អារ៉ាប៊ីសាអូឌីត ចុះកិច្ចព្រមព្រៀងតម្លៃ៥,៦ពាន់លានដុល្លារជាមួយក្រុមហ៊ុនរថយន្តEVរបស់ប្រទេសចិន

0

ដោយ: គង់ លាងហួរ

ឌូបៃ: ទីភ្នាក់ងារសារព័ត៌មានរដ្ឋអារ៉ាប៊ីសាអូឌីត បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រសួងវិនិយោគរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង តម្លៃ៥,៦ពាន់លានដុល្លារ ជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន Human Horizons ដើម្បីសហការលើការអភិវឌ្ឍន៍ ផលិត និងលក់រថយន្ត។

ខណៈទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងកំពូលរបស់ពិភពលោក និងប្រទេសចិននៅតែមានស្អិតរមួត ប្រទេសទាំងពីរកំពុងជំរុញវិស័យមួយទៀត ដើម្បីជំរុញការវិនិយោគក្នុងវិស័យមិនមែនប្រេង ដែលជាផ្នែកមួយនៃការធ្វើពិពិធកម្មរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។កិច្ចព្រមព្រៀងនេះ គ្របដណ្តប់ជាងពាក់កណ្តាលនៃទុនវិនិយោគជាង១០ពាន់លានដុល្លារ ដែលបានចុះហត្ថលេខានៅថ្ងៃដំបូងនៃសន្និសីទធុរកិច្ចអារ៉ាប់ -ចិននៅទីក្រុងរីយ៉ាដ កាលពីថ្ងៃអាទិត្យក្នុងវិស័យនានា ដែលលាតសន្ធឹងលើបច្ចេកវិទ្យា ថាមពលកកើតឡើងវិញ កសិកម្ម អចលនទ្រព្យ លោហៈ ទេសចរណ៍ និងការថែទាំសុខភាព។

ផ្នែកមួយនៃផែនការរបស់អារ៉ាប៊ីសាអូឌីត គឺដើម្បីអភិវឌ្ឍឧស្សា​ហកម្មផលិតរថយន្តអគ្គិសនី (EV) នៅក្នុងស្រុក ខណៈដែលក្រុមហ៊ុន Human Horizons ផលិតរថយន្តអគ្គិសនីក្រោមម៉ាក HiPhi នៅក្នុងប្រទេសចិន។

យោងតាមសេចក្តីថ្លែងការណ៍ របស់អារ៉ាប៊ីសាអូឌីតបានឱ្យដឹងថា លំហូរវិនិយោគផ្ទាល់ពីបរទេសរបស់ចិន ហូរចូលទីផ្សារអារ៉ាប់មានទំហំទឹកប្រាក់ ចំនួន២៣ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ដែលក្នុងនោះមានទឹកប្រាក់៣,៥ពាន់លានដុល្លារ ហូរចូលក្នុងប្រទេសអារ៉ាប៊ីសាអូឌីត

ក្រុមហ៊ុន Human Horizons បានឱ្យដឹងកាលពីខែមីនាថា ខ្លួននឹងចាប់ផ្តើមលក់ម៉ាករថយន្តHiPhi លំដាប់ថ្នាក់ខ្ពស់នៅក្នុងទីផ្សារអឺរ៉ុបមួយចំនួន នៅឆ្នាំ២០២៣នេះ ខណៈក្រុមហ៊ុនគ្រោងពង្រីកខ្លួនទៅក្រៅប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here