លោក គា បូរាណ ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ
[:km]ដោយ គង់ សូរិយា
ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយនៅកម្ពុជាបាននិងកំពុងសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីផ្តល់សេវាកម្មតាមរយៈកម្មវិធីទូរស័ព្ទដៃមួយឈ្មោះ ”ទន្លេសាប” ដើម្បីផ្តល់ព៌តមានកសិកម្មដល់កសិករ។
លោក គា បូរាណ ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានមានប្រសាសន៍ឲ្យដឹង ក្នុងពិធីសម្ភោធកម្មវិធីនេះកាលពីថ្ងៃទី២៩ មករាកន្លងមកថា មូលហេតុដែលអេ អឹម ខេ ផ្តួចផ្តើមគំនិតក្នុងការបង្កើតកម្មវិធីនេះឡើង ដោយមានការចូលរួមគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា អង្គការជាតិនិងអន្តរជាតិជាច្រើន ហើយនេះក៏ជាសមិទ្ធិផលថ្មីមួយទៀតដែល អេ អឹម ខេ បានចូលរួមចំណែកជួយលើកម្ពស់វិស័យកសិកម្មនៅកម្ពុជា។
-->
លោកឲ្យដឹងទៀតថា “បច្ចុប្បន្នប្រមាណ៩០ភាគរយនៃអតិថិជនរបស់ អេ អឹម ខេ រស់នៅតំបន់ជនបទ ហេតុនេះទើបយើងបង្កើតកម្មវិធីនេះឡើង ដើម្បីផ្តល់ព៌តមានដល់អតិថិជន។
លោក ស្រ៊ុន សុខុម អគ្គនាយករងអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា កម្មវិធីលើទូរស័ព្ទដៃនេះ បង្កើតឡើងស្របនិងទិសដៅរបស់រដ្ឋាភិបាល និងសម័យបច្ចេកវិទ្យាទូរស័ព្ទ ដើម្បីជួយផ្តល់ជាចំណេះដឹងផ្នែកកសិកម្មដល់ប្រជាពលរដ្ឋ ជាពិសេសកសិករកម្ពុជាដែលអាច ងាយស្រួលក្នុងការស្វែងរកប្រភពចំណេះដឹងនានាក្នុងវិស័យកសិកម្មនេះ។

កម្មវិធីទូរស័ព្ទដៃឈ្មោះទន្លេសាបនេះ បានបង្កើតឡើងក្នុងគោលបំណងជួយផ្តល់ចំណេះដឹងដល់កសិករពីបច្ចេកទេស ព័ត៌មានទីផ្សារកសិកម្ម ផ្តល់គន្លឹះសំខាន់ៗក្នុងការដាំដំណាំ ស្វែងរកសម្ភារកសិកម្ម និងចិញ្ចឹមសត្វឱ្យកាន់តែប្រសើរឡើង មិនតែប៉ុណ្ណោះកសិករអាចស្វែងរកសេវាហិរញ្ញវត្ថុ ដើម្បីពង្រីកមុខរបរកសិកម្ម បានតាមរយៈកម្មវិធីថ្មីនេះ។ គិតត្រឹមខែធ្នូ ឆ្នាំ២០១៨ អេ អឹម ខេ មានអតិថិជនសរុបចំនួនជាង៧៦ម៉ឺននាក់ ជាមួយនឹងផលប័ត្រប្រាក់កម្ចីជាង២៥២លានដុល្លារ និងប្រាក់បញ្ញើជាង១៥៨លានដុល្លារអាមេរិក៕

សម្រាប់លោកអ្នកប្រើប្រាស់ទូរស័ព្ទ iPhone (iOS) សូមចូលទៅកាន់តាម Link ខាងក្រោម៖https://itunes.apple.com/au/app/tonlesap-app/id1439403157
សម្រាប់លោកអ្នកប្រើប្រាស់ទូរស័ព្ទក្រៅពី iPhone (Android) សូមចូលទៅកាន់តាម Link ខាងក្រោម៖https://play.google.com/store/apps/details?id=com.tonlesap.cambodia[:]