ដោយ: គង់ លាងហួរ
ភ្នំពេញ: សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឲ្យក្រសួងយុត្តិធម៌ ពន្លឿនការបង្កើត តុលាការពាណិជ្ជកម្ម និងដំណើរការឲ្យបានឆាប់ក្នុងឆ្នាំនេះ ដើម្បីធានាដល់ការដោះស្រាយវិវាទពាណិជ្ជកម្ម និងដើម្បីកែលម្អបរិយាកាស វិនិយោគ និងធុរកិច្ចនៅកម្ពុជា។
សម្ដេចតេជោ បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធអគារថ្មីសម្រាប់តុលាការយុត្តិធម៌ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វាថា ក្រសួងយុត្តិធម៌បានបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់តុលាការពាណិជ្ជកម្មប្រកបដោយគុណភាព និងតម្លាភាព ដើម្បីបង្កើនទំនុកចិត្តលើការវិនិយោគ និងអាជីវកម្ម។
សម្តេចតេជោ បានមានប្រសាសន៍បន្តថា “សម្តេចស្នើឱ្យមានការខិតខំប្រឹងប្រែងដើម្បីជំរុញឱ្យមានការចេញច្បាប់ស្តីពីតុលាការពាណិជ្ជកម្មនៅអាណត្តិក្រោយនៃរដ្ឋាភិបាលថ្មី”។
-->
យោងតាមក្រសួងយុត្តិធម៌បានឱ្យដឹងថា ការបង្កើតតុលាការឯកទេសនឹងបង្កើនទំនុកចិត្តរបស់អ្នកវិនិយោគតាមរយៈការលើកកម្ពស់គុណភាពនៃសេវាកម្មក្នុងការដោះស្រាយសំណុំរឿង ដែលរួមចំណែកកាត់បន្ថយការកកស្ទះក្នុងសំណុំរឿងតុលាការតាមរយៈនីតិវិធីកាន់តែលឿនរហ័សជាងមុន។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា (CCC) បានមានប្រសាសន៍ថា នៅពេលបើកដំណើរការ តុលាការពាណិជ្ជកម្មនឹងដំណើរការវិវាទពាណិជ្ជកម្មរបស់ខ្លួនក្នុងទីក្រុងភ្នំពេញ ដាច់ដោយឡែកពីតុលាការព្រហ្មទណ្ឌ។ ចំណែកខេត្តដែលមាន ករណីវិវាទពាណិជ្ជកម្មច្រើន នឹងត្រូវពិចារណា ដើម្បីបង្កើតតុលាការពាណិជ្ជកម្មផងដែរ។ បច្ចុប្បន្ន វិវាទធុរកិច្ចនៅកម្ពុជាត្រូវបានដោះស្រាយជាចម្បងតាមរយៈមជ្ឈមណ្ឌលមជ្ឈត្តកម្មពាណិជ្ជកម្មជាតិខណៈវិវាទធ្ងន់ធ្ងរ ត្រូវកាត់ក្តីតាមតុលាការព្រហ្មទណ្ឌ។
ទន្ទឹមគ្នានេះ សភាពាណិជ្ជកម្មកម្ពុជា (CCC) និងក្រសួងយុត្តិធម៌កំពុងធ្វើការដើម្បីធ្វើឱ្យតុលាការពាណិជ្ជកម្មដំណើរការវិវាទពាណិជ្ជកម្មប្រកបដោយតម្លាភាព។
លោកឧកញ៉ា លឹម ហេង បន្ថែមទៀតថា “ប្រសិនបើកម្ពុជាមានតុលាការពាណិជ្ជកម្មនោះវា នឹងជួយជំរុញឱ្យមានការវិនិយោគបន្ថែមទៀត ដោយសារក្រុមអ្នកធុរកិច្ចអាចមានទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌របស់យើង”។
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានមានប្រសាសន៍ថា ការបង្កើតតុលាការពាណិជ្ជកម្មមានសារៈសំខាន់ណាស់ក្នុងការពង្រឹងទំនុកចិត្តក្នុងការដោះស្រាយវិវាទពាណិជ្ជកម្ម និងការលើកកម្ពស់បរិយាកាសវិនិយោគដ៏អំណោយផលនៅកម្ពុជា៕