ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហើបឲ្យដឹងថា គម្រោងសាងសង់ស្ពានមិត្ដភាពកម្ពុជា-កូរ៉ (ភ្នំពេញ-អរិយក្សត្រ) អាចនឹងបើកការដ្ឋានសាងសង់នៅពាក់កណ្ដាលឆ្នាំ២០២៤ខាងមុខ។
លោកបង្ហើបឲ្យដឹងព៌តមានបែបនេះ ក្នុងពេលអញ្ជើញអមដំណើរសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិតនាព្រឹកថ្ងៃទី៧ មិថុនានេះ។
-->
លោកស៊ុន ចាន់ថុលបានបន្តថា បច្ចុប្បន្នគម្រោងនេះកំពុងជ្រើសរើសក្រុមហ៊ុនដេញថ្លៃសម្រាប់ការសាងសង់ ហើយក្នុងនោះមានក្រុមហ៊ុនចំនួន១២បានចូលរួម។
លោកបន្តថា យើងកំពុងជ្រើសរើសក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេស ទាំងអស់មានក្រុមហ៊ុន១២ ដែលដាក់ដេញថ្លៃ ហើយខាងកូរ៉េសម្រិតសម្រាំងទៅនៅសល់៥”។ លោកបន្តថា “អីចឹងគេឲ្យយើងពិនិត្យលើ៥ហ្នឹង ហើយជ្រើសរើសក្រុមហ៊ុន១ ហើយផ្ញើទៅកូរ៉េវិញសុំការឯកភាពពីគេ។ ពេលមានការឯកភាពក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេសនេះ គាត់នឹងគូររូបលម្អិតអំពីស្ពាន រៀបចំឯកសារដាក់ដេញថ្លៃ ហើយអញ្ជើញក្រុមហ៊ុនកូរ៉េមកដេញថ្លៃ ទើបយើងអាចជ្រើសរើសក្រុមហ៊ុននោះយកមកកសាងស្ពានទាំងពីរបាន”។
លោកស៊ុន ចាន់ថុលបានបន្ដថា ក្រោយពីជ្រើសរើសក្រុមហ៊ុនសាងសង់រួចគាត់ត្រូវការពេល៦ខែ ដើម្បីគូស និងDesign លើស្ពានទាំងពីរនេះឲ្យបានហ្មត់ចត់ត្រឹមត្រូវ ទើបដាក់ដេញថ្លៃដោយត្រូវការពេល៦ខែទៀត។
លោកបញ្ជាក់ថា “ដូច្នេះខ្ញុំថាប្រហែលពាក់កណ្ដាល ឆ្នាំ២០២៤ យើងអាចបើកការដ្ឋាន សាងសង់ស្ពានមិត្ដភាពកម្ពុជា-កូរ៉េនៅភ្នំពេញនេះបាន”។
គម្រោងសាងសង់ស្ពានមិត្ដភាពកម្ពុជា-កូរ៉េនេះ គឺមានចំនួន ២ ខ្សែ ដោយខ្សែទី១តភ្ជាប់ពីខាងមុខផ្សាររាត្រី ឆ្លងកាត់ទន្លេសាបទៅកាន់តំបន់ជ្រោយចង្វារ និងខ្សែទី២ តភ្ជាប់ពីជ្រោយចង្វារឆ្លងកាត់ទន្លេមេគង្គទៅអរិយក្សត្រតែម្ដង។ គម្រោងសាងសង់ស្ពាននេះ គឺទទួលបានប្រាក់កម្ចីពីប្រទេសកូរ៉េចំនួន ២៤៥,៩០៩,០០០ ដុល្លារ និងបានចុះហត្ថលេខាទទួលកាលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២។

តាមការសិក្សា ស្ពានមិត្ដភាពកម្ពុជា-កូរ៉េនេះ នឹងសាងសង់ឡើងមានជើងសសរទម្រខ្ពស់ៗ ទៅខាងលើកោងរត់រកគ្នា ដើម្បីយឹតខ្សែកាប ហើយមានលក្ខណៈពិសេសមួយ ជើងសារទម្រមានលក្ខណៈមួយរង្វើល ដែលផ្តល់ភាពងាយស្រួលឱ្យនាវាឆ្លងកាត់ ចេញចូលក្រោមស្ពានផងដែរ៕