ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបង្ហើបឲ្យដឹងថា ក្រសួងកំពុងសិក្សាជាមួយក្រុមហ៊ុនឯកជន ដើម្បីពង្រីកផ្លូវពីក្រុងខេមរភូមិន្ទ ទៅកាន់ព្រំដែនថៃ។
លោកបានមានប្រសាសន៍ នៅក្នុងពីពិធីសម្ភោធដាក់ឲ្យប្រើប្រាស់កំពង់ផែក្នុងក្រុងខេមរៈភូមិន្ទនាព្រឹកថ្ងៃទី២៣ មិថុនានេះថា ការចុះពិនិត្យផ្លូវនេះ គឺមិនត្រឹមតែពិនិត្យទេ ប៉ុន្តែក្រសួងនិងក្រុមហ៊ុនកំពុងសិក្សាជម្រើសបច្ចេកទេសមួយចំនួន ដើម្បីស្វែងរកថវិកាមកសាងសង់ផ្លូវនេះ។
លោកបន្តថា “យើងគ្រោងពង្រីកផ្លូវនេះ ពីស្ពានកោះកុង ទៅកាន់ព្រំដែនកម្ពុជា ថៃ ជាបួនគន្លងរថយន្តនាពេលខាងមុខ”។ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលបានបន្តថា យើងកំពុងពង្រឹង ពង្រីកផ្លូវលេខ៤៨ ដែលកន្លែងខ្លះយើងពង្រីកជាបួនគន្លង ហើយម្សិលម៉ិញនេះ យើងបានទៅមើលផ្លូវពីស្ពាន ទៅកាន់ទល់ដែនកម្ពុជា ថៃ ដើម្បីរៀបចំនិតិវិធីស្តារផ្លូវនេះឲ្យបានល្អ។ លោកបន្តថា យើងកំពុងសិក្សាថា គួរចាក់បេតុងបើបេតុងចាស់ ឬគាស់បេតុងចាស់ ចាក់បេតុងថ្មី ឬគាស់បេតុងចាស់ ហើយចាក់កៅស៊ូបេតុងវិញ តើជម្រើសមួយណាល្អជាង?។
លោកបន្តថា យើងកំពុងសិក្សានិងប្រៀបធៀបតម្លៃ រវាងការស្តារផ្លូវរបស់យើង ទៅកាន់ព្រំដែនកម្ពុជា ថៃ។ យើងកំពុងសិក្សាថាតើគួរសាងសង់ស្ពានថ្មីជាបួនគន្លង ឬរក្សាទុកស្ពានចាស់ ហើយសាងសង់ស្ពានថ្មីជាបួនគន្លងតែម្តង។
លោកបន្តថា “យើងកំពុងសិក្សា និងស្វែងរកថវិកាពីណាមក ព្រោះការសាងសង់ស្ពាន ផ្លូវមានសារៈសំខាន់ណាស់ ដើម្បីជម្រុញសេដ្ឋកិច្ចឲ្យទៅមុខ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ”៕