អ្នកជំនាញក្នុងវិស័យឯកជនសាទរការអនុវត្តច្បាប់វិនិយោគថ្មី នៃកម្ពុជា

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមអ្នកជំនាញមកពីវិស័យ​ឯកជន​អះអាងថា អនុក្រឹត្យ​ស្តីពី​ការអនុវត្ត​ច្បាប់​ស្តីពី​ វិនិយោគ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា នឹង​ដើរតួនាទី​សំខាន់ ​ក្នុង​ការបង្កើន​សក្តានុពល​ ទាក់​ទាញ​អ្នកវិនិយោគ​ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែច្រើន។

វា​ជា​ផ្នែក​សំខាន់​មួយ ​ក្នុងការ​​គាំទ្រ​ដល់​ផែនការ​យុទ្ធសាស្ត្រ​រាជរដ្ឋាភិបាល​ក្នុងការ​ប្រែក្លាយ​កម្ពុជា ​ទៅជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​ ២០៣០ និង​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​ ២០៥០​។​

យោងតាម​សេចក្តីប្រកាស​ របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កា​លពី​ថ្ងៃទី​២៧ ខែមិថុនា​បានឱ្យដឹងថា សម្តេចនាយក​​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី ​២៦ ខែមិថុនា បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​លេខ ១៣៩ អនក្រ​.​បក ស្តីពី​ការអនុវត្ត​ច្បាប់​ស្តីពី​វិនិយោគ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ច្បាប់​នេះ​ត្រូវ​បានប្រកាស​ឱ្យប្រើ​ ដោយ​ព្រះរាជក្រម​លេខ នស​/​រកម​/១០២១/០១៤ ចុះ​ថ្ងៃទី​ ១៥ ខែតុលា ឆ្នាំ​ ២០២១​។​

លោកបណ្ឌិតតាន់ មុនី​វណ្ណ អគ្គនាយករង​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បាន​មានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២៨ ខែមិថុនា​ថា ច្បាប់​ស្តីពី​វិនិយោគ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​(​ថ្មី​) គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់​ក្នុងការ​ទាក់ទាញ និង​លើកទឹកចិត្ត​អ្នកវិនិយោគ​ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែច្រើន​។លោកបញ្ជាក់ថា “ច្បាប់​ថ្មី​នេះ​ត្រូវបាន​រៀបចំឡើង ​ដោយ​ផ្ចិតផ្ចង់ និង​ឆ្លងកាត់​ការពិគ្រោះ​យោបល់ និង​ផ្តល់​ធាតុ​ចូល​ពី​គ្រប់ផ្នែក​ពាក់ព័ន្ធ ពិសេស​វា​បាន​ដើរ​ស្រប ​នឹង​ការ​​វិ​វ​ឌ្ឍ​នៃ​សេដ្ឋកិច្ច​​សង្គម ​ក្នុង​បរិបទ​នៃ​បដិវត្ត​ឧស្សាហកម្ម ៤.០ ខណៈ​ច្បាប់​ចាស់​ត្រូវបាន​បង្កើតឡើង ​តាំងពី​ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៩០”​។លោក​ថ្លែងថា​ “​ច្បាប់​ថ្មី​នេះ​នឹង​ជួយ​ទាក់ទាញ​អ្នកវិនិយោគ ​ឱ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែច្រើន ព្រោះ​ច្បាប់​នេះ​ គឺមាន​លក្ខណពិសេស​មួយ​ចំនួន”។

ចំណុចពិសេសនៃច្បាប់នេះមាន​ដូចជា ការលើកទឹកចិត្ត ការសម្រួល​នីតិវិធី​ចុះបញ្ជី ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា និង​សមត្ថភាព​នៃ​ធនធានមនុស្ស​នៅ​កម្ពុជា​ផងដែរ​។​ ​

ចំណែកលោកលោកតែ តាំង​ប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា បានមានប្រសាសន៍ឲ្យដឹងផងដែរថា ច្បាប់​វិនិយោគ​ថ្មី​នឹងចូលរួម​ចំណែក​យ៉ាងច្រើន​ ក្នុងការ​លើកទឹកចិត្ត​ឱ្យមាន​ការបណ្តាក់ទុន​ក្នុង​ផលិតកម្ម​ធុន​តូច និង​មធ្យម ព្រោះ​អ្វីៗ​ត្រូវបាន​សម្រួល​ឱ្យ​កាន់តែ​ងាយស្រួល​។​លោក​ប្រាប់ថា​ “យើង​ពិតជា​រីករាយ និង​ស្វាគមន៍​ចំពោះ​ច្បាប់​ថ្មី​នេះ ព្រោះ​វា​បាន​លើកទឹកចិត្ត​ច្រើន​ដល់ SME ហើយ​ក៏មាន​ភាពបត់បែន​ទៅតាម​បរិ​បទ​សេដ្ឋកិច្ច​នាពេលនេះ​ផងដែរ​”។​ លោកបន្តថា ប្រសិនបើ​អគ្គិសនី​នៅ​កម្ពុជា ​អាចមាន​តម្លៃ​កាន់តែ​ទាប​បន្ថែមទៀត​នោះ ឱកាស​ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​នឹងមាន​កាន់តែច្រើន​។​

ជាមួយគ្នានេះ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោកឧកញ៉ា លឹម ហេង បាន​និយាយថា អនុក្រឹត្យ​នេះ​គឺជា​ការបញ្ជាក់​បន្ថែម​ទៅលើ​ច្បាប់​ ដែល​បាន​ដាក់ឱ្យអនុវត្ត​កន្លងមក ដោយមាន​និយាយ​ពី​ការសម្រួល​ផ្នែក​ពន្ធ និង​នីតិវិធី​ក្នុងការ​នាំចេញ​នាំចូល​ទំនិញ​។ ផ្នែក​ឯកជន​រង់ចាំ​អនុក្រឹត្យ​នេះ​ជា​យូរ​មកហើយ​។លោក​បញ្ជាក់ថា “លក្ខណៈពិសេស​នៃ​ច្បាប់​វិនិយោគ​នេះ គឺមាន​ការលើកទឹកចិត្ត និង​មាន​ភាព​បត់បែន​ស្រប តាម​ការវិវត្ត​សេដ្ឋកិច្ច​សកល​”

 

LEAVE A REPLY

Please enter your comment!
Please enter your name here