ស្ថាប័នអន្តរជាតិជម្រុញឲ្យកម្ពុជាពន្លឿនកំណែទម្រង់ពាណិជ្ជកម្មស្របពេលកម្ពុជាត្រៀមចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច

0

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ ធនាគារ​អភិវឌ្ឍន៍​​អាស៊ី ​(ADB) និង​សន្និសីទ​អង្គ​ការ​សហប្រជាជាតិ​ស្តីពី​ពា​ណិ​ជ្ជ​កម្ម និង​ការអភិវឌ្ឍ ​(UNCTAD)​ បានផ្តល់​អនុសាសន៍​ឱ្យ​កម្ពុជា ​អនុវត្ត​កំណែទម្រង់​ពា​ណិ​ជ្ជ​កម្ម​ ដោយ​ពង្រីក​កិច្ច​ព្រម​​ព្រៀង​ពាណិជ្ជកម្ម​សេរី​ ឆ្ពោះទៅ​ផែនការ​នៃ​ការចាកចេញ​ពី​ប្រ​ទេស​អភិវឌ្ឍន៍​តិចតួច ​(LDC)​ នៅ​ដើមឆ្នាំ​ ២០២៧។

ការផ្តល់អ​នុសាសន៍នេះ បានធ្វើឡើងបន្ទាប់ពី​ខ្លួន​បាន​បំពេញ​តាម​លក្ខណៈវិនិច្ឆ័យ​ នៃ​ការចាកចេញ​ពី​បញ្ជី​នេះ ​ជា​លើកដំបូង​នៅ​ឆ្នាំ​ ២០២១​។​

​យោងតាម​របាយការណ៍​រួម​របស់​ ADB និង UNCTAD កាលពី​ចុងខែ​ឧសភា កម្ពុជា​ជិត​នឹង​ឡើង​ចេញពី​ឋានៈ​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​។ កម្ពុជា​គួរតែ​ព​ន្លឿ​ន​កំណែទម្រង់​ពាណិជ្ជកម្ម ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម ​ដែល​នឹង​នាំមក​ជាមួយ​ឋានៈ​ថ្មី​របស់ខ្លួន​។ រយៈពេល​ ២ ទសវត្សរ៍​បន្ទាប់ពី​ការដាក់បញ្ចូល ​ក្នុង​បញ្ជី​ប្រទេស​អភិវឌ្ឍន៍​តិចតួច កម្ពុជា​បាន​បំពេញ​លក្ខណវិនិច្ឆ័យ​ ដើម្បី​ឡើង​ចេញពី​បញ្ជី​នេះ​ជា​លើកដំបូង​នៅ​ឆ្នាំ​ ២០២១ ជាមួយនឹង​ផែនការ​ឡើង​ចេញពី​បញ្ជី​នេះ​ក្នុងអំឡុង​ឆ្នាំ​ ២០២៧​។​ស្ថាប័ន​ទាំង២​នេះបាន​បន្តថា “​នេះ​គឺជា​សមិទ្ធផល​ដ៏​សំខាន់​មួយ​ដោយសារ​ការ​ឡើង​ចេញ ពី​ស្ថានភាព​ប្រទេស​អភិវឌ្ឍន៍​តិចតួច​មានន័យថា ប្រទេសមួយ​បានសម្រេច​គោលដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​យ៉ាង​ធំធេង​”។

ទោះយ៉ាងណា​ការចេញ​ពី​បញ្ជី ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ក៏​នឹង​នាំមក​នូវ​បញ្ហា​ប្រឈម​ផងដែរ​។​ស្ថាប័នដដែលបាន​បញ្ជាក់ទៀតថា សម្រាប់​ករណី​ប្រទេស​កម្ពុជា ការឡើង​ចេញពី​បញ្ជី​នេះ​ នឹង​អាច​នាំ​ដល់​ការបាត់បង់​អត្ថប្រយោ​ជន៍​ពាណិជ្ជកម្ម​ ដែល​ប្រទេស​អភិវឌ្ឍន៍​តិច​បំផុត​ទទួលបាន រួមទាំង​ការអនុគ្រោះ​ពន្ធ និង​”​ច្បាប់​កំណត់​ប្រ​​ភព​ដើម”​។​

ស្ថាប័ន​ទាំង២បានបញ្ជាក់ថា ​កម្ពុជា​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បំផុត ​ដែល​បាន​បង្កើន​ការនាំចេញ​របស់ខ្លួន​ទៅកាន់​សហភាព​អឺរ៉ុប​យ៉ាងខ្លាំង ​តាមរយៈ​ការអនុគ្រោះ​ពន្ធ និង​ការអនុគ្រោះ ​តាមរយៈ​ច្បាប់​កំណត់​ប្រភពដើម ​ដែល​អនុញ្ញាតឱ្យ​ផលិតផល​របស់ខ្លួន​ ចូលទៅ​កាន់​អឺរ៉ុប​ដោយ​មិន​បង់ពន្ធ​។ បើ​មិនបាន​គ្រប់​គ្រង​ដោយ​ប្រុងប្រយ័ត្ន​ទេ ការបាត់បង់​ការអនុគ្រោះ​នេះ ​អាច​ប៉ះពាល់​ដល់​ការ​​នាំចេញ​របស់​កម្ពុជា​​។​ADB& UNCTAD បាន​លើកឡើងថា​ កម្ពុជា​អាច​នឹង​ពិចារណា​លើ​ការ​ពង្រឹង​គោលនយោបាយ ​ពាណិជ្ជកម្ម​របស់ខ្លួន​ដោយ​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ​ដើម្បី​រក្សា ​និង​បង្កើន​លទ្ធ​ភាព​ទទួលបាន​ទីផ្សារ​របស់ខ្លួន​។​

ស្ថាប័ន​ទាំង ​២​ បានចង្អុលបង្ហាញ​ថា ច​ល​នា​មួយ​ក្នុងទិសដៅ​នេះ​គឺ​ការចូល​របស់​កម្ពុជា ​ក្នុង​កិច្ចព្រមព្រៀងទ្វេភាគី​ ដាច់ដោយឡែក​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​កូរ៉េ ក្នុង​ឆ្នាំ​ ២០២២ បន្ថែម​ពីលើ​ការចូលរួម​របស់ខ្លួន​ នៅក្នុង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP)​។​

ថ្លែង​ក្នុង​កម្មវិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​ជាង១,៦​ម៉ឺននាក់ នៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​កាលពី​ថ្ងៃទី​ ៤ ខែមិថុនា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបាន​មានប្រសាសន៍ថា កម្ពុជា​នឹង​បាត់បង់​ការអនុគ្រោះ ​ពាណិជ្ជកម្ម​ទាំងអស់​នៅពេល​ប្រទេស​ឡើង​ ចេញពី​បញ្ជី​ប្រទេស​អភិវឌ្ឍន៍​តិចតួច ​(LDC)​ នៅ​ឆ្នាំ ​២០២៧​។

សម្តេច​បញ្ជាក់បន្តថា ​ក្នុងពេល​ខាងមុខ អាច​នឹង​ប៉ាន់ប្រមាណ​នៅ​ឆ្នាំ​ ២០២៦ ឬ​ ២០២៧ ព្រោះ​ប្រ​ទេស​របស់​យើង គឺជា​ប្រទេស​មិនមែនជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ទៀត​ឯណា។ បន្តិចទៀត​កម្ពុជា​នឹង​ចេញ​ផុតពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច អ៊ីចឹង​រកស៊ី​ត្រូវតែ​បង់ពន្ធ​ឱ្យគេ​ទៅវិញទៅមក​។ អ៊ីចឹង​ទេ​យើង​ត្រូវតែ​ពង្រឹង​ភាព​ធន់​ខ្លួនឯង​ចាប់ពី​ឥឡូវនេះ​ទៅ។​

អ្នកវិភាគសេដ្ឋកិច្ចកម្ពុជា លោកបណ្ឌិតគី សេរី​វឌ្ឍន៍ បានឱ្យដឹងថា ជាមួយនឹង​ការកើនឡើង​ប្រាក់ចំណូល ​ក្នុង​មនុស្ស​ម្នាក់​របស់​កម្ពុជា គឺជា​លក្ខ​ណ​វិនិច្ឆ័យ​សំខាន់ ​លើ​ការឡើង​ចេញពី​បញ្ជី​ប្រទេស​អភិ​វឌ្ឍន៍​តិចតួច ខណៈ​កម្ពុជា​ក៏​ពង្រីក​ដៃគូ​ពាណិជ្ជកម្ម ​ជាមួយ​ប្រទេស​ជាច្រើន​ទៀតផង​ដែរ​។​

លោក​បន្តថា​ ​យើង​សង្កេតឃើញថា សេដ្ឋកិច្ច​របស់​យើង​ត្រូវបាន​គាំទ្រ​យ៉ាង​ទូលំទូលាយ​ ជាមួយនឹង​ការ​កើន​​ឡើង​នៃ​ការនាំ​ចេញទៅ​ទីផ្សារ​សំខាន់ៗ​ ដូចជា ​ទីផ្សារ​អឺរ៉ុប និង​អាមេរិក ដែល​យើង​បានទទួល​ការអនុគ្រោះ​ពាណិជ្ជ​កម្ម​។ ដើម្បី​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​យើង​នៅពេល​ឡើង​ចេញពី​បញ្ជី ​ប្រទេស​អភិវឌ្ឍន៍​តិចតួច ​យើង​ត្រូវ​កែលម្អ​គោល​​នយោបាយ​ពាណិជ្ជកម្មនានាផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here