ដោយ: គង់ លាងហួរ
សិង្ហបុរី: ក្រុមហ៊ុនវិនិយោគរដ្ឋរបស់ប្រទេសសិង្ហបុរី Temasek កំពុងលក់ភាគហ៊ុន ប្រហែល៤០០លានដុល្លារសិង្ហបុរី (២៩៥,៩២លានដុល្លារអាមេរិក) ឬស្មើនឹងភាគហ៊ុន១,៨៥ភាគរយ នៅក្នុងក្រុមហ៊ុនអាកាសចរណ៍ជាតិសិង្ហបុរី (SIA)។
ភាគហ៊ុនមានតម្លៃចន្លោះពី៧,២០២ដុល្លារសិង្ហបុរី ទៅដល់៧,២៨៣ដុល្លារសិង្ហបុរី ក្នុងមួយហ៊ុន ដែលតំណាងឱ្យការបញ្ចុះតម្លៃ២,៨៩ភាគរយ និង៣,៩៧ភាគរយ ដល់ការបិទចុងក្រោយត្រឹម៧,៥០ដុល្លារសិង្ហបុរី កាលពីថ្ងៃពុធម្សិលមិញនេះ។
-->
ក្រុមហ៊ុន Temasek នឹងបន្តរក្សាតំណែង ជាម្ចាស់ភាគហ៊ុនធំបំផុតនៅក្នុងក្រុមហ៊ុន SIA ជាមួយនឹងភាគហ៊ុន៥៣,៥ភាគរយ។ នេះបើយោងតាមការគណនារបស់សារពត៌មាន Reuters។
លោក Juliet Teo ប្រធានផ្នែកដឹកជញ្ជូន និងភស្តុភាររបស់ក្រុមហ៊ុន Temasek បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ តាមអ៊ីមែលជាការឆ្លើយតប ទៅនឹងសំណួររបស់សារពត៌មានរ៉យទ័រ នៅថ្ងៃពុធនេះថា “ក្នុងនាមជាអ្នកវិនិយោគដ៏សកម្មម្នាក់ យើងធ្វើការផ្លាស់ប្តូរ និងធ្វើឱ្យសមតុល្យ ផលប័ត្ររបស់យើងឡើងវិញ យ៉ាងទៀងទាត់ ដើម្បីផ្តល់ផលចំណេញ ប្រកបដោយនិរន្តរភាពក្នុងរយៈពេលវែង”។
ក្រុមហ៊ុន SIA បានប្រកាសកាលពីខែមុន នូវប្រាក់ចំណេញខ្ពស់បំផុតចំនួន២,១៦ ពាន់លានដុល្លារសិង្ហបុរីសម្រាប់ឆ្នាំ ដែលត្រូវបានបញ្ចប់នៅថ្ងៃទី៣១ ខែមីនា បន្ទាប់ពីបានប្រកាសការខាតបង់អស់រយៈពេល៣ឆ្នាំកន្លងមកនេះ។
ក្រុមហ៊ុនបានឈាន ទៅដល់ការចាប់ផ្តើមដ៏រឹងមាំ ជាមួយនឹងចំនួននៃការកក់ ជើងហោះហើរខ្ពស់ជាងមុន ទៅកាន់ប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង នៅស្របពេលដែលការទប់ស្កាត់ជំងឺរាតត្បាតត្រូវបានបញ្ចប់នៅទូទាំងពិភពលោក។ជាក់ស្តែង ភាគហ៊ុនរបស់ក្រុមហ៊ុនSIA បានហក់ឡើងថ្លៃជិត៣៦ភាគរយនៅក្នុងឆ្នាំនេះ៕