លោកសាយ សំអាល់:មន្ត្រីរាជការបានចូលរួមចំណែកក្នុងការប្រែក្លាយខេត្តព្រះសីហនុ មកជាប៉ូលសេដ្ឋកិច្ចទី២

0

ដោយៈ គង់ សូរិយា

        ព្រះសីហនុៈ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកសាយ សំអាល បានលើកឡើងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានដើរលើផ្លូវដ៏វែងឆ្ងាយ និងបានធ្វើសមាហរណកម្ម និងសុខដុមនីយកម្មជាមួយបណ្តាប្រព័ន្ធកំពង់ផែអន្តរជាតិធំៗ នៅលើពិភពលោក។

លោកបន្តថា “កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាម៉ាស៊ីនសេដ្ឋកិច្ច ដែលរួមចំណែកជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ និងកំណើនសេដ្ឋកិច្ចជាតិទាំងមូល”។​

លោកសាយ សំអាល់ ក៏ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ បានថ្លែងបែបនេះ ក្នុងពេលជួបសំណេះសំណា​លជាមួយថ្នាក់ដឹកនាំ បុគ្គលិកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងលោកគ្រូ អ្នកគ្រូ និងបុគ្គលិកមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ នៅក្រុងព្រះសីហនុ។លោកសាយ សំអាល់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់មន្ត្រីបុគ្គលិកគ្រប់ផ្នែក គ្រប់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំ និងបុគ្គលិកនៃកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន ក្នុងការអភិវឌ្ឍកំពង់ផែស្វយ័​តក្រុងព្រះសីហនុ ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។

ក្នុងជំនួបនេះដែរ លោកក៏បានចាត់ទុកលោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ ជាតួអង្គដ៏សំខាន់ក្នុងការកសាងធនធានមនុស្ស ព្រមទាំងរួមចំណែកអភិវឌ្ឍខេត្ត ព្រះសីហនុ ឱ្យប្រែក្លាយមកជាក្បាលរថភ្លើងនៃកំណើនសេដ្ឋកិច្ចជាតិ ដូចសព្វថ្ងៃនេះ។

លោកបានបង្ហាញសុទិដ្ឋិនិយមថា ខេត្តព្រះសីហនុនឹងបន្តរីកចម្រើនឥតឈប់ឈរ ហើយកំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងដើរតួនាទីកាន់តែសំខាន់មួយ សម្រាប់ទ្រទ្រង់ការសម្រេច បាននូវផែនការប្រែក្លាយខេត្តព្រះសីហនុ ជា “តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” ក៏ដូចជា ចក្ខុវិស័យកម្ពុជា២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់  និងចក្ខុវិស័យកម្ពុជា២០៥០ ជាប្រទេសចំណូលខ្ពស់ តាមការគ្រោងទុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here