក្រុមអ្នកជំនាញបានវាយតម្លៃថា ការធ្លាក់ចុះនៃពាណិជ្ជកម្មនៅឆ្នាំនេះ បណ្តាលមកពីការថយចុះ នៃការបញ្ជាទិញពីទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុប ជាពិសេសសម្រាប់សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ ដែលជាមុខទំនិញនាំចេញដ៏សំខាន់របស់កម្ពុជា។លើសពីនេះ ការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ ​ក៏បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​នាំ​ចូល​វត្ថុ​ធាតុ​ដើម និង​ទំនិញ​ប្រើ​ប្រាស់​សម្រេច​ផង​ដែរ​។

ទន្ទឹមនឹងការបញ្ជាក់នេះ លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន (CCCA) បានមានប្រសាសន៍ថា ជំហររបស់ចិន ក្នុងនាមជាដៃគូពាណិជ្ជកម្មឈានមុខគេ របស់កម្ពុជាបានឆ្លុះបញ្ចាំងពីទំនាក់ទំនងដែកថែបរវាងប្រទេសទាំងពីរ។លោក ឡោ វិចិត្រ បាន​ថ្លែង​ថា​ “ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេចតេជោនាយក​រដ្ឋមន្ត្រីនៅ​ប្រទេស​ចិន​ បន្ទាប់​ពី​លោក​ប្រធានាធិ​បតីស៊ី ជីនពីង ត្រូវ​បានបោះឆ្នោតឱ្យកាន់​តំណែង ​ជា​ប្រធានាធិបតី​មួយ​អាណត្តិ​ទៀត ​ដោយ​បក្ស​កុម្មុយនិស្ត​ចិន​ បាន​ជួយពង្រឹង​នូវទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ”។

បន្ថែមពីលើនោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ក៏បាននាំទៅដល់ការពង្រឹង ពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។

ផលិតផលនាំចេញសំខាន់ៗរបស់កម្ពុជា រួមមានដូចជា សម្លៀកបំពាក់ គ្រឿងចក្រ និងឧបករណ៍អគ្គិសនី ផលិតផលស្បែកជើង ទំនិញស្បែក គ្រាប់ធញ្ញជាតិ គ្រឿងសង្ហារឹម កៅស៊ូ ផ្លែឈើ បន្លែ គុជ ប្រដាប់ក្មេងលេង និងវាយនភណ្ឌ៕

LEAVE A REPLY

Please enter your comment!
Please enter your name here