ដោយៈ ជេស៊ីកា
ភ្នំពេញៈ អតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា លោកYuji Kumamaru បានបង្ហើបពីបំណងរបស់ក្រុមហ៊ុន Japan Dream Tours ដែលជាក្រុមហ៊ុនទេសចរណ៍មួយដ៏ធំ នៅក្នុងប្រទេសជប៉ុនមកបើកការិយាល័យនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។
ក្រុមហ៊ុននេះ មានវត្តមានស្នាក់ការរហូតដល់២៥ប្រទេស នៅជុំវិញពិភពលោក ដែលអាចនាំភ្ញៀវទេសចរធ្វើដំណើរកម្សាន្ត ក្នុងមួយឆ្នាំប្រមាណ៥ម៉ឺននាក់ គ្រោងមកបើកការិយាល័យនៅទីក្រុងទាំងពីរដើម្បីជួយសម្រួលធ្វើយ៉ាងណា ឱ្យមានភ្ញៀវទេសចរជប៉ុន មកទស្សនានៅកម្ពុជា និងភ្ញៀវទេសចរកម្ពុជា បានទៅទស្សនានៅប្រទេសជប៉ុនផងដែរ។ការលើកឡើងខាងលើនេះ បានធ្វើឡើងក្នុងជំនួបរបស់លោក Yuji Kumamaru និងលោកថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍។
ជាមួយគ្នានេះ លោកថោង ខុនក៏បានស្នើសុំឲ្យលោកYuji Kamamaru ជួយជំរុញជើងហោះហើរ ANA ឡើងវិញ ខណៈដែលក្រុមហ៊ុន ANA នេះបានផ្អាកជើងហោះហើរ ដោយសារមានភាពរាំងស្ទះ ដោយសារការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងបានស្នើលោកYuji Kumamaru ជួយជំរុញភ្ញៀវទេសចរជប៉ុន ឱ្យមកកម្ពុជាឱ្យបានកាន់តែច្រើនផងដែរ។
លោកYuji Kumamaru ក៏បានថ្លែងអរគុណដល់លោករដ្ឋមន្ត្រី ថោង ខុន បានអនុញ្ញាតឱ្យលោកចូលជួបសម្តែងការគួរសម និងបានបង្ហាញនូវការអបអរសាទរ ចំពោះភាពជោគជ័យយ៉ាងត្រចះត្រចង់របស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម៕