ដោយៈ សុខុម
ញូវយ៉កៈ ក្រុមហ៊ុនអាហាររហ័សអាមេរិក Subway បានទម្លាយឱ្យដឹងកាលពីថ្ងៃអង្គារ ទី៦ ខែមិថុនា ថា ខ្លួនបានចុះកិច្ចព្រមព្រៀងបើកហាងសាំងវិចថ្មីៗ រហូតដល់ទៅជិត៤.០០០សាខា នៅទូទាំងប្រទេសចិន ក្នុងរយៈពេល២០ឆ្នាំខាងមុខ។
ការពង្រីកខ្លួននៅលើទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារប្រទេសចិន នេះគឺជាយុទ្ធសាស្ត្រជំរុញកំណើនដ៏សំខាន់មួយ សម្រាប់ក្រុមហ៊ុនខ្សែសង្វាក់ផ្គត់ផ្គង់អាហាររហ័ស (Fast Food) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
-->
ខណៈស្វះស្វែងពង្រីកខ្លួននៅក្រៅប្រទេស ក្រុមហ៊ុននេះបាននិងកំពុងបិទហាងរាប់ពាន់ទីតាំង នៅសហរដ្ឋអាមេរិក ចំពេលមានបញ្ហាជាច្រើន រួមទាំង ការពង្រីកខ្លួនហួសកម្រិត និងការបញ្ចុះតម្លៃដែលធ្វើឱ្យទិញ Franchise (សិទ្ធិធ្វើអាជីវកម្មបន្ត) បាត់បង់ប្រាក់ចំណេញផងដែរ។
ទោះបីជាបែបនេះក្ដី ក៏ការលក់Franchise របស់ក្រុមហ៊ុន Subway នៅទូទាំងពិភពលោក បានកើនឡើង១២,១%ក្នុងត្រីមាសទី១។
ក្រុមហ៊ុនផ្សេងទៀត ក៏កំពុងបង្កើនវត្តមានរបស់ខ្លួន នៅក្នុងប្រទេសចិនផងដែរ រួមទាំងប៊្រែនហាងកាហ្វេអាមេរិក ដ៏ល្បីល្បាញ Starbucks ដែលគ្រោងនឹងបើកហាងកាហ្វេថ្មីៗ ចំនួន៣.០០០ទីតាំងនៅក្នុងប្រទេសចិន នៅឆ្នាំ២០២៥ ផងដែរ។
កិច្ចព្រមព្រៀងរបស់ក្រុមហ៊ុន Subway ជាមួយក្រុមហ៊ុន Shanghai Fu-Rui-Shi Corporate Development (FRS) ដែលជាអ្នកទិញសិទ្ធិបន្ត និងចែកចាយ (Master Franchisee) គឺជាកិច្ចព្រមព្រៀងដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន Subway។
ក្រុមហ៊ុន Shanghai Fu-Rui-Shi Corporate Development (FRS) នឹងទទួលបានសិទ្ធិផ្តាច់មុខ ក្នុងការគ្រប់គ្រង និងអភិវឌ្ឍគ្រប់ទីតាំងហាង Subway ទូទាំងប្រទេសចិន៕ Reuters៕