ដោយ: គង់ លាងហួរ
ភ្នំពេញ: បង្កើតសកម្មភាពចម្រុះ រាប់ទាំងការសំរាកលំហែរ ការចូលរួមជិះរទេះគោ ស្តាប់តន្រ្តីបុរាណ និងការសម្តែងសិល្បៈ រួមទាំងផ្សារសហគមន៍ នៅតំបន់ជាយក្រុង បាននិងកំពុងក្លាយជាទស្សនទាននៃការកសាងភាពសម្បូរបែប និងរសរវើកនៅតំបន់ជាយក្រុងភ្នំពេញ។
គំរោងនេះ បាននិងកំពុងត្រៀមរៀបចំឡើង ដោយអ្នកអភិវឌ្ឈន៍រមណីយដ្ឋានលំហែរកាយ Green Zone របស់ឧកញ៉ាម៉ន សុខាអគ្គនាយកក្រុមហ៊ុន Green Zone សហការជាមួយលោកបណ្ឌិតតេង រិទ្ឋីអគ្គនាយកក្រុមហ៊ុន R- Investment Group ។ គំរោងនេះរៀបចំនៅភូមិក្រាំងទំនប់ ឃុំចាន់សែន ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ មានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
-->
លោកបណ្ឌិតតេង រិទ្ឋី ដែលបានសហការ និងផ្តួចផ្តើមបង្កើត”ភូមិទេសចរណ៍”បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា អ្នកអភិវឌ្ឍមួយរូបលើកឡើងថា សព្វថ្ងៃនេះ នៅជុំវិញរាជធានីភ្នំពេញ មិនទាន់ មានកន្លែងសំដែងរបាំវប្បធម៌ទេ ហើយបើយើងចង់ទៅទស្សនាការសំដែង របាំក្ងោក យីកេ ឬអាយ៉ៃក៏មិនមានដែរ ដូច្នេះយើងចង់បង្កើតពីឥឡូវនេះ ដើម្បីជួយឱ្យមានសកម្មភាពនេះឡើង។
លោកបន្តថា “នៅពេលយើងបង្កើតសកម្មភាពបាន នោះយើងអាចចិញ្ចឹមបុគ្គលិក និងកម្មករបានរាប់សិបនាក់”។ លោកបន្ថែមថា “បន្ថែមពីនេះ យើងបង្កើតទាំងសួនសិប្បកម្ម ដើម្បីអាចឱ្យកម្មករមានការងារធ្វើ និងកន្លែងទេសចរណ៍ ដែលអាចផ្តល់ការងារធ្វើដល់មនុស្សរាប់ពាន់នាក់ និងទទួលបានចំណូលខ្ពស់”។
ឧទាហរណ៍ កម្មករអាចដាំបន្លែលក់ ដល់ភ្ញៀវទេសចរក្នុងតម្លៃប្រហែល៥ដុល្លារ ក្នុងមួយគីឡូក្រាម គឺខ្ពស់ជាងលក់ឱ្យឈ្មួញ ក្នុងត្រឹមតម្លៃ១ដុល្លារក្នុងមួយគីឡូ។
លោកបណ្ឌិតតេង រិទ្ឋី បានបន្តថា ទោះបីជាយ៉ាងនេះក្តី យើងនឹងបង្រៀនពួកគាត់អំពីរបៀបវេចខ្ចប់ អនាម័យ និងភាពរួសរាយរាក់ទាក់ចំពោះអតិថិជន ជាពិសេសគឺស្នាមញញឹមជារឿងធំបំផុតមួយ ជាឧទា ហរណ៍ ហាងមួយដែលល្អ និងមានម្ហូបអាហារឆ្ងាញ់ ប៉ុន្តែបើអ្នកសេវាកម្មមិនបង្ហាញស្នាមញញឹម រួសរាយក៏មិនកើតនោះដែរ។ ដូច្នេះយើងត្រូវតែពន្យល់ និងបង្រៀនដល់ពួកគាត់។
លោកបន្តថា យើងបានស្នើសុំកិច្ចសហការ ពីអភិបាលស្រុក និងមេឃុំ និងប្រធានមន្ទីរទេសចរណ៍ខេត្ត ហើយរដ្ឋមន្ត្រីក្រសួងទេសចរ ណ៍លោក ថោង ខុន ក៏នឹងចូលរួមគ្រប់សកម្មភាពផងដែរ។ លើសពីនេះ យើងមិនត្រូវការថវិការដ្ឋមកធ្វើនោះទេ ហើយយើងមានតែជួយឧបត្ថម្ភដល់រដ្ឋវិញ ប៉ុន្តែយើងត្រូវការការគាំទ្រ។
លោកបន្តទៀតថា យើងគ្រោងបង្កើតទាំងផ្សារណាត់ ឬផ្សារចុងសប្តាហ៍ ហើយបើថ្ងៃក្រោយទៅមុខ ក្លាយទៅជាផ្សារជាប្រចាំ ប៉ុន្តែពេលនេះមិនទាន់អាចទៅរួច ដូច្នេះយើងបង្កើតជាផ្សារណាត់ជាមុនសិនសម្រាប់មកដើរលេងថ្ងៃចុងសប្តាហ៍សៅរ៍អាទិត្យ។
លោកលើកឡើងថា “ប្រសិនបើអ្នកទាំងអស់គ្នា មិនមែនជាអ្នកអចលនទ្រព្យ ប្រហែលជាអាចយល់ខុសពីលោក ពេលដែលឃើញក្រលុកសំរាមអត់ស្អាត ហើយខ្ញុំជាអ្នកអភិវឌ្ឍន៍កន្លែងដែលមិនស្អាតទៅជាកន្លែងស្អាត។ ដើមឈើមិនស្អាតយើងធ្វើឱ្យស្អាត ស្រះទឹកយើងដាក់ចិញ្ចឹមត្រី ហើយតំបន់នេះបច្ចុប្បន្នមិនទាន់ស្អាតនោះទេ និងគ្មានភាពទាក់ទាញ ប៉ុន្តែរយៈពេល១ឆ្នាំ ២ឆ្នាំ ឬរហូតដល់៥ឆ្នាំខាងមុខ យើងនឹងឃើញមនុស្សរាប់ម៉ឺននាក់ មកកម្សាន្តលេងនៅតីនេះតាមរយៈផែនការរបស់យើង។
លើសពីនេះ យើងធ្លាប់មានបទពិសោធធ្វើ និងប្រែក្លាយទីកន្លែងដែលអត់មានអ្វីសោះមកក្លាយជាទីក្រុង និងប្រែក្លាយដីទំនេរទុកចោលមកក្លាយជាដីធ្វើឧស្សាហកម្ម ដោយសារជំហានដំបូងគេគឺយើងបានបង្កើតផែនការគោលដៅ ហើយលោកចង់ឱ្យអ្នកទាំងអស់គ្នាដែលមកដល់ទីនេះចូលរួមចាប់យកឱកាស។
ឧទាហរណ៍ ប្រសិនបើអ្នកទាំងអស់គ្នា ចង់បង្កើតភោជនីយដ្ឋានមួយ ប៉ុន្តែមិនហ៊ានធ្វើព្រោះខ្លាចខ្វះមនុស្ស ដូច្នេះយើងត្រូវពិភាក្សាគ្នាថា បើបង្កើតភោជនីយដ្ឋាននៅកន្លែងណាផ្សេង ត្រូវចាយប្រាក់អស់១០ម៉ឺនដុល្លារបានទំហំតែ១ល្វែង តែបើបង្កើតភោជនីយដ្ឋាននៅទីនេះគឺយើងបានទំហំធំណាស់។
លោកបណ្ឌិតតេង រិទ្ឋីបានបន្តថា “បើយើងខ្វះមនុស្ស យើងត្រូវរៀបចំផែនការ ដើម្បីទាញយកមនុស្សមក ពោលគឺទាញយកទាំងភ្ញៀវ និងអ្នកផ្សេងៗទៀត តែជាពិសេសគឺត្រូវទាញយកភ្ញៀវនេះតែម្តង”។
ម្យ៉ាងវិញទៀត ភ្ញៀវទី១របស់យើងដែលបានរំពឹងទុក ពួកគាត់អាចប្រើប្រាស់មធ្យោបាយធ្វើដំណើរជាឡាន ប៉ុន្តែអ្វីដែលពួកគាត់ចង់បានគឺជាសេវាកម្ម ម្ហូបធូរថ្លៃ មានរសជាតិឆ្ងាញ់ អនាម័យល្អ និងទទួលបានសេវាកម្មរួសរាយរាក់ទាក់ល្អ ហើយនេះជារឿងមួយ ដែលយើងអាចឈ្នះគេ។
ជាមួយគ្នានេះ លោកឧកញ៉ាម៉ន សុខាអគ្គនាយកក្រុមហ៊ុនGreen Zone បានមានប្រសាសន៍ថា យើងសូមលើកឡើងខ្លីៗថា ទីតាំងនេះគឺនៅជិតរាជធានីភ្នំពេញ បើគិតពីក្រសួងដែនដី មកដល់ទីតាំងនេះមានប្រវែងជាង៣០គីឡូម៉ែត្រប៉ុណ្ណោះ ហើយនិងត្រូវការធ្វើដំណើរ ត្រឹមតែជាង៣០នាទី ឬ១ម៉ោង ដែលយើងអាចបើកបរវិលល្ងាចបាន ហើយភ្ញៀវទេសចរណ៍ អាចមកសម្រាកគេងបាននៅផ្ទះលំហែរ។
លោកបន្តថា លើសពីនេះ ទីតាំងនេះគឺជាទីតាំងរបស់ខ្លួនឯងស្រាប់ ដែលយើងអាចចង់ធ្វើអ្វីក៏បាន ចង់រកស៊ីអ្វី ចង់ចាប់ឱកាសអ្វីក៏បាន ហើយយើងអាចពិភាក្សា និងជជែកគ្នាបានក្នុងន័យសហការ ដើម្បីរកវិធីសាស្ត្រ ហើយមើលឃើញឱកាសថាមកទីនេះ មានដីជាង១០០ហិកតា និងសួនរីសតជាង៨ហិកតា ដើម្បីសហការគ្នារកស៊ីផ្សេងៗនៅទីនេះ ដូចជាដាំផ្កា ឬបើកភោជនីយដ្ឋាន ចិញ្ចឹមត្រី ធ្វើកសិកម្មដាំដុះជាដើម…៕
