ដោយៈ តែម សុខុម
ហូជីមិញ: ប្រទេសវៀតណាម គ្រោងសាងសង់ “កំពង់ផែទំនើប” ខ្នាតយក្សមួយ នៅក្រុងតំបន់ឆ្នេរកឹនយើ (Can Gio) ដែលគ្រោងចំណាយរហូតដល់ទៅ៦ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមសារព័ត៌មាន VN Express ចុះផ្សាយក្នុងខែមិថុនា នេះ។
ផ្អែកតាមសំណើ នៅពេលការសាងសង់បញ្ចប់ជាស្ថាពរ កំពង់ផែកឹនយើ (Can Gio Port) ដែលនឹងត្រូវសាងសង់ នៅលើកោះដាច់ស្រយាល Phu Loi នេះនឹងមានសមត្ថភាពទទួលទំនិញ បានចន្លោះពី១០លាន ទៅ១៥លានធីអ៊ីយូ (TEU) ក្នុងមួយឆ្នាំ ហើយក្លាយជាកំពង់ផែទំនើបខ្នាតយក្សទី៤ នៅអាស៊ីអាគ្នេយ៍។
កំពង់ផែទំនើបខ្នាតយក្ស ដែលជាប់ចំណាត់ថ្នាត់កំពូលទាំង៣ក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមាន កំពង់ផែនៅប្រទេសសិង្ហបុរី ដែលសមត្ថភាពទទួលទំនិញចន្លោះពី៣៧លាន ទៅ៤៧លានធីអ៊ីយូ (TEU) ក្នុងមួយឆ្នាំ និងកំពង់ផែ២ទៀតនៅក្នុងប្រទេសម៉ាឡេស៊ី គឺកំពង់ផែ Port Klang ដែលសមត្ថភាពទទួលទំនិញ១៣,៧២លានធីអ៊ីយូ (TEU) និងកំពង់ផែ Tanjung Pelepas ដែលមានសមត្ថភាពទទួលទំនិញ១១,២០លានធីអ៊ីយូ (TEU)។






