[:km]ដោយវុត្ថា
ភ្នំពេញ៖ រាជរដ្ឋាភិបាលបានសម្រេចលើកទឹកចិត្តផ្នែកពន្ធដារ ក្នុងវិស័យមូលបត្រចំពោះក្រុមហ៊ុន ដែលមានបំណងបោះផ្សាយលក់មូលបត្រ (ភាគហ៊ុន ឬបណ្ណបំណុល) ទាំងវិនិយោគិនជាតិ និងវិនិយោគអន្តរជាតិក្នុងវិស័យនេះផងដែរ។
យោងតាមអនុក្រិតលេខ០១ អនក្រ បក ដែលចុះហត្ថលេខាដោយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា សម្រាប់ក្រុមហ៊ុន ឬសហគ្រាសបោះផ្សាយភាគហ៊ុន ឬបណ្ណបំណុលលើកដំបូងជាសាធារណៈ ដែលទទួលបានការអនុញ្ញាតពីគណៈកម្មការមូលបត្រកម្ពុជា ត្រូវទទួលបានការអនុគ្រោះបំណុលពន្ធ ដែលរួមបញ្ចូលពន្ធលើប្រាក់ចំណូលទាំងស្រុង ពន្ធកាត់ទុក អាករលើតម្លៃបន្ថែម អាករពិសេសលើទំនិញ និងសេវាមួយចំនួន អាករស្នាក់នៅ អាករបំភ្លឺសាធារណៈ ដោយការអនុគ្រោះបំណុលពន្ធទាំងស្រុងនោះ គឺគិតចាប់ពីកាលបរិច្ឆេទ N-3 ដល់ N-10 សម្រាប់ក្រុមហ៊ុនឬសហគ្រាស ដែលបានបំពេញលក្ខខណ្ឌក្នុងការចុះបញ្ជីនៅទីផ្សារគោល និងគិតចាប់ពីកាលបរិច្ឆេទ N-2 ដល់ N-10 សម្រាប់សហគ្រាសធនតូច និងមធ្យមដែលបានបំពេញលក្ខខណ្ឌ ក្នុងការចុះបញ្ជីនៅទីផ្សារកំណើន។
បន្ថែមពីនេះ ពន្ធលើប្រាក់ចំណូលដែលក្រុមហ៊ុន ឬសហគ្រាសត្រូវបង់ទៅអគ្គនាយកដ្ឋានពន្ធដារ នឹងត្រូវកាត់បន្ថយ ៥០ភាគរយនៃពន្ធដែលត្រូវបង់នោះ ។ ជាពិសេសដើម្បីអាចបោះផ្សាយមូលបត្របាន ក្រុមហ៊ុនមិនតម្រូវឱ្យមានការធ្វើសវនកម្មពេញលេញជាមុនពីអគ្គនាយកដ្ឋានពន្ធដារនោះទេ ដោយគ្រាន់តែផ្តល់ជូនគណៈកម្មការមូលបត្រកម្ពុជា នូវវិញ្ញាបនបត្របញ្ជាក់កាតព្ធកិច្ចពន្ធ ចេញដោយអគ្គនាយកដ្ឋានពន្ធដារ ដែលជាលិខិតសម្រាប់បញ្ជាក់ពីការប្រកាសពន្ធជាប្រចាំដោយមិនទាន់រងការធ្វើសវនកម្មពីអគ្គនាយកដ្ឋានពន្ធដារ។











