ដោយៈ និស្ស័យ
ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា(CCC) និងក្រុមការងារជំនាញប្រឹក្សាយោបល់អន្តរជាតិនៃ EU-German នឹងរៀបចំគម្រោងធុរកិច្ចនាពេលខាងមុខ ក្នុងគោលបំណងសម្រួលធុរកិច្ច តាមច្រកព្រំដែន E-Commerce សម្រួលការនាំចេញ-នាំចូល និងជំរុញការនាំចេញរបស់សហគ្រាសធុនតូច និងមធ្យម (SME)។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេង បានមានប្រសាសន៍ឱ្យដឹងនៅថ្ងៃទី១៨ ខែមិថុនា ថា សភាពាណិជ្ជកម្ម បានអនុញ្ញាតឱ្យក្រុមការងារជំនាញ ប្រឹក្សាយោបល់អន្តរជាតិនៃ EU-German សម្រាប់តៀមរៀបចំគម្រោងធុរកិច្ច ចូលជួបពិភាក្សាការងារ ដែលក្រុមការងារជំនាញអន្តរជាតិនេះ មានបំណងស្នើសុំផ្តល់ធាតុចូលមួយផងដែរ។
-->
លោកបន្ថែមថា ការស្នើសុំយោបល់របស់ EU-German គឺពាក់ព័ន្ធ នឹងកិច្ចសម្របសម្រួលធុរកិច្ចតាមច្រកព្រំដែន ពាណិជ្ជកម្មតាមអេឡិចត្រូនិក (E-commerce) កិច្ចសម្រួលពាណិជ្ជកម្មនានាសម្រាប់ការនាំចេញ-នាំចូល ការជំរុញការនាំចេញរបស់សហគ្រាសធុនតូច និងមធ្យម (SME) និងបញ្ហាជាច្រើនទៀត ត្រូវបានពិភាក្សា ដូចជា កម្ចីហិរញ្ញប្បទានសម្រាប់ SMEs ជាដើម។
លោកបានថ្លែងថា “EU-Germanបានផ្តល់ការគាំទ្រលើការរៀបចំសិក្ខាសាលា ការបង្រៀនជំនាញផ្សេងៗទាក់ទងនឹងវិស័យ SMEs ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាយើងច្រើនដែរ”។ លោកបន្តថា “ដូចនេះយើងបានជួបពិភាក្សាគ្នាហើយ ក្នុងគោលបំណងដើម្បីជាគម្រោងសម្រាប់អាណត្តិក្រោយទៀត ក្នុងការជួយដល់វិស័យឯកជនយើងនេះ ជាពិសេសវិស័យ SMEs”។
គម្រោង ARISE Plus Cambodia ដែលកំពុងត្រូវបានអនុវត្តក្រោមកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងពាណិជ្ជកម្ម គ្រោងនឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២៤។ ដូច្នេះហើយ ក្រសួងសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសហព័ន្ធអាល្លឺម៉ង់ (BMZ) និងសហភាពអឺរ៉ុប កំពុងរៀបចំផែនការគម្រោងធុរកិច្ចថ្មី ដែលគ្រោងនឹងចាប់ផ្តើមនៅខែមេសា ឆ្នាំ ២០២៤ខាងមុខ។
សម្រាប់គម្រោងនេះ ក្រុមអ្នកប្រឹក្សាអន្តរជាតិ នឹងធ្វើបេសកកម្មវាយតម្លៃគម្រោង ដើម្បីពិភាក្សា និងពិគ្រោះយោបល់ជាមួយដៃគូសំខាន់ៗ ដូចជា វិស័យឯកជន និងអ្នកទទួលផលអំពីតម្រូវការ ក្នុងតំបន់ទាំងនោះជាដើម៕