ដោយ: គង់ លាងហួរ
សិង្ហបុរី: តម្លៃចំណាយទៅលើការជួលការិយាល័យ កាន់តែខ្ពស់កំពុងបង្ខំឱ្យក្រុមហ៊ុនតូចៗ សម្រេចចិត្តផ្លាស់ខ្លួន ចេញឆ្ងាយពីកណ្តាលទីក្រុងចូលទៅកាន់តំបន់ឧស្សាហកម្ម។
ភ្នាក់ងារអចលនទ្រព្យម្នាក់ បានប្រាប់សារពត៌មាន CNA ថា អតិថិជនរបស់លោកប្រមាណ២០ភាគរយ បានផ្លាស់ចេញពីទីក្រុងក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ខណៈពួកគេស្វែងរកជម្រើសដែលមានតម្លៃសមរម្យជាងមុន នៅទីកន្លែងផ្សេងទៀត។
ក្រុមអ្នកសង្កេតការណ៍បានលើកឡើងថា និន្នាការនេះត្រូវបានគេរំពឹងថា នឹងបន្តកើតឡើង ដោយសារក្រុមហ៊ុន នៅក្នុងវិស័យទន់ខ្សោយនានា ដូចជារូបិយប័ណ្ណគ្រីបតូ និងធនាគារលក់រាយ អាចនឹងពិចារណាបោះបង់ ការជួលការិយាល័យរបស់ពួកគេផងដែរ។កន្លែងធ្វើការនៅក្នុងបរិវេណឧស្សាហកម្ម របស់ប្រទេសសិង្ហបុរីមានទំនោរទាក់ទាញបណ្តាក្រុមហ៊ុនតូចៗ និងសហគ្រិនជំនាន់ក្រោយ ដូចជាក្រុមហ៊ុនអេឡិចត្រូនិច និងការជួសជុលជាដើម។
-->
ជាក់ស្តែង ក្រុមហ៊ុនរចនាផ្ទៃខាងក្នុងLe Home Interior បច្ចុប្បន្ន កំពុងជួលកន្លែងការិយាល័យមួយ នៅក្នុងតំបន់អចលនទ្រព្យឧស្សាហកម្មTai Seng ក្នុងតម្លៃប្រហែល២.៨០០ដុល្លារសិង្ហបុរីក្នុងមួយខែ។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុនគឺលោក Benjamin Loo បានបញ្ជាក់ប្រាប់សារពត៌មាន CNA ថា មុនពេលជំងឺរាតត្បាត ការជួលមានតម្លៃប្រហែល១.៩០០ដុល្លារសិង្ហបុរី ទៅ២.០០០ដុល្លារសិង្ហបុរីតែប៉ុណ្ណោះក្នុងមួយខែ មុនពេលកើនឡើងដល់តម្លៃបច្ចុប្បន្ននេះ។
លោក Loo ដែលជាភ្នាក់ងារអចលនវត្ថុផងដែរ បាននិយាយថា លោកជឿជាក់ថា ការជួលការិយាល័យ នឹងបន្តកើនឡើងក្នុងប៉ុន្មានខែខាងមុខនេះ។
ទោះបីជាយ៉ាងណាក្តី តម្លៃជួលកន្លែងធ្វើការ នៅក្នុងតំបន់អចលនទ្រព្យឧស្សាហកម្ម ត្រូវបានគេរំពឹងថា នឹងនៅតែមានតម្លៃសមរម្យជាង បើធៀបទៅនឹងតម្លៃជួលកន្លែង សម្រាប់ធ្វើការនៅក្នុងទីតាំងកណ្តាលទីក្រុង។ក្រុមអ្នកវិភាគបានប្រាប់កាសែត CNAបានឲ្យដឹងថា ជាធម្មតា មានតែអាជីវកម្ម នៅក្នុងវិស័យដូចជាការផលិត ឃ្លាំង IT និងការស្រាវជ្រាវប៉ុណ្ណោះ ដែលអាចជួលការិយាល័យ នៅក្នុងតំបន់ឧស្សាហកម្មបែបនោះបាន។
លោក Lee Sze Teck នាយកជាន់ខ្ពស់ និងជាប្រធានផ្នែកស្រាវជ្រាវប្រចាំនៅក្រុមហ៊ុន Huttons Singapore បានអះអាងថា មានតែក្រុមហ៊ុនផលិតកម្មធំៗ ដូចជាក្រុមហ៊ុនព័ត៌មានទេ ដែលជួលការិយាល័យ នៅក្នុងសង្កាត់ពាណិជ្ជកម្មកណ្តាល (CBD)។
លោកបានបញ្ជាក់ឱ្យដឹងទៀតថា “សម្រាប់អាជីវកម្មខ្នាតតូច តម្លៃជួលខ្ពស់ នឹងមិនសមហេតុផលសម្រាប់ពួកគេទេ។ ពួកគេចង់ជួលនៅកន្លែងណា ដែលអាចជួយសន្សំសំចៃ ខាងផ្នែកសេដ្ឋកិច្ចបានល្អជាងនេះ”៕