(ថៃ)៖ អ្នកស្រី កាញ្ចនា ផ័ត្រឆូក អគ្គនាយក នៃអគ្គនាយកដ្ឋានសារព័ត៌មាន និងអ្នកនាំពាក្យ នៃក្រសួងការបរទេសរបស់ថៃ បានលើកយកករណីមានការទទួលបានព័ត៌មានភាន់ច្រឡំពីការពិត នៅលើបណ្តាញសង្គមអនឡាញ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ដែលមានការលេចឮថា នឹងមិនមានការជួលពលករពីកម្ពុជា និងឡាវបន្តទៀតឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ khaosod។
លោកស្រីបានបញ្ជាក់ថា នេះមិនមែនជារឿងពិតទេ ដោយអគ្គនាយកដ្ឋានស្វែងរកការងារ នៃក្រសួងការងាររបស់ថៃ បានចេញមកបកស្រាយហើយថា យើងគ្រាន់តែកែប្រែដំណាក់កាលជួលពលករខ្មែរ និងឡាវបែបស្របច្បាប់ ដែលចូលមកធ្វើការតាមរយៈអនុស្សរណៈប៉ុណ្ណោះ ដើម្បីឲ្យម្ចាស់សហគ្រាស ឬថៅកែ អាចដាក់សំណើតម្រូវការពលករបរទេសទៅកាន់មន្ទីរស្វែងរកការងារខេត្ត ឬមន្ទីស្វែងរកការងារទីក្រុងបាងកក តំបន់1-10 ដោយមិនចាំបាច់មកកាន់ទីស្នាក់ការកណ្តាល (អគ្គនាយកដ្ឋានស្វែងរកការងារ) ដើម្បីភាពងាយស្រួល និងឆាប់រហ័ស។ ប៉ុន្តែសម្រាប់ពលករពីប្រទេសមីយ៉ាន់ម៉ា តម្រូវឲ្យទាក់ទងតាមរយៈទីស្នាក់ការកណ្តាល (អគ្គនាយកដ្ឋានស្វែងរកការងារ) ដដែល។
អគ្គនាយក នៃអគ្គនាយកដ្ឋានសារព័ត៌មាន និងអ្នកនាំពាក្យ បានបន្ថែមអំពីរឿងផលប្រយោជន៍បន្ថែមផ្សេងៗ របស់ពលករបរទេសនៅក្នុងប្រទេសថៃថា ថៃថែមទាំងបានព្យាយាមអនុវត្តន៍វិធានការថែទាំពលករបរទេស ដោយមិនមានការរើសអើងផងដែរ នាពេលកន្លងមក។ ពលករបរទេសអាចប្រើប្រាស់សេវាកម្មសុខភាព នៅក្នុងប្រទេសថៃបាន ជាពិសេសពលករបរទេសស្របច្បាប់ នឹងមានសិទ្ធប្រើប្រាស់សេវាកម្មបេឡាសន្តិសុខសង្គម និងបេឡាសុខភាពថែមទៀតផង។
លើសពីនេះទៅទៀត ថៃថែមទាំងបានជួយសង្គ្រោះពលករបរទេស និងការពារពួកគេកុំឲ្យក្លាយជាជនរងគ្រោះ ដោយសារអំពើជួញដូរមនុស្ស ឬការបង្ខិតបង្ខំធ្វើពលកម្ម ឬការប្រើប្រាស់ពលកម្មកុមារទៀតផងដែរ តាមរយៈការបង្កើតមជ្ឈមណ្ឌលផ្តល់សេវាកម្មជួយសង្គ្រោះពលករបរទេស នៅតាមបណ្តាខេត្តផ្សេងៗ ព្រមទាំងមានការចុះធ្វើអធិការកិច្ចជាប្រចាំ។ លើសពីនេះទៅទៀត ក៏មានការធ្វើវសោធនកម្មច្បាប់ការពារពលករ ខាងវិស័យនេសាទ តាមសមុទ្រ ឆ្នាំ២០២២ ឲ្យស្របតាមស្តង់ដារអន្តរជាតិមួយកម្រិតទៀតផងដែរ។
សូម្បីតែក្នុងដំណាក់កាល នៃការរាតត្បាល នៃជំងឺកូវីដ១៩ កន្លងមក ថៃក៏បានជួយលើកទឹកចិត្តពលករបរទេស ឲ្យទទួលយកថ្នាំបង្ការ និងការត្រួតពិនិត្យប្រកបដោយសមភាពជាមួយជនជាតិថៃផងដែរ។