ដោយ: គង់ លាងហួរ
ភ្នំពេញ: អ្នកស្រាវជ្រាវកម្ពុជាមួយរូប បានលើកឡើងកាលពីថ្ងៃពុធម្សិលមិញនេះថា ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ទ្វេរភាគី Diamond Hexagon នឹងចាក់បញ្ចូលកម្លាំងជំរុញថ្មី ចូលទៅក្នុងការកសាងសហគមន៍កម្ពុជា -ចិនជាមួយនឹងអនាគតរួមគ្នា ក្នុងយុគសម័យថ្មី។
ត្រូវបានបង្កើតឡើង ដោយប្រទេសទាំងពីរក្នុងខែកុម្ភៈ ក្របខណ្ឌកិច្ចសហប្រតិបត្តិការ Diamond Hexagon បានផ្តោតលើវិស័យអាទិភាពចំនួនប្រាំមួយ រួមមានកិច្ចសហប្រតិបត្តិការ នយោបាយ សមត្ថភាព និងគុណភាពនៃផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
លោក ថោង ម៉េងដាវីដ អ្នកស្រាវជ្រាវនៅវិទ្យាស្ថានទស្សនវិស័យអាស៊ី ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ បានអះអាងថា ខណៈដែលឆ្នាំ២០២៣ គឺជាខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ Diamond Hexagon នឹងផ្តល់សន្ទុះថ្មីដល់ការអភិវឌ្ឍទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
-->
លោកបានប្រាប់សារពត៌មាន Xinhua ថា “ជាមួយនឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ Diamond Hexagon ដែលបានបង្កើតឡើងថ្មីនេះ ប្រទេសទាំងពីរនឹងអាចសម្រេច បាននូវកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច និងសន្តិសុខបន្ថែមទៀតឆ្ពោះទៅរកសហគមន៍ ដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី”។
លោកបានបន្តថា “ការគាំទ្ររបស់ប្រទេសចិន ចំពោះភាពជោគ ជ័យរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ-១៩ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានកសាងចំណងមិត្តភាពជាបងប្អូនកាន់តែរឹងមាំ រវាងប្រទេសទាំងពីរ ហើយប្រទេសចិនក៏ជាកត្តាជំរុញសេដ្ឋកិច្ចដ៏សំខាន់មួយ និងអ្នកផ្តល់ជំនួយមនុស្សធម៌ ដល់កម្ពុជាផងដែរ”។
លោកបានបន្តថា “ក្រោមកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលបានចូលជាធរមានក្នុងឆ្នាំ ២០២២ ទំហំពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា -ចិនបានកើនឡើងយ៉ាងខ្លាំង”។
លោកបានបន្ថែមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងពីរ បានជួយសម្រួល ដល់សេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។
ខណៈដែលឆ្នាំ២០២៣នេះ គឺជាខួបលើកទី១០នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) អ្នកស្រាវជ្រាវរូបនេះបានលើកឡើងថា កម្ពុជាស្ថិតក្នុងចំណោមប្រទេស ដែលបានគាំទ្រទីមួយដំបូងគេលើគម្រោងBRI ដែលត្រូវបានស្នើឡើង ដោយប្រទេសចិនកាលពីឆ្នាំ២០១៣។
លោក ថោង ម៉េងដាវីដ បានបញ្ជាក់ថា “ស្ថិតក្រោមគម្រោង BRI កម្ពុជា និងចិនបានជំរុញយ៉ាងសកម្ម នូវកិច្ចសហប្រតិបត្តិការជាក់ស្តែង ក្នុងវិស័យលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន កសិកម្ម ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ក្នុងចំណោមប្រទេសដទៃទៀត”។
លោកបានបន្ថែមថា “គម្រោងធំៗជាច្រើន ដែលស្ថិតក្រោមគំនិតផ្តួចផ្តើម BRI មានដូចជា រោងចក្រវារីអគ្គិសនី តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ពហុកីឡដ្ឋានជាតិមរតកតេជោ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ក៏ដូចជា ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព”៕