ដោយៈ តែម សុខុម
គូឡាឡាំពួៈ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អានវ៉ា អ៊ីប្រាហ៊ីម គ្រោងជួបជាមួយកំពូលមហាសេដ្ឋី Elon Musk នាយកប្រតិបត្តិក្រុមហ៊ុនរថយន្តអគ្គិសនីខ្នាតយក្សTesla នៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីការវិនិយោគរបស់ក្រុមហ៊ុននេះ នៅក្នុងប្រទេសម៉ាឡេស៊ី។
លោក អានវ៉ា បានលើកឡើងកាលពីថ្ងៃសុក្រ ទី៧ ខែកក្កដា ថា “លោក Elon Musk បានស្នើសុំពិគ្រោះយោបល់ជាមួយខ្ញុំ (នៅសប្តាហ៍ក្រោយ) ដើម្បីពិភាក្សាអំពីលទ្ធភាព និងការប្តេជ្ញាចិត្តរបស់គាត់ក្នុងការបង្កើនការវិនិយោគ របស់គាត់នៅក្នុងប្រទេសម៉ាឡេស៊ី”។
-->
លោកសង្កត់ធ្ងន់ថា “វិធីសាស្រ្តរបស់ប្រទេសម៉ាឡេស៊ី ក្នុងការជំរុញសេដ្ឋកិច្ច គឺត្រូវទាក់ទាញការវិនិយោគក្នុងស្រុក និងបរទេស”។ លោកបន្តថា “ប្រសិនបើគ្មានការវិនិយោគទេ ភាពអត់ការងារធ្វើនឹងកើនឡើង ហើយសេដ្ឋកិច្ចនឹងមិនរីកចម្រើននោះទេ”។
លោកលើកឡើងថា “នៅពេលខ្ញុំក្លាយជានាយករដ្ឋមន្ត្រី បំណុលជាតិ មានចំនួន៣២២ពាន់លានដុល្លារអាមេរិក ហើយយើងមានឱនភាព៥,៦%។ ពិតជាអរគុណណាស់ ដែលខ្ញុំមានឱកាសចាប់ផ្តើមកាត់បន្ថយបំណុល និងឱនភាព ដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ច និងប្រជាជនម៉ាឡេស៊ី”។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបង្ហាញថា ក្រុមហ៊ុន Tesla បានប្រកាសថាខ្លួននឹងឈានជើង ចូលទីផ្សារម៉ាឡេស៊ី ជាផ្លូវការនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំនេះ។
ក្រុមហ៊ុន Tesla បានទទួលការអនុម័តពីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិ នៃប្រទេសម៉ាឡេស៊ី ដើម្បីនាំចូលរថយន្តអគ្គិសនីដែលប្រើអាគុយសុទ្ធ (BEV) ចូលក្នុងប្រទេសនេះ៕ Reuters៕