វិស័យកម្មន្តសាលកម្ពុជាកាន់តែខ្លាំង ធ្វើឲ្យកម្ពុជារកចំណូលបាន ជាង១០០០​លានដុល្លារ

0

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ទឹកប្រាក់​ជាង១,២៥​ពាន់​លាន​ដុល្លារ ​ត្រូវបាន​កម្ពុជា​ប្រមូលបាន​ពី​ការនាំចេញ​ម៉ាស៊ីន ឧបករណ៍​អគ្គិសនី និង​បំណែក​របស់​វា នា​រយៈពេល​៥ ខែ​ដើមឆ្នាំ​ ២០២៣ កើន​ជិត១០០​ភាគ​​រយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន។

ខណៈ​ក្នុង​ខែឧសភា ឆ្នាំ​២០២៣ ការ​នាំចេញ​កើន​លើស​១០០​ ភាគរយ​។ នេះ​បើតាម​ស្ថិតិ​ពាណិជ្ជកម្ម​នាំចេញ​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។​

យោងតាម​ស្ថិតិ​ទំនិញ​ពាណិជ្ជកម្ម​នាំ​ចេញ ​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជាបានឲ្យដឹងថា ចន្លោះ​ពី​ខែមករា ដល់​ខែឧសភា ឆ្នាំ ​២០២៣ ការនាំចេញ​ទំនិញ​ស្ថិតក្នុង​ជំពូក​ (HS ២​ខ្ពង់​)​ លេខ​កូដ ៨៥ ដែល​រួមមាន​ម៉ាស៊ីន ឧបករណ៍​អគ្គិសនី និង​បំណែក​របស់​វា មាន​ទឹកប្រាក់​សរុប ១២៥៣,៤៦​លាន​ដុល្លារ កើន៩៦​ភាគ​​រយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ដែលមាន ៦៣៩,៦​ លាន​ដុល្លារ​។ ទឹក​​ប្រាក់​នេះ​ស្មើ១៣,៦​ភាគរយ ​នៃ​ការនាំ​ចេញ​សរុប​របស់​កម្ពុជា​ ដែលមាន​ចំនួន​ទឹកប្រាក់ជាង៩១៨៣លាន​ដុល្លារ​។​

ដោយឡែក​សម្រាប់​ខែឧសភា ឆ្នាំ ​២០២៣ ការនាំចេញ​ផលិត​ផល​ខាង​លើ មាន​ចំនួន២៧៤,៤១លាន​ដុល្លារ កើនឡើង១០២,៤ ​ភាគរយ​ បើ​ធៀប​នឹង​ខែឧសភា ឆ្នាំ​២០២២ ដែលមាន១៣៥,៥៦​ លាន​ដុល្លារ​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោកឧកញ៉ាលឹម ហេង បានមានប្រសាសន៍ថា ​កម្ពុជា​បានក្លាយ​ជាទី​តាំង ​ផលិត​គ្រឿង​ម៉ាស៊ីន ឧបករណ៍​អគ្គិសនី និង​គ្រឿង​បង្គុំ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ពិភពលោក​។ កំណើន​ទឹកប្រាក់​នាំចេញ​ ផលិតផល​ទាំងនេះ​បង្ហាញថា​កម្ពុជា​ពេលនេះ ​មិន​ពឹងផ្អែក​ខ្លាំង​លើ​ការនាំចេញ​ផលិតផល​ ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​ទៀត​ទេ​។លោក​បន្តថា សម្រាប់​មូលហេតុ ​ដែល​រោងចក្រ​ផលិត​ផលិត​​ផល​ទាំងអស់នេះ ​មាននៅ​កម្ពុជា​កាន់​តែ​ច្រើន គឺ​ដោយសារ​កម្ពុជា​មានច្បាប់​វិនិយោគ​ទាក់ទាញ សម្បូរ​កម្លាំង​ពល​កម្ម​ជំនាញ ​និង​មានតម្លៃ​សមរម្យ មាន​ទីផ្សារ​ទទួល​ទិញ​ច្រើន និង​ជាពិសេស​កម្ពុ​ជាមាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំចូល ​ទំនិញ​ទៅកាន់​ប្រទេស​ជាច្រើន​៕​

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពី​សប្តាហ៍​មុន ទើប​អនុម័ត​ឱ្យ​ក្រុមហ៊ុន៣សាងសង់​ រោងចក្រ​ផលិត​ឧបករណ៍​អគ្គិសនី និង​បំណែក​របស់​វា ដោយ​រួម​មាន ក្រុមហ៊ុន Rongdasheng Industrial Co., Ltd, ក្រុមហ៊ុន TG-Brother Electronic Lighting Co., Ltd. និង​ក្រុមហ៊ុន Boxu Crafts Co., Ltd.​។ គម្រោង​ទាំង ៣ មាន​ទុន​វិ​និ​យោគ​សរុប១២,៥​លាន​ដុល្លារ​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here