សុខុម
ញូវយ៉ក: សេតវិមានកាលពីថ្ងៃច័ន្ទ ទី២៦ ខែមិថុនា បានលៃទុកកញ្ចប់ថវិកា៤២ពាន់លានដុល្លារ ដើម្បីធ្វើឱ្យសេវាអ៊ីនធឺណិតល្បឿនលឿនគ្របដណ្ដប់ពាសពេញផ្ទៃប្រទេសនៅត្រឹមឆ្នាំ២០៣០ ខណៈខ្លួនបានចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយថ្មីមួយសម្រាប់គោលនយោបាយសេដ្ឋកិច្ចរបស់ប្រធានាធិបតី ចូ បៃឌិន។
ការផ្ដល់ហិរញ្ញប្បទានក្រោមកម្មវិធីដែលមានឈ្មោះថា Broadband Equity Access and Deployment Program នេះត្រូវបានអនុញ្ញាតដោយច្បាប់ហេដ្ឋារចនាសម្ព័ន្ធឆ្នាំ២០២១ ដែលមានទំហំទឹកប្រាក់រហូតដល់ទៅ១ទ្រីលានដុល្លារ ដែលលោក ចូ បៃឌិន បានផ្ដល់អាទិភាពសំខាន់ជាងគេ។
-->
ការចំណាយនេះនឹងផ្អែកលើផែនទីគ្របដណ្តប់របស់គណៈកម្មាធិការទូរគមនាគមន៍សហព័ន្ធ ដែលត្រូវបានបញ្ចេញកាលពីពេលថ្មីៗនេះ ដែលរៀបរាប់លម្អិតអំពីគម្លាតក្នុងការទទួលបានសេវាអ៊ីនធឺណិតល្បឿនលឿន។
ក្នុងចំណោមរដ្ឋ និងដែនដីទាំង៥០របស់សហរដ្ឋអាមេរិក រដ្ឋតិចសាស (Texas) និងរដ្ឋកាលីហ្វ័រញ៉ា ជារដ្ឋដែលមានប្រជាជនច្រើនជាងគេបំផុតរបស់សហរដ្ឋអាមេរិក ទទួលបានហិរញ្ញប្បទានច្រើនជាងគេក្នុងគម្រោងនេះ ដោយរដ្ឋតិចសាស នឹងទទួលបាន៣,១ពាន់លានដុល្លារ ហើយរដ្ឋកាលីហ្វ័រញ៉ា នឹងទទួលបាន១,៩ពាន់លានដុល្លារ។
លោក ចូ បៃឌិន បានថ្លែងសុន្ទរកថានៅសេតវិមាន កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះថា “វាជាការវិនិយោគដ៏ធំបំផុតលើសេវាអ៊ីនធឺណេតល្បឿនលឿនដែលមិនធ្លាប់មាន។ ដោយសារដើម្បីធ្វើឱ្យសេដ្ឋកិច្ចនាពេលបច្ចុប្បន្នដំណើរការទៅមុខរលូនសម្រាប់អ្នកគ្រប់គ្នា ការទទួលបានសេវាអ៊ីនធឺណិតគឺមានសារៈសំខាន់ដូចអគ្គិសនី ឬ ទឹកស្អាត ឬសេវាមូលដ្ឋានផ្សេងៗទៀតដែរ”៕ Reuters៕