អ្នកវិនិយោគអន្តរជាតិរង់ចាំមើលការបោះឆ្នោត ប៉ុន្តែសេដ្ឋវិទូក្នុងស្រុកសម្តែងសុទិដ្ឋិនិយម

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ការបោះឆ្នោតជ្រើសរើសសភាតំណាងរាស្រ្ត នាថ្ងៃទី២៣ កក្កដា ខាងមុខ នៅតែជាពេលវេលាដែលអ្នកវិនិយោគជាតិ អន្តរជាតិទន្ទឹងរង់ចាំមើល។

ការទន្ទឹងរង់ចាំមើល មិនទាន់សម្រេចចិត្តនេះ ដោយសារកន្លងមកកម្ពុជា ធ្លាប់មានបញ្ហាចលាចលមួយចំនួន ពិសេសកាលពីឆ្នាំ២០១៣ និងបណ្តាអាណត្តិមុនៗ ប៉ុន្តែការបោះឆ្នោតឆ្នាំ២០១៨ និងឆ្នាំ២០២៣នេះ ត្រូវបានអ្នកវិភាគនយោបាយជាច្រើន បាននិងកំពុងមើលឃើញថា កម្ពុជាគ្មានហានិភ័យនៃវិបត្តិ ឬភាពវឹកវរខាងនយោ​បាយនោះទេ។

ការបោះឆ្នោតជ្រើសរើសសមាជិកសភា តំណាងរាស្រ្តនាថ្ងៃទី២៣ កក្កដាខាងមុខនេះ មានគណបក្សចំនួន១៨បានចុះឈ្មោះចូលរួមក្នុងគន្លងប្រជាធិបតេយ្យបែបរៀបរយមួយ។

អ្នកវិនិយោគអន្តរជាតិជាច្រើន ពិសេសអ្នកវិនិយោគជប៉ុនដែលបានឈានជើងចូលទីផ្សារកម្ពុជា ពួកគេសុទ្ឋតែមើលឃើញកត្តាសុខ​សន្តិភាព ស្ថេរភាពនយោបាយរយៈពេលវែង ដែលបាននិងកំពុងកើតមាននៅកម្ពុជា។

ប៉ុន្តែសុខភាពផ្លូវចិត្តនៅតែជាស្រមោល ដែលធ្លាប់លងបន្លាចនាអតីតកាល បាននិងកំពុងលងបន្លាចអ្នកវិនិយោគថ្មីៗ មួយចំនួននៅឡើយ។

សេដ្ឋវិទូជើងចាស់កម្ពុជា នៅតែមានសុទិដ្ឋិនិយមចំពោះកម្ពុជា ដែលនឹងរក្សាបាននូវសន្តិភាព និងស្ថេរភាពនយោបាយរយៈពេលវែងក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ នៃឧត្តមទីប្រឹក្សាសេដ្ឋកិច្ចជាតិបានមានប្រសាសន៍ឲ្យដឹងថា អ្នកវិនិយោគអន្តរជាតិ ពិសេសអ្នកជប៉ុន បានកសាងមូលដ្ឋាន សម្រាប់ការវិនិយោគរយៈពេលវែងនៅកម្ពុជារួចហើយ ដោយពួកគេបានសាងសង់មូលដ្ឋានសំរាប់សេចក្តីត្រូវការជាមូលដ្ឋានជាច្រើន ដូចជា សាលារៀន មន្ទីរពេទ្យ ខុនដូ អាផាតម៉ិន សណ្ឋាគារ បុរីលំនៅដ្ឋានជាដើម។

លោកបន្តថា “ធម្មតាអ្នកវិនិយោគជប៉ុន ពួកគេមានការស្ទាបស្ទង់ណាស់ ពួកគេកាន់បង្កាន់ដៃស្ពានហើយស្ទាប ហើយស្ទាបទៀតមុនពួកគេសម្រេចចិត្តដើរឆ្លង ទៅកាន់ប្រទេសណាមួយ”។

ទាក់ទងនឹងវិស័យអចលនវត្ថុ អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានលើកឡើងថា ការមិនទាន់សម្រេ​ចចិត្តរបស់វិនិយោគិនបរទេសនៅកម្ពុជា មួយផ្នែកដោយសារការបោះឆ្នោតនាពេលខាងមុខផងដែរ។

អ្នកជំនាញសេដ្ឋកិច្ចមួយរូបទៀត ដែលជាអគ្គនាយកធនាគារធំមួយបានមានប្រសាសន៍ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា រាជរដ្ឋាភិបាលបានដឹងពីបញ្ហា និងវិបត្តិមួយចំនួន ដែលក្រុមហ៊ុនអភិវឌ្ឈន៍អចលនវត្ថុជួបប្រទះ ប៉ុន្តែរដ្ឋាភិបាលនឹងមិនទុកបញ្ហានេះ ចោលនោះទេ អ្វីនឹងមានភាពល្អប្រសើរក្រោយការបោះឆ្នោតបញ្ចប់។

លោកបន្តថា “ក្រោយការរៀបចំរដ្ឋាភិបាលថ្មី រាជរដ្ឋាភិបាលនឹងដាក់ចេញគោលនយោបាយ លើកទឹកចិត្តជាច្រើនទៀត ដើម្បីជម្រុញ​សេដ្ឋកិច្ច និងវិស័យអចលវត្ថុឲ្យរីកចម្រើនឡើងវិញ”។ លោកបន្តថា “អ្នកវិនិយោគអន្តរជាតិ បាននិងកំពុងត្រៀមចាប់ផ្តើមបោះទុនវិនិយោគនៅកម្ពុជា ហេតុនេះយើងរង់ចាំដល់ត្រីមាសទី៤ និងដើមឆ្នាំ២០២៤ អ្វីៗនឹងមានសភាពល្អប្រសើរឡើងវិញហើយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here