សុខុម
វៀងចន្ទន៍: ខេត្តក្វាងទ្រី (Quang Tri) ប្រទេសវៀតណាម ភាគកណ្តាល បានដាក់ចេញនូវផែនការសាងសង់ខ្សែក្រវាត់បញ្ជូនទំនិញស្វ័យប្រវត្តិ (Conveyor Belt) ប្រវែង១៦០គីឡូម៉ែត្រសម្រាប់ការបញ្ជូនធ្យូងថ្មពីប្រទេសឡាវ។
សារព័ត៌មានវៀតណាម Vn Express បានចុះផ្សាយថា តម្រូវការធ្យូងថ្មរបស់វៀតណាម កំពុងកើនឡើងជាលំដាប់ដែលនាំឱ្យមានការរាំងស្ទះ និងការបាត់បង់ឱកាសអាជីវកម្មនៅច្រកព្រំដែនឡាឡាយ (La Lay) ក្នុងស្រុកដាក្រុង (Dakrong) ប្រទេសវៀតណាម ដែលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនមិនអាចទប់ទល់នឹងតម្រូវការបាន។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយនៅថ្ងៃអង្គារ ទី១៣ ខែមិថុនានេះ។
-->
ដើម្បីដោះស្រាយបញ្ហានេះ ខេត្តក្វាងទ្រី បានដាក់ចេញនូវផែនការសាងសង់ខ្សែក្រវាត់បញ្ជូនទំនិញស្វ័យប្រវត្តិដែលនឹងដឹកជញ្ជូនធ្យូងថ្មពីខេត្តសេកុង និងខេត្តសាឡាវ៉ាន់ (Salavanh) របស់ឡាវទៅកាន់ផែសមុទ្រ My Thuy ក្នុងស្រុកហៃឡាង (Hai Lang) ប្រទេសវៀតណាម។
ខ្សែក្រវាត់បញ្ជូនទំនិញស្វ័យប្រវត្តិនេះ នឹងមានសមត្ថភាពបញ្ជូនធ្យូងថ្មពី១.៥០០ទៅ១.៦០០តោនក្នុងមួយម៉ោងដែលអនុញ្ញាតឱ្យវៀតណាម នាំចូលធ្យូងថ្មពី១៥ទៅ២០លានតោនក្នុងមួយឆ្នាំៗ។
នៅក្នុងប្រទេសឡាវ ខ្សែក្រវាត់បញ្ជូនទំនិញស្វ័យប្រវត្តិនេះនឹងលាតសន្ធឹងប្រវែង៨៥គីឡូម៉ែត្រពីអណ្តូងរ៉ែធ្យូងថ្មទៅកាន់ច្រកព្រំដែនឡាឡាយ ហើយ៧៥គីឡូម៉ែត្រទៀតនឹងត្រូវគ្របដណ្តប់ពីច្រកព្រំដែនទៅកាន់កំពង់ផែ My Thuy របស់វៀតណាម។
តាមការប៉ាន់ប្រមាណ ការដំឡើងខ្សែក្រវាត់បញ្ជូនដឹកទំនិញស្វ័យប្រវត្តិខាងទឹកដីវៀតណាម គ្រោងចំណាយអស់ប្រមាណ៤៦០លានដុល្លារអាមេរិក។
នៅពេលដំណើរការ ខ្សែក្រវាត់បញ្ជូនទំនិញស្វ័យប្រវត្តិនេះនឹងវ៉ាឈ្នះខ្សែក្រវាត់បញ្ជូនទំនិញស្វ័យប្រវត្តិវែងបំផុតរបស់ពិភពលោកនាពេលបច្ចុប្បន្ន ដែលលាតសន្ធឹងប្រវែងជិត១០០គីឡូម៉ែត្រនៅវាលខ្សាច់ Western Sahara Desert តភ្ជាប់អណ្ដូងរ៉ែផូស្វាត Bou Craa ឆ្ពោះទៅកាន់ទីក្រុងឆ្នេរ El Marsa៕ Laotian Times៕