ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមអ្នកវិនិយោគជប៉ុន១ក្រុម នឹងមកធ្វើទស្សនកិច្ចសិក្សាលើឧស្សាហកម្មស្វាយចន្ទី នៅកម្ពុជានាចុងខែឧសភានេះ ដើម្បីស្វែងរកឱកាសវិនិយោគ និងពង្រីកការវិនិយោគទៅលើការកែច្នៃដើម្បីនាំចេញទៅកាន់ទីផ្សាររបស់ខ្លួន និងពិភពលោក។ ប្រមុខរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាគ្រោងប្រែក្លាយកម្ពុជា ជាអធិរាជនាំចេញស្វាយចន្ទីរ។
លោកអួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា (សសក) បានមានប្រសាសន៍ឲ្យដឹងថា ឧស្សាហកម្មកែច្នៃ និងនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាត្រូវរំពឹងថា នឹងមានដំណើរការកាន់តែល្អ ខណៈតាមគម្រោងនៅចុងខែឧសភានេះ នឹងមានវិនិយោគិនជប៉ុននៅក្នុងឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទីជាច្រើន ធ្វើដំណើរមកកម្ពុជាដើម្បីពិភាក្សាជាមួយអាជ្ញាធរ និងផ្នែកឯកជនកម្ពុជាលើលទ្ធភាព នៃការវិនិយោគលើរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងផលិតផលគ្រាប់ស្វាយចន្ទីផ្សេងទៀត។
-->
រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៣ បានអនុម័តលើសេចក្តីព្រាង “គោលយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ ២០២២-២០២៧”។
គោលនយោបាយជាតិស្តីពីស្វាយចន្ទី គឺមានចក្ខុវិស័យអភិវឌ្ឍន៍ផលិតកម្ម កែច្នៃ និងទីផ្សារស្វាយចន្ទីឱ្យមានលក្ខណៈ ប្រកួតប្រជែងប្រកបដោយបរិយាប័ន្ន ធានានូវនិរន្តរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងមានគោលបំណងប្រែក្លាយកម្ពុជា ទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលសា្វយចន្ទីដ៏សំខាន់មួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។

លោកស៊ីឡុតបានបន្តឲ្យដឹងទៀតថា ផលិតកម្មគ្រាប់ស្វាយចន្ទីកម្ពុជាត្រូវរំពឹងថា នឹងមានដំណើរវិវឌ្ឍន៍ទៅមុខ កាន់តែល្អនាពេលអនាគត ដោយនៅ២សប្តាហ៍ខាងមុខ នឹងមានថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុនធំៗមកកម្ពុជា ដើម្បីសិក្សាលម្អិតពីការបណ្តាក់ទុន លើរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី រោងចក្រកែច្នៃសម្បកគ្រាប់ស្វាយចន្ទីធ្វើជាប្រេង និងធ្វើធ្យូងសម្រាប់ដុត ជាដើម។
លោកបានថ្លែងថា “បើតាមខ្ញុំដឹង គឺនៅថ្ងៃទី២៥ ខែឧសភាខាងមុខនេះ នឹងមានថ្នាក់ដឹកនាំក្រុមហ៊ុនមកពីជប៉ុនជាច្រើន នៅក្នុងផលិតកម្មកែច្នៃ គ្រាប់ស្វាយចន្ទីធ្វើដំណើរមកកម្ពុជា ដើម្បីពិនិត្យមើលដោយផ្ទាល់ ពីសក្តានុពលនៃស្ថានភាពចម្ការ គុណភាពគ្រាប់ស្វាយចន្ទី និងលទ្ធភាពនៃការវិនិយោគ”។
កម្ពុជាមានផ្ទៃដីចម្ការស្វាយចន្ទី ប្រមាណ៧០ម៉ឺនហិកតា ក្នុងនោះប្រហែល៧ម៉ឺនហិកតា ប្រឈមនឹងការបាត់បង់ដោយសារប្រជាកសិករឈូសចោលទៅដាំដំឡូងមី ឬដំណាំផ្សេងៗជំនួសវិញ។ ជាធម្មតាដើមស្វាយចន្ទី អាចផ្តល់ផលបន្ទាប់ពីដាំបានចន្លោះពី៥ ទៅ-៦ឆ្នាំ។ ក្នុងទំហំដី១ហិកតាជាមធ្យម ផ្តល់ផលចន្លោះពី ១,៥-១,៨ តោនក្នុង១ឆ្នាំ៕