លំហូរវិនិយោគិនចូលក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនឹងកើនឡើងកាន់តែច្រើន

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: រោងចក្រ​ ឬសហគ្រាសប្រមាណ១៧៥ ដែលជួយផ្តល់​ការងារ​ជាង៣​ម៉ឺនកន្លែង ​កំពុងបើក​ដំណើរការ​ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ​ក្រុងព្រះសីហនុ​ (SSEZ) ដែល​ភាគច្រើន​មាន​ម្ចាស់​ជា​វិនិយោគិន​មក​ពី​ប្រទេស​ចិន និង​តំបន់​អាស៊ីអាគ្នេយ៍​។​

រោងចក្រ ឬសហគ្រាស​ទាំងនោះ មានប្រភពមកពី​ប្រទេស​ចិន តំបន់អាស៊ីអាគ្នេយ៍ អឺរ៉ុប និង​អាមេរិក​សរុប​ចំនួន១៧៥ បាន​បោះទុនវិនិយោគ​ ដើម្បីធ្វើ​អាជីវកម្ម​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ​ក្រុងព្រះសីហនុ។

ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែចង្វាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា លោក​ជា​ ចាន់​ដា​រ៉ា បាន​មានប្រសាសន៍ថា ភាពអំណោយ​ផល​នៃ​ទីតាំង​ភូមិសាស្ត្រ ដែល​នៅ​ជិត​កំពង់ផែ​អន្តរជាតិ បាន​ជួយ​ឱ្យ​​​តំបន់​សេដ្ឋកិច្ច​ពិសេសក្រុងព្រះសីហនុ​ ទាក់ទាញ​បាន​គម្រោង​វិនិយោគ​ជា​បន្តបន្ទាប់ ​ឱ្យទៅ​បើក​រោងចក្រ​ ឬសហគ្រាស នៅ​ទីនោះ ដែលមានដូចជា រោងចក្រ​ដេរ​សម្លៀកបំពាក់ បរិក្ខារ​ធ្វើដំណើរ គ្រឿង​បង្គុំ​អគ្គិសនី​-​អេឡិច​ត្រូនិក គ្រឿង​សង្ហា​រឹម ផលិត​បរិក្ខារ​សូ​ឡា និង​សម្បក​កង់​រថយន្ត ជាដើម​។

លោកបានថ្លែងថា​ “មូល​ហេតុដែល​ធ្វើឱ្យ​តំបន់​សេដ្ឋកិច្ច​ពិសេសក្រុងព្រះសីហនុ មាន​ក្រុមហ៊ុន​ ឬសហគ្រាស កំពុងដំណើរការ​ច្រើន គឺ​ដោយសារវា​ស្ថិត ក្នុង​ទីតាំង​មាន​សក្តានុពល​ខ្ពស់ ដែល​ផ្តល់នូវ​ភាពងាយស្រួល​ក្នុងការ​ជ្រើសរើស​កម្មក​រ ក៏ដូចជា​ការដឹកជញ្ជូន​ទំនិញ​ចេញ​-​ចូល ព្រោះ​នៅ​ជិត​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​តែម្តង​”។

លោក​​អះអាងទៀតថា “ទោះ​បីជាវិនិយោគិន​ ដែលបណ្តាក់ទុន​នៅក្នុងតំបន់ SSEZ ភាគច្រើន​មានប្រភពមកពី​ប្រទេស​ចិន ប៉ុន្តែ​ទំនិញ​ដែល​ផលិត​បានភាគច្រើន ​ត្រូវបាន​គេ​នាំ​ចេញទៅ​ទីផ្សារ​អាមេរិក អឺរ៉ុប និង​មួយចំនួន​ទៀតក្នុង​ទ្វីបអាស៊ី​”។

ទាក់ទិននឹង​ចំនួន​ក្រុមហ៊ុន ​ដែល​មក​បណ្តាក់ទុន​នៅ​កម្ពុជា​នាពេលខាងមុខ លោក ជា ចាន់​ដា​រ៉ា មានជំនឿថា​ “ចំនួន​ក្រុមហ៊ុន​ ឬសហគ្រាស​ ដែល​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា ពិសេស​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ នឹងមាន​ចំនួន​កាន់តែច្រើន​ នៅពេល​សេដ្ឋកិច្ច​សកល​ដំណើរ​ការល្អ​ឡើងវិញ បន្ទាប់ពី​វិបត្តិ​នានា​ដែល​កំពុង​កើតមាន​នៅពេលនេះ​បញ្ចប់​ទៅវិញ​”។​

ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា លោក តែ តាំង​ប៉រ បានមានប្រសាសន៍ថា “ប្រសិនបើកម្ពុជា​អាចធ្វើឱ្យ​តម្លៃ​អគ្គិសនី​កាន់តែ​ទាប​ថែមទៀត​នោះ វា​នឹង​ក្លាយជា​ចំណែក​ដ៏​សំខា ន់​ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យ​បញ្ចេញ​ទុន​កាន់តែច្រើន​មក​វិនិយោគ​នៅ​កម្ពុជា​”។

លោក​បន្ថែមថា​ “តម្លៃ​ប្រេង និង​តម្លៃ​អគ្គិសនី ជា​កត្តា​គួបផ្សំ​ដ៏​សំខាន់​ ក្នុងការ​ទាក់ទាញ​វិនិយោគិន​ក្រៅប្រទេស ព្រោះ​ប្រេង និង​អគ្គិសនី គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​សម្រាប់​ផ្នែក​ផលិតកម្ម ក្រៅពី​ការចំណាយ​លើ​វត្ថុធាតុដើម និង​កម្លាំង​ពលកម្ម​ ហើយកាលណា​តម្លៃ​ប្រេង រួមទាំង​តម្លៃ​អគ្គិសនី​មាន​ស្ថិរភាព និង​តម្លៃ​ទាប អ្នកវិនិយោគ​ក្រៅ​ស្រុក​នឹង​មើលឃើញ​ឱកាស​ផ្សេងៗ​ចេញពី​កត្តា​ទាំងអស់នោះ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here