លោកបណ្ឌិតហ៊ុន ម៉ាណែតៈកត្តាសន្តិភាពនិងស្ថេរភាពនយោបាយជាមូលដ្ឋានដ៏រ៉ឹងមាំនៃការអភិវឌ្ឍន៍ជាតិ

0
17.PR , Promotion Feb (W. 1280px x H.671px)

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាបេក្ខជននាយករដ្ឋមន្រ្តីបានថ្លែងថា កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ បានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ដំណើរការនៃការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។

លោកថ្លែងបែបនេះ ក្នុងពិធីប្រកាសសមាសភាព និងសំណេះ​សំណាលជាមួយក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី នៅថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ បានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ដំណើរការនៃការអភិវឌ្ឍ ប្រទេសជាតិលើគ្រប់វិស័យ រួមទាំងខេត្តរតនគិរីផ្ទាល់ ដែលបានប្រែក្លាយពីខេត្តដាច់ស្រយាល មកជាខេត្តដែលកំពុងខិតកៀកជិត ទៅនឹងបណ្តាខេត្តដទៃនានាទូទាំងប្រទេស តាមរយៈការធ្វើពិពិធកម្មលើគ្រប់វិស័យ”។លោកបានបន្តថា ជាក់ស្តែង ការកសាងហេដ្ឋារចនាសម្ព័ន្ធគម​នាគមន៍ដ៏សម្បូរបែប បានធ្វើឱ្យសកម្មភាពសេដ្ឋកិច្ច-សង្គម នៅក្នុងខេត្តនេះ កាន់តែមានភាពរស់រវើក ហើយក៏បានបើកឱកាសរីកចម្រើនផ្នែកជីវភាព ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន រួមទាំងបងប្អូនប្រជាពលរដ្ឋគ្រប់ជនជាតិ នៅក្នុងខេត្តរតនគិរី ទាំងក្នុងពេលបច្ចុ​ប្បន្ន និងតកូនចៅជាច្រើនជំនាន់ទៅមុខទៀត

លោកបណ្ឌិតបានបញ្ជាក់ថា វឌ្ឍនភាពនេះ មិនមែនកើតទ្បើងដោយចៃដន្យនោះទេ ប៉ុន្តែជាសមិទ្ធផលនៃចក្ខុវិស័យ និងគោលជំហររឹងមាំក្នុងបុព្វហេតុឥតប្រែប្រួល របស់គណបក្សប្រជាជនកម្ពុជា គឺការបម្រើជាតិ និងប្រជាជន ដែលត្រូវបានកំណត់ ជាគោលនយោបាយអាទិភាពចម្បងបំផុត ចាប់តាំងពីថ្ងៃកំណើតបក្ស បន្តរហូតមកដល់បច្ចុប្បន្ន។

លោកបណ្ឌិតហ៊ុន ម៉ាណែតបានបន្តទៀតថា ជាក់ស្តែង គោលនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំផ្ទាល់របស់ សម្តេចតេជោ រួមជាមួយនឹងថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា បានបញ្ចប់ទាំង​ស្រុងនូវសង្គ្រាម និងជម្លោះបែកបាក់ផ្ទៃក្នុង ដោយនាំមកនូវសុខសន្តិភាពពេញលេញ នៅទូទាំងប្រទេស ដែលមិនធ្លាប់មានឡើយក្នុងប្រវត្តិសាស្រ្តជាង៥០០ឆ្នាំរបស់កម្ពុជា។លោកបន្តថា នៅក្នុងគ្រប់ដំណាក់កាលទាំងអស់ នៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងរយៈកាលកន្លងមកនេះ គឺសម្តេចតេជោ ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា របស់គណបក្សប្រជាជនកម្ពុជា ក៏បានតម្កល់ការសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋ ជាកត្តាអាទិភាពចម្ប​ងបំផុតដោយក្នុងនេះ សម្តេចតេជោ បានធ្វើការវាយតម្លៃសភាពការ​ណ៍ច្បាស់លាស់ និងហ៊ានធ្វើការអារកាត់សម្រេចចិត្ត បានត្រឹមត្រូវ និងទាន់ពេលវេលា ទាំងតាមរយៈការបង្ការការពារ, ការព្យាបាល, ការចាក់វ៉ាក់សាំង និងការជួយឧបត្ថម្ភទំនុកបម្រុង ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រហូតឈានដល់ការបើកដំណើរការ ប្រទេសជាប្រក្រតី និងមានលំនឹងស្ថិរភាពទ្បើងវិញ ដូចសព្វថ្ងៃនេះ។

លោក ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ពិតណាស់ សមិទ្ធផលនានារបស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈកាលប្រមាណ៤៤ឆ្នាំ កន្លងមកនេះ គឺកើតឡើងពីបុព្វហេតុដ៏ត្រឹមត្រូវ និងកម្មវិធីនយោបាយច្បាស់លាស់របស់គណបក្ស ដែលត្រូវបានប្រែក្លាយជាគោលនយោ​បាយរបស់រាជរដ្ឋាភិបាល នៅរៀងរាល់អាណត្តិនយោបាយ បន្ទាប់ពីជ័យជម្នះក្នុងការបោះឆ្នោត។មួយវិញទៀត គោលនយោបាយទាំងនេះ ក៏ត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព និងប្រសិទ្ធផល ដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់គ្រប់យន្តការ និងតួអង្គពាក់ព័ន្ធ ជាពិសេសសកម្មជនយុវជនគណបក្សគ្រប់រូប ដែលជាកម្លាំងស្នូលដ៏មោះមុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here