ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកឡើងថា កម្ពុជាខាតបង់ប្រាក់ដឹកជញ្ជូន ក្នុងទឹកប្រាក់ជាង៨០ដុល្លារក្នុង១កុងតឺន័រ ដោយសារកត្ដាជម្រៅទឹករាក់ នៅកំពង់ផែក្រុងព្រះសីហនុ។
ការថ្លែងយ៉ាងដូច្នេះរបស់សម្ដេចតេជោ បានធ្វើឡើងក្នុងជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៣។
សម្ដេចនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា “សព្វថ្ងៃយើងខាតបង់ទៅលើថ្លៃដឹកជញ្ជូននេះ ត្រង់ថាកប៉ាល់ធំៗដែលចូលមកកំពង់ផែខេត្តព្រះសីហនុនេះ គឺអាធំមែនទែនចូលមកអត់ទាន់បាន ដោយសារជម្រៅទឹកយើងរាក់”។ សម្តេចបន្តថា “អីចឹងបានជាយើងត្រូវផ្ទេរនៅសាំងហ្កាពួ នៅឯវៀតណាម ឬប្រទេសដទៃផ្សេងទៀត។ អ៊ីចឹងត្រូវធ្វើឲ្យយើងខាតការដឹកជញ្ជូន៨០ដុល្លារក្នុង១កុងតឺន័រ”។
សម្ដេចតេជោបានបន្ដថា ដើម្បីពង្រឹងសមត្ថភាព ក្នុងការដឹកជញ្ជូនតាមផ្លូវទឹក ប្រើសិនបើកម្ពុជាបានប្រើឥណទានជប៉ុន ជួយក្នុងការស្ដារជម្រៅទឹកកាន់តែជ្រៅ ដូច្នេះការចូលរបស់កប៉ាល់ធុនធំ ឬធុនធ្ងន់ មិនចាំប៉ាច់ចូលផែនៅប្រទេសវៀតណាម ឬប្រទេសដទៃទៀតនោះទេ។
សម្ដេចថានោះហើយ គឺជាការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីទាក់ទាញបន្ថែម សម្រាប់ការវិនិយោគក្នុងប្រទេស និងបង្កើតការងារក្នុងមួយឆ្នាំ៣០ម៉ឺនកន្លែង ស្របតាមកំណើនប្រជាជនរៀងរាល់ឆ្នាំ៕






