ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ប្រធានក្រុមហ៊ុនRoyal Group អ្នកឧកញ៉ាគិត ម៉េងបាន បានចូលរួមជាមួយរាជរដ្ឋាភិបាល ដោយបានទម្លាក់ថវិកា ៥លានដុល្លាអាមេរិក ឱ្យរាជរដ្ឋាភិបាលខ្ចីដោយមិនគិតការប្រាក់ ក្នុងការអភិវឌ្ឍខ្សែបណ្តាញអគ្គិសនី ក្រោមបាតសមុទ្រចេញពីខេត្តកោះកុង ឆ្លងកាត់កោះជាច្រើនមកកាន់ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ព៌តមាននេះ ត្រូវបានលើកឡើងដោយលោកកែវ រតនៈរដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជាកាលពីថ្ងៃទី២១ មិថុនា។
លោកបានបន្តថា ក្រុមហ៊ុនរបស់អ្នកឧកញ៉ាគិត ម៉េង បានស្នើសុំឱ្យក្រុមហ៊ុនទទួលអាជ្ញាបណ្ណ ចែកចាយអគ្គិសនីបណ្តាញជាតិ បន្តចែកចាយតភ្ជាប់អគ្គិសនី ទៅដល់ខ្នងផ្ទះប្រជាពលរដ្ឋ។
លោកបន្តថា នេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីឱ្យតម្លៃភ្លើងមានភាពស្មើគ្នា ព្រោះរដ្ឋជាអ្នកចេញខាតឱ្យស្មើគ្នា ម្យ៉ាងទៀតរដ្ឋដើរតួជាអាជ្ញាកណ្តាល ក្នុងការសម្របសម្រួលដោះស្រាយ បញ្ហាថ្លៃអគ្គិសនី ហើយភ្លើងនេះ ជាធនធានជាតិរបស់យើងទាំងអស់គ្នា។ ដូច្នេះបងប្អូនប្រជានេសាទ មានដូចជា អ្នកទូកនេសាទ ទូកទេសចរណ៍ដឹកភ្ញៀវ បន្តចូលរួមផ្សព្វផ្សាយពីតំបន់សុវត្ថិភាព និងការចូលរួមថែរក្សាខ្សែភ្លើងក្រោមបាតសមុទ្រ របស់យើងធ្វើយ៉ាងណា ដើម្បីប្រើប្រាស់បានយូរ។
លោកកែវ រតនៈបានបន្តថា កម្ពុជាមានបណ្តាញខ្សែកាបនៅបាតសមុទ្រ និងខ្សែកាបនៅបាតទន្លេ សម្រាប់ចែកជូនប្រជាពលរដ្ឋប្រើប្រាស់មកដល់បច្ចុប្បន្ននេះ អគ្គិសនីកម្ពុជាបានគ្របដណ្តប់លើភូមិចំនួន៩៩ភាគរយ និងបន្តឱ្យប្រជាពលរដ្ឋនៅតាមជនបទ មានភ្លើងប្រើប្រាស់នៅតាមខ្នងផ្ទះ ឱ្យបាន១០០ភាគរយនៅពេលខាងមុខ៕






