ដោយៈ សុខុម
វៀងចន្ទន៍: ប្រទេសឡាវពេលនេះ កំពុងតែប្រឈមហានិភ័យដ៏ធំបំផុត នោះគឺការខកខានសងបំណុលបរទេស ខណៈចលាចលសេដ្ឋកិច្ច កំពុងបន្តកើតមានពាសពេញផ្ទៃប្រទេសនេះ។នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា។
បន្ទាប់ពីអនុបាតបំណុលបរទេសគ្មាននិរន្តរភាព និងការលំបាកក្នុងការទូទាត់បំណុលពេលអនាគត ក្រុមហ៊ុនធានារ៉ាប់រងឥណទានអឺរ៉ុប Credendo បានទម្លាក់ចំណាត់ថ្នាក់ប្រទេសឡាវ ពីកម្រិត៦/៧ មកកម្រិតខ្ពស់បំផុត៧/៧ សម្រាប់ការដាក់ចំណាត់ថ្នាក់ហានិភ័យនយោបាយរយៈពេលមធ្យម និងរយៈពេលវែង។
ការទម្លាក់ចំណាត់ថ្នាក់នេះធ្វើឡើង បន្ទាប់ពីហិរញ្ញវត្ថុសាធារណៈរបស់ប្រទេសឡាវ កាន់តែធ្លាក់ដុនដាបទៅៗ ដោយសារផលប៉ះពាល់នៃកូវីដ-១៩ និងការផ្ទុះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
-->
បំណុលសាធារណៈបានកើនឡើងពី៦៩% នៃផលទុនជាតិសរុប (GDP) ក្នុងឆ្នាំ២០២១ រហូតដល់១២៨,៥%នៃ GDP ក្នុងឆ្នាំ២០២២។ ជាលទ្ធផល ការបង់ការប្រាក់គឺស្មើនឹងជាង២៥%នៃប្រាក់ចំណូលរបស់រដ្ឋាភិបាលឡាវ បើធៀបទៅនឹងក្រោម១០%ក្នុងឆ្នាំ២០១៩។
ភាពដុនដាបទៅៗ នៃបំណុលសាធារណៈរបស់ឡាវ គឺភាគច្រើនដោយសារការធ្លាក់ខ្លាំង នូវតម្លៃរូបិយប័ណ្ណឡាក់ (Lak) របស់ឡាវ ដែលបានបាត់បង់តម្លៃរហូតដល់ទៅ៩០% ធៀបនឹងប្រាក់ដុល្លារអាមេរិក នៅចន្លោះខែកញ្ញា ឆ្នាំ២០២១ ដល់ខែឧសភា ឆ្នាំ២០២៣។
ទន្ទឹមនឹងនេះ ប្រាក់ចំណូលសាធារណៈមិនគ្រប់គ្រាន់ ក៏បានដើរតួនាទីយ៉ាងសំខាន់ផងដែរ ខណៈវាមានចំនួនជាមធ្យមត្រឹមតែ១២,៥%នៃ GDP ប៉ុណ្ណោះពីឆ្នាំ២០២០-២០២២។
ឥទ្ធិពលនៃវិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ក៏បានបង្កផលប៉ះពាល់ដល់ម៉ាក្រូសេដ្ឋកិច្ច ក្នុងប្រទេសនេះផងដែរ។ កំណើន GDP គឺនៅថេរក្នុងឆ្នាំ២០២២ ក្នុងអត្រា២,៣% ចំណែកអតិផរណាបានកើនឡើងរហូតដល់៣៨,៨% ក្នុងខែឧសភា ឆ្នាំ២០២៣ ដោយសារតែការពឹងផ្អែកខ្លាំងលើការនាំចូល ជាពិសេសប្រេង។
ប្រទេសឡាវ ក៏ប្រឈមមុខនឹងថ្លៃជីវភាព កាន់តែខ្ពស់ឡើងៗ និងកង្វះទំនិញជាមូលដ្ឋានផងដែរ ដោយសារតែទំនិញនាំចូលមានតម្លៃថ្លៃចាប់តាំងពីឆ្នាំមុន។ លើសពីនេះទៀត ចាប់តាំងពីឆ្នាំ២០២១ ទុនបម្រុងអន្តរជាតិរបស់ឡាវ ក៏បានធ្លាក់ចុះខ្លាំងផងដែរ។ នេះបើយោងតាមទិន្នន័យផ្លូវការពីខែធ្នូ ឆ្នាំ២០២២។
យោងតាមហ៊ុនធានារ៉ាប់រងឥណទានអឺរ៉ុប Credendo ឱ្យដឹងថា សេដ្ឋកិច្ចឡាវ ក៏កំពុងជួបភាពចលាចលកាន់តែខ្លាំង ដោយសារការលំបាកក្នុងការសងបំណុល ដែលត្រូវបានព្យាករថា ស្មើនឹងមានចំនួនយ៉ាងហោចណាស់២ដង នៃចំនួនទុនបម្រុងអន្តរជាតិក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។
បើគ្មានការគាំទ្រពហុភាគីទេនោះ ប្រទេសឡាវ នឹងត្រូវពឹងផ្អែកទាំងស្រុងលើម្ចាស់បំណុល ដ៏សំខាន់បំផុតរបស់ខ្លួន នោះគឺប្រទេសចិន ដែលកាន់កាប់ពាក់កណ្ដាល នៃបំណុលសាធារណៈ ដើម្បីសងបំណុលរបស់ខ្លួន៕ Laotian Times៕