ដោយ: គង់ លាងហួរ
ភ្នំពេញ: រោងចក្រ ឬសហគ្រាសប្រមាណ១៧៥ ដែលជួយផ្តល់ការងារជាង៣ម៉ឺនកន្លែង កំពុងបើកដំណើរការ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ (SSEZ) ដែលភាគច្រើនមានម្ចាស់ជាវិនិយោគិនមកពីប្រទេសចិន និងតំបន់អាស៊ីអាគ្នេយ៍។
រោងចក្រ ឬសហគ្រាសទាំងនោះ មានប្រភពមកពីប្រទេសចិន តំបន់អាស៊ីអាគ្នេយ៍ អឺរ៉ុប និងអាមេរិកសរុបចំនួន១៧៥ បានបោះទុនវិនិយោគ ដើម្បីធ្វើអាជីវកម្មនៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែចង្វាក់ផ្គត់ផ្គង់នៅកម្ពុជា លោកជា ចាន់ដារ៉ា បានមានប្រសាសន៍ថា ភាពអំណោយផលនៃទីតាំងភូមិសាស្ត្រ ដែលនៅជិតកំពង់ផែអន្តរជាតិ បានជួយឱ្យតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទាក់ទាញបានគម្រោងវិនិយោគជាបន្តបន្ទាប់ ឱ្យទៅបើករោងចក្រ ឬសហគ្រាស នៅទីនោះ ដែលមានដូចជា រោងចក្រដេរសម្លៀកបំពាក់ បរិក្ខារធ្វើដំណើរ គ្រឿងបង្គុំអគ្គិសនី-អេឡិចត្រូនិក គ្រឿងសង្ហារឹម ផលិតបរិក្ខារសូឡា និងសម្បកកង់រថយន្ត ជាដើម។
លោកបានថ្លែងថា “មូលហេតុដែលធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានក្រុមហ៊ុន ឬសហគ្រាស កំពុងដំណើរការច្រើន គឺដោយសារវាស្ថិត ក្នុងទីតាំងមានសក្តានុពលខ្ពស់ ដែលផ្តល់នូវភាពងាយស្រួលក្នុងការជ្រើសរើសកម្មករ ក៏ដូចជាការដឹកជញ្ជូនទំនិញចេញ-ចូល ព្រោះនៅជិតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុតែម្តង”។
លោកអះអាងទៀតថា “ទោះបីជាវិនិយោគិន ដែលបណ្តាក់ទុននៅក្នុងតំបន់ SSEZ ភាគច្រើនមានប្រភពមកពីប្រទេសចិន ប៉ុន្តែទំនិញដែលផលិតបានភាគច្រើន ត្រូវបានគេនាំចេញទៅទីផ្សារអាមេរិក អឺរ៉ុប និងមួយចំនួនទៀតក្នុងទ្វីបអាស៊ី”។
ទាក់ទិននឹងចំនួនក្រុមហ៊ុន ដែលមកបណ្តាក់ទុននៅកម្ពុជានាពេលខាងមុខ លោក ជា ចាន់ដារ៉ា មានជំនឿថា “ចំនួនក្រុមហ៊ុន ឬសហគ្រាស ដែលចូលមកបណ្តាក់ទុននៅកម្ពុជា ពិសេសក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងមានចំនួនកាន់តែច្រើន នៅពេលសេដ្ឋកិច្ចសកលដំណើរការល្អឡើងវិញ បន្ទាប់ពីវិបត្តិនានាដែលកំពុងកើតមាននៅពេលនេះបញ្ចប់ទៅវិញ”។
ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា លោក តែ តាំងប៉រ បានមានប្រសាសន៍ថា “ប្រសិនបើកម្ពុជាអាចធ្វើឱ្យតម្លៃអគ្គិសនីកាន់តែទាបថែមទៀតនោះ វានឹងក្លាយជាចំណែកដ៏សំខា ន់ក្នុងការទាក់ទាញអ្នកវិនិយោគឱ្យបញ្ចេញទុនកាន់តែច្រើនមកវិនិយោគនៅកម្ពុជា”។
លោកបន្ថែមថា “តម្លៃប្រេង និងតម្លៃអគ្គិសនី ជាកត្តាគួបផ្សំដ៏សំខាន់ ក្នុងការទាក់ទាញវិនិយោគិនក្រៅប្រទេស ព្រោះប្រេង និងអគ្គិសនី គឺជាធាតុផ្សំដ៏សំខាន់សម្រាប់ផ្នែកផលិតកម្ម ក្រៅពីការចំណាយលើវត្ថុធាតុដើម និងកម្លាំងពលកម្ម ហើយកាលណាតម្លៃប្រេង រួមទាំងតម្លៃអគ្គិសនីមានស្ថិរភាព និងតម្លៃទាប អ្នកវិនិយោគក្រៅស្រុកនឹងមើលឃើញឱកាសផ្សេងៗចេញពីកត្តាទាំងអស់នោះ”៕






