រដ្ឋាភិបាលកំពុងរៀបចំក្រុងប៉ោយប៉ែតជាទីក្រុងស៊ីវិល័យមួយជាមួយទុនជិត៨០លានដុល្លារអាមេរិក

0
17.PR , Promotion Feb (W. 1280px x H.671px)

ដោយៈ ជេស៊ីកា

        បន្ទាយមានជ័យៈ ក្រុងប៉ោយប៉ែត បាននិងកំពុងអនុវត្តន៍គម្រោងទីក្រុងគួរឲ្យចង់រស់នៅ ដែលគម្រោងនេះចំណាយទឹកប្រាក់៧៨លានដុល្លារ ឲ្យមានភាពស៊ីវិល័យ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាជ័យ លោកគាត ហ៊ុលបានមានប្រសាសន៍ប្រាប់សារព៌តមានក្នុងស្រុកថា ដើម្បីឆ្លើយតបទៅនឹងការកើនឡើង នៃប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលឆ្លងកាត់ទៅមក តាមច្រកទ្វារអន្តរជាតិក្រុងប៉ោយប៉ែតរាជរដ្ឋាភិបាលបានគូសរំលេច នូវយុទ្ធសាស្ត្រមួយចំនួន សម្រាប់ត្រីវិស័យបង្ហាញផ្លូវពាក់ព័ន្ធក្នុងការអភិវឌ្ឍទីក្រុង។  ផែនការអភិវឌ្ឍទីក្រុងប៉ោយប៉ែត រួមមាន
ទី១ ត្រូវតែរៀបចំផែនការមេអភិវឌ្ឍន៍ទីក្រុង ហើយផ្អែកលើផែនការមេនេះ ត្រូវរៀបចំផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធទីក្រុងប្រទាក់ក្រឡា និងមានលក្ខណៈជាប្រព័ន្ធ ដោយរួមបញ្ចូលទាំងការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវអគ្គិសនី ទឹកស្អាត ប្រព័ន្ធបណ្តាញឌីជីថល និងការគ្រប់គ្រងកាក សំណល់រឹង និងទឹកកខ្វក់ជាដើម។ល។

ទី២ ត្រូវមានការរៀបចំស្ថាប័ន ដើម្បីកំណត់តួនាទីភារកិច្ចរបស់ស្ថាប័ននីមួយៗ ឱ្យបានច្បាស់លាស់ ក្នុងគោលដៅគ្រប់គ្រង ប្រតិបត្តិការ និងថែរទាំ សមិទ្ធផលទទួលបានពីការវិនិយោគ ព្រមទាំងការកសាងសមត្ថភាពមន្ត្រីទទួលបន្ទុកផងដែរ។លើសពីនេះទៅទៀត រដ្ឋបាលក្រុងប៉ោយប៉ែត ក៏ទទួលបានគម្រោងថ្នាក់ជាតិមួយ គឺ “គម្រោងទីក្រុងគួរឲ្យចង់រស់នៅ” ហើយនៅក្នុងគម្រោងនេះដែរគឺមាន គោលដៅធំៗ៤ក្នុងការអភិវឌ្ឍក្រុងទី១គឺអភិវឌ្ឍន៍ប្រព័ន្ធលូ ទី២ គម្រោងធ្វើផ្លូវ,ទី៣ធ្វើទីលានចាក់ សំរាម និង ទី៤ គម្រោងចម្រោះទឹកកខ្វក់ ខណៈបច្ចុប្បន្ននេះគម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូត្រូវបានកសាងរួចរាល់ហើយ បានរំដោះជំនន់ទឹក ភ្លៀងមិនឲ្យក្រុងប៉ោយប៉ែតជន់លិចផងដែរ។

លោកអភិបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា “គម្រោងនេះបាន ចាប់ផ្ដើមធ្វើបានមួយគម្រោងហើយ គឺប្រព័ន្ធទឹកសម្រាប់កាត់បន្ថយជំនន់ទឹក គម្រោងនេះបានធ្វើខ្លះហើយ តែនៅមានគម្រោងបន្តទៀតដូចជាគម្រោងចម្រោះទឹកក៏កខ្វក់និងប្រព័ន្ធលូ”។ លោកបន្តថា “ជាក់ស្ដែងឃើញថាភ្លៀងមួយរយៈនេះ គឺមានជំនន់ទឹកភ្លៀងកើនឡើងតែយ៉ាងណា ក៏ក្រុមការងារក្រុង និងសង្កាត់មមាញឹកដោយមានក្រុមស្ដារលូ និងធ្វើអន្តរាគមន៍ផ្សេងៗ ក្នុងការធ្វើការងារនេះដោយក្នុងមួយថ្ងៃគឺយើងរំដោះទឹកឲ្យចេញពីទីក្រុងអស់”។ទីក្រុងប៉ោយប៉ែត ជាទីក្រុងមួយដែលស្ថិតក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឿស្សាហកម្មឆ្នាំ២០១៥ ២០២៥ ដែលរដ្ឋាភិបាលដាក់ចេញ និងមានគោលដៅប្រែក្លាយទីក្រុងនេះ ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងឧស្សាហកម្ម។

រដ្ឋាភិបាលតាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូន បាននិងកំពុងសិក្សាគំរោង សាងសង់ផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ -ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដំបូងគេបំផុតនៅកម្ពុជា និងគម្រោងផ្លូវល្បឿនលឿនទី៣ ពីភ្នំពេញ-សៀមរាប-ប៉ោយប៉ែតផងដែរ។

        ធនាគារអភិវឌ្ឍន៍អាស៊ី ក៏បានផ្តល់ជំនួយសម្រាប់គំរោងនេះ និងគំរោងធ្វើឲ្យមានបរិស្ថានរស់នៅ ប្រកបដោយភាពស៊ីវិល័យនៅទីក្រុងបាវិតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here