ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ អគ្គនាយិកាក្រុមហ៊ុនAmatak Property Service លោកស្រីតាំង ហួរបានមានប្រសាសន៍ថា នេះជាពេលវេលាដ៏ល្អសំរាប់ការទិញដីធ្លីយកផលចំណេញបំផុត។
លោកស្រីបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី២០ មិថុនាថា ទីផ្សារដីធ្លីនៅតែមានឱកាសល្អ សម្រាប់វិនិយោគយកផលចំណេញ ហើយពេលនេះជាឱកាសល្អបំផុត សម្រាប់ការវិនិយោគ ដោយសារតម្លៃដីបានធ្លាក់ចុះ ធៀបជាមួយនឹងឆ្នាំ២០២២កន្លងមក។
លោកស្រីបន្តថា “ការវិនិយោគ គួរផ្តោតលើតំបន់ក្នុងទីក្រុង និងតំបន់ជាយក្រុង ដែលមានសក្តានុពលជាងគេ”។ លោកស្រីបន្តថា “ឱកាសនៃការកើនឡើងតម្លៃដីធ្លី នឹង អាចងើបសឹមៗប្រសើរឡើងវិញនៅឆ្នាំ២០២៤ខាងមុខនេះ ហើយទទួលផលចំណេញរយះពេលវែង ស្របពេលការបោះឆ្នោតក៏បានបញ្ចប់ផងដែរ”។
លោកស្រីតាំង ហួរបានសម្តែងសុទិដ្ឋិនិយមថា អ្វីៗនឹងមានសភាពប្រសើរឡើង នៅបណ្តាឆ្នាំខាងមុខ ដោយសេដ្ឋកិច្ចពិភពលោកនឹងងើបឡើងវិញ និងស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជាបាន និងកំពុងមានសញ្ញាល្អប្រសើរ ដោយរដ្ឋាភិបាលបានព្យាករណ៍សេដ្ឋកិច្ចរបស់យើងនឹងកើន ក្នុងរង្វង់៥,៤ភាគរយនៅក្នុងឆ្នាំនេះ និងកើនឡើងបន្ថែមទៀតនាឆ្នាំ២០២៤ខាងមុខ៕






