ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមទិន្នន័យពាណិជ្ជកម្ម ដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) បានឱ្យដឹងថា ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា សម្រេចបានទឹកប្រាក់ចំនួន១៥,១៦ពាន់លានដុល្លារ សម្រាប់ខែមករា ដល់ខែមេសាឆ្នាំនេះ ធ្លាក់ចុះ១៤,១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការនាំចេញសរុប មានតម្លៃ៧,២៣លានដុល្លារ ដែលបង្ហាញពីការធ្លាក់ចុះ៤,៩% ខណៈការនាំចូលមានចំនួន៧,៩២ពាន់លានដុល្លារធ្លាក់ចុះ២១,១%។ រយៈពេល៤ខែដំបូង នៃឆ្នាំ២០២៣នេះ កម្ពុជាមានឱនភាព ពាណិជ្ជកម្មចំនួន៦៩២,៧៩លានដុល្លារ។
ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្ម ដ៏ធំបំផុតរបស់កម្ពុជា ជាមួយទំហំពាណិជ្ជកម្មចំនួន៣,៨៩ពាន់លានដុល្លារ បន្ទាប់មកគឺសហរដ្ឋអាមេរិក។ ចំណែកវៀតណាមគឺជាដៃគូពាណិជ្ជកម្មធំទី៣ របស់ប្រទេសកម្ពុជា។
-->
ទំហំពាណិជ្ជកម្មកម្ពុជាជាមួយប្រទេសចិន បានបង្ហាញពីការធ្លាក់ចុះ០,៩ភាគរយ ខណៈពាណិជ្ជកម្មជាមួយអាមេរិក បានបង្ហាញពីការធ្លាក់ចុះ១៦,២ភាគរយ។
សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញ ដ៏ធំបំផុតរបស់កម្ពុជា ទោះបីជាការនាំចេញ ទៅកាន់ប្រទេសនេះ បានធ្លាក់ចុះ១៦,២%យ៉ាងណាក្តី ខណៈវៀតណាមជាទីផ្សារ នាំចេញរបស់កម្ពុជាធំបំផុតទី២ បន្ទាប់មកគឺប្រទេសចិន និងថៃ។ ចំណែក ដៃគូពាណិជ្ជកម្មសំខាន់ៗផ្សេងទៀតរបស់កម្ពុជារួមមានដូចជា ជប៉ុន សិង្ហបុរី ឥណ្ឌូនេស៊ី និងអាល្លឺម៉ង់។
ក្រុមអ្នកជំនាញបានវាយតម្លៃថា ការធ្លាក់ចុះនៃពាណិជ្ជកម្មនៅឆ្នាំនេះ បណ្តាលមកពីការថយចុះ នៃការបញ្ជាទិញពីទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុប ជាពិសេសសម្រាប់សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ ដែលជាមុខទំនិញនាំចេញដ៏សំខាន់របស់កម្ពុជា។លើសពីនេះ ការធ្លាក់ចុះនៃការនាំចេញ ក៏បានឆ្លុះបញ្ចាំងពីការនាំចូលវត្ថុធាតុដើម និងទំនិញប្រើប្រាស់សម្រេចផងដែរ។
ទន្ទឹមនឹងការបញ្ជាក់នេះ លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន (CCCA) បានមានប្រសាសន៍ថា ជំហររបស់ចិន ក្នុងនាមជាដៃគូពាណិជ្ជកម្មឈានមុខគេ របស់កម្ពុជាបានឆ្លុះបញ្ចាំងពីទំនាក់ទំនងដែកថែបរវាងប្រទេសទាំងពីរ។
លោក ឡោ វិចិត្រ បានថ្លែងថា “ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៅប្រទេសចិន បន្ទាប់ពីលោកប្រធានាធិបតីស៊ី ជីនពីង ត្រូវបានបោះឆ្នោតឱ្យកាន់តំណែង ជាប្រធានាធិបតីមួយអាណត្តិទៀត ដោយបក្សកុម្មុយនិស្តចិន បានជួយពង្រឹងនូវទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ”។
បន្ថែមពីលើនោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ក៏បាននាំទៅដល់ការពង្រឹង ពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។
ផលិតផលនាំចេញសំខាន់ៗរបស់កម្ពុជា រួមមានដូចជា សម្លៀកបំពាក់ គ្រឿងចក្រ និងឧបករណ៍អគ្គិសនី ផលិតផលស្បែកជើង ទំនិញស្បែក គ្រាប់ធញ្ញជាតិ គ្រឿងសង្ហារឹម កៅស៊ូ ផ្លែឈើ បន្លែ គុជ ប្រដាប់ក្មេងលេង និងវាយនភណ្ឌ៕