តើការវិនិយោគលើអចលនទ្រព្យនិងវិនិយោគលើទីផ្សារភាគហ៊ុន មានភាពខុសគ្នាដូចម្តេច?

0

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ ប្រជាពលរដ្ឋខ្មែរកាន់តែច្រើន បាននិងកំពុងមានការចាប់អារម្មណ៍ខ្លាំងលើការវិនិយោគ ពិសេសលើវិស័យអចលនទ្រព្យ និងការវិនិយោគលើផ្សារហ៊ុនកំពុងមានសន្ទុះផងដែរ។

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Homes Global Realty លោកសុត វីរៈបានលើកឡើងក្នុងកម្មវិធី Estate Xchange Talk កាលពីពេលថ្មីៗនេះថា ការទិញអចលនទ្រព្យ ចំណុចល្អមួយដែលអ្នកទាំងអស់គ្នាត្រូវដឹង គឺយើងមិនចាំចាច់ចំណាយដើម១០០%នៃតម្លៃអចលនទ្រព្យហ្នឹងទេ។ ជាក់ស្តែងនៅក្រៅប្រទេស គេអាចកម្ចីពីធនាគារបានរហូតដល់៩០% មានន័យថាលុយដែលយើងដាក់ទៅហ្នឹងគឺត្រឹមតែ១០%ប៉ុណ្ណោះ។ ដូច្នេះហានិភ័យទៅលើ ១០% ធៀបទៅនឹងយើងវិនិយោគ១០០%គឺវាខុសគ្នា”

លោកបន្ថែមថា “ចំណែកReturn on investment (ចំណូលពីការវិនិយោគ) ក៏យើងយកមកគណនាទៅលើថ្លៃដើម ដែលយើងបានវិនិយោគហ្នឹងដែរ”។ លោកបន្តថា “អីចឹងចំណូលពីការវិនិយោគគឺខ្ពស់ គ្រាន់តែថាចំណុចមួយ ដែលអចលនទ្រព្យជួបជាឧបសគ្គសម្រា​ប់អ្នកវិនិយោគ គឺមិនងាយបម្លែងជាសាច់ប្រាក់ក្នុងរយៈពេលខ្លី”។ចំណុចទាំងពីរនេះហើយ ដែលបងប្អូនត្រូវពិចារណាថា គួរវិនិយោគលើផ្សារភាគហ៊ុន ឬអចលនទ្រព្យ?”

ចំណែកលោក ស៊ាន ធធិន អគ្គនាយក CEO Master Club Investment Plc បានបន្ថែមថា “រវាងអចលនទ្រព្យ និងផ្សារភាគហ៊ុនមិនអាចនិយាយថា មួយណាល្អជាងមួយណាទេ ព្រោះវាជាជម្រើសនៃការវិនិយោគ។ បងប្អូនដែលចាប់អារម្មណ៍ សុទ្ធតែសម្រេចចិត្តក្នុងការវិនិយោគហើយ មិនមែនថាមួយណាល្អផ្ដាច់ជាងមួយណាទេ វាអាស្រ័យទៅលើខ្លួនយើង ដែលជាអ្នកវិនិយោគនេះហ៊ានទទួលយកហានិភ័យកម្រិតណា ហើយវាទទួលបានភាពស័ក្តិសម នៃលំហូរសាច់ប្រាក់របស់យើងកម្រិតណាដែរ អ៊ីចឹងត្រូវគិតថ្លឹងទាំងពីរ

អ្នកជំនាញរូបនេះបន្តថា “ជួនកាលខ្ញុំចង់ទៅវិនិយោគលើអចល​នទ្រព្យដែរ ប៉ុន្តែខ្ញុំអត់មានចំណេះដឹងខាងហ្នឹង ឬសាច់ប្រាក់របស់ខ្ញុំអត់ដល់ ហើយខ្ញុំអត់អាចរង់ចាំរយៈពេលវែង អ៊ីចឹងខ្ញុំរៀងពិបាកបន្តិចដែរ ដូច្នេះខ្ញុំអាចវិនិយោគក្រោមរូបភាពផ្សេង”

ក៏ប៉ុន្តែអ្នកខ្លះគាត់ថារឿងស្តុក(ហ៊ុន) រឿងអីហ្នឹងគាត់អត់ដែលយល់ តែហាងឆេងវាប្រែប្រួលរាល់ថ្ងៃតើ អ៊ីចឹងបើយើងតាមដានផ្សារហ៊ុន យើងចង់លក់ចង់ដូរបាន ប៉ុន្តែតើយើងយល់កម្រិតណា? ហើយយើងហ៊ានទទួលយកហានិភ័យហ្នឹង ប៉ុន្មាននៅក្នុងការខាតបង់ និងការចំណេញលើអាហ្នឹងដែរ។ ហេតុនេះវាអាស្រ័យទៅលើជម្រើសរបស់អ្នកវិនិយោគខ្លួនឯង”។

លោកបន្តថា “ជាការពិតមួយត្រង់ថា បើយើងច្បាស់ យើងមានបណ្ដាញ យើងមានអ្នកប្រឹក្សាច្បាស់លាស់ លើវិស័យអចលនទ្រព្យ ហើយយើងគិតទៅលើស្ថានភាពបច្ចុប្បន្ន និងបណ្ដាប្រទេសផ្សេងៗ “។​លោកបន្តថា “ដូចដែលខ្ញុំធ្លាប់ពិសោធន៍ និងធ្វើដំណើរទៅស្រុកគេដែរ វិស័យអចលនទ្រព្យបើយើងរំពឹង ចង់វិនិយោគរយៈពេលមធ្យម និងរយៈពេលវែង គ្មានអ្វីល្អជាងការវិនិយោគ លើវិស័យអចលនទ្រព្យទេ”។

ការវិនិយោគលើវិស័យអចលនទ្រព្យ និងការវិនិយោគលើផ្សារភាគហ៊ុនសុទ្ធតែល្អដូចគ្នា គ្រាន់តែត្រូវគិតលើមូលដ្ឋានគ្រឹះ និងចំនេះដឹងនៅក្នុងវិស័យ ដែលអ្នកកំពុងតែវិនិយោគ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here