ដោយ: គង់ លាងហួរ
ភ្នំពេញ: ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ការសាងសង់ជីកព្រែកហ្វូណនតេជោ មានសារៈសំខាន់ណាស់ ក្នុងការកាត់បន្ថយតម្លៃដឹកជញ្ជូន និងជួយដល់ជីវភាពនៃការរស់នៅរបស់ប្រជាជនកម្ពុជា។
លោកបានមានប្រសាសន៍ ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTVកាលពីដើមសប្តាហ៍នេះថា “គម្រោងព្រែកជីកនេះ នឹងជំរុញឱ្យមានការរីកចម្រើនយ៉ាងខ្លាំង ក្នុងការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា ដូចដែលអាណាចក្រហ្វូណន ធ្លាប់បានដឹកទំនិញរហូតដល់អឺរ៉ុប ចិន និងឥណ្ឌាកាលពីអតីតកាលផងដែរ”។
លោកបន្ថែមថា នៅក្នុងកិច្ចប្រជុំគណរដ្ឋមន្ត្រី កាលពីខែឧសភាកន្លងទៅ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រគល់ភារកិច្ចដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីជួយពិនិត្យមើលចំនួនថវិកា ត្រូវចំណាយលើការជីកព្រែកហ្វូណនតេជោ ឱ្យបានលំអិត និងបង្កើតគណកម្មការអន្តរក្រសួង ដើម្បីជំរុញការអភិវឌ្ឍ និងការសាងសង់ព្រែកជីកហ្វូណនតេជោនេះ”។
-->
លើសពីនេះ ក្រុមហ៊ុនឯកជនចិនដែលបាន និងកំពុងសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជា បានជួយសិក្សានិងមានគោលបំណងចូលរួមបោះទុនវិនិយោគ ហើយក្រុមហ៊ុនអាចចរចាររៀបចំចុះ MOU ដើម្បីពិនិត្យមើលភាពត្រឹមត្រូវនៃការសាងសង់ ផលចំណេញរបស់ក្រុមហ៊ុន និងផលចំណេញសម្រាប់ជាតិ។
លោកបន្ថែមថា “យើងក៏មានផែទេសចរណ៍នៅខេត្តកំពត ផែទេសចរណ៍នៅខេត្តកែបកោះទន្សាយ ហើយលោកនឹងអញ្ជើញសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវកំពងផែនៅខេត្តកោះកុងនៅថ្ងៃទី២៣មិថុនានេះ”។ លោកបន្តថា “ដូច្នេះហើយ យើងត្រូវសាងសង់ផែទន្លេ និងសមុទ្រឱ្យបានច្រើន ដើម្បីកាត់បន្ថយថ្លៃដឹកទំនិញ គ្រោះថ្នាក់ចរាចរណ៍ និងការខូចខាតផ្លូវថ្នល់”។
រូបតំណាង
លោកស៊ុន ចាន់ថុល ចាត់ទុកថា ព្រែកជីកហ្វូណនតេជោគឺជាគម្រោងប្រវត្តិសាស្ត្រ ដែលយើងជាកូនខ្មែរត្រូវមានមោទនភាព ដែលយើងមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ដែលបានផ្តល់ឱកាសឱ្យយើងបានរៀបចំ គម្រោងជាប្រវត្តិសាស្ត្រនេះឡើង ដើម្បីអនាគតនៃប្រទេសកម្ពុជា”។លោកបន្តទៀតថា ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក តភ្ជាប់ដល់សមុទ្រ ត្រូវបានសិក្សាយ៉ាងលំអិតអស់រយៈពេល២៦ខែ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបដូចជា ដ្រូន ផ្កាយរណប និងម៉ូដែល ដើម្បីជៀសវាងការប៉ះពាល់ដល់បរិស្ថាន ដែលផ្លូវនាវាថ្មីនេះមានចំងាយ១៨០គីឡូម៉ែត្រ ហើយព្រែកជីកនេះ មានប្រវត្តិសាស្ត្រតាំងពីអាណាចក្រហ្វូណនមកម្ល៉េះ ដោយប្រសិទ្ធិនាមថ្មីថា ជាព្រែកជីកហ្វូណនតេជោ ដើម្បីដឹកទំនិញពីទន្លេរហូតដល់សមុទ្រតែម្តង។
លោកទេសរដ្ឋមន្ត្រីបានរំលឹកថា “កាលនោះ អាណាចក្រហ្វូណនមានការរីកចម្រើនណាស់ ក្នុងការដឹកជញ្ជូនទំនិញរហូតដល់អឺរ៉ុប ចិន និងឥណ្ឌា ប៉ុន្តែព្រែកជីកនេះ ត្រូវបានបោះបង់ចោលក្នុងសតវត្សរ៍ទី៥ ឬទី៦”។
លោកបន្ថែមថា យើងបាននិងកំពុងត្រៀម ជីកព្រែកយើងនេះឱ្យបានជ្រៅជាងមុន ដើម្បីអាចអនុញ្ញាតឱ្យកប៉ាល់ចំនួន២ អាចជៀសគ្នាបាន ហើយព្រែកជីកនេះអាចជួយរំដោះទឹកជំនន់បានផងដែរ ដោយយើងធ្វើទ្វារទឹកចំនួន១៥បន្ថែមទៀត ដើម្បីអូសទាញទឹកចូលមកក្នុងព្រែកជីកនេះ”។
លោកបន្តឱ្យដឹងទៀតថា ផ្ទុយទៅវិញនៅរដូវប្រាំង យើងអាចមានទឹករហូតដើម្បីធ្វើកសិកម្ម ហើយប្រជាពលរដ្ឋកម្ពុជាចំនួន១,៦លាននាក់ ដែលរស់នៅតាមដងព្រែកជីកហ្វូណនតេជោ ប្រវែង១៨០គីឡូមែត្រនេះ អាចមានទឹកប្រើប្រាស់គ្រប់គ្រាន់ និងអាចដាក់ចិញ្ចឹមត្រីបាន ហើយភ្ញៀវទេសចរអាចធ្វើដំណើរ តាមផ្លូវទឹកទៅលេងនៅកែប កំពត ឬខេត្តព្រះសីហនុ។
លោកបញ្ជាក់ទៀតថា “នៅតាមផ្លូវព្រែកជីកនេះ នឹងអាចមានតំបន់ពាណិជ្ជកម្ម មានភោជនីយដ្ឋាន មានតំបន់សេដ្ឋកិច្ចពិសេស ដូច្នេះយើងឃើញថា ការជីកព្រែកមានផលចំណេញច្រើន ដោយបច្ចេកទេសមិនមានបញ្ហាទេ ព្រោះយើងខ្លាចទឹកប្រៃហូរចូលទឹកសាប ប៉ុន្តែយើងមានទ្វារទឹកសម្រាប់ដោះស្រាយ”។
ទាក់ទិនបញ្ហាផ្លូវច្បាប់ជាមួយបណ្តាប្រទេស នៃមហាអនុតំបន់ទន្លេមេគង្គ លោកស៊ុន ចាន់ថុលបានអះអាងថា ទាក់ទិននឹងផ្លូវច្បាប់ យើងមានកិច្ចព្រមព្រៀងទន្លេមេគង្គឆ្នាំ១៩៩៥ ដែលបានចែងយ៉ាងច្បាស់ថាទន្លេមេគឺជាទន្លេរ ដែលហូរពីប្រទេសចិនមកដល់ប្រទេសភូមា ថៃ ឡាវ កម្ពុជា និងហូរទៅដល់ប្រទេសវៀតណាម។ ដៃទន្លេធម្មជាតិ ឬព្រែកគឺជាប្រព័ន្ធរបស់ទន្លេមេ ដូច្នេះបើប្រើប្រាស់ដៃទន្លេ យើងគ្រាន់តែត្រឹមជូនដំណឹង ទៅដល់ភាគី៣ទៀត ដូចជា ប្រទេសវៀតណាម ថៃ និងឡាវប៉ុណ្ណោះ។
លោកបានឱ្យដឹងទៀតថា គម្រោងព្រែកជីកនេះ មិនមានផលប៉ះពាល់ធំដុំទៅលើបរិស្ថាននោះទេ ពីព្រោះវាជាព្រែកស្រាប់ ដោយយើងគ្រាន់តែជីកឱ្យបានធំ និងជ្រៅជាងមុន តែផ្ទុយទៅវិញ យើងអាចចិញ្ចឹមត្រីបានថែមទៀត និងទទួលបានផលចំណេញ មិនប៉ះពាល់បរិស្ថាន”៕