ដោយ: គង់ លាងហួរ
ហាណូយ: ការសាងសង់ចំណតអាកាសយានដ្ឋាន អន្តរជាតិ Long Thanh គ្រោងនឹងចាប់ផ្តើម នៅខែសីហាខាងមុខនេះ ដោយចំណាយថវិកាចំនួន៣៥ទ្រីលានដុង (ប្រហែល១,៤ពាន់លានដុល្លារអាមេរិក)។
ថ្លែងក្នុងកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ ជាមួយថ្នាក់ដឹកនាំខេត្ត Dong Nai ស្តីពីការទិញយកដី និងការទូទាត់សំណងសម្រាប់អាកា សយានដ្ឋាន លោក Nguyen Tien Viet អគ្គនាយករងនៃសាជីវកម្មអាកាសយានដ្ឋានវៀតណាម បានមានប្រសាសន៍ថា អ្នកម៉ៅការសំណង់ត្រូវបានគេរំពឹងថា នឹងត្រូវបានកំណត់អត្តសញ្ញាណ នៅខែកក្កដានេះ។
អាកាសយានដ្ឋាន Long Thanh នឹងក្លាយជាអាកាសយានដ្ឋានធំជាងគេរបស់ប្រទេសវៀតណាម ដែលត្រូវចំណាយថវិកាសាងសង់អស់ប្រមាណ៣៣៦,៦៣ ពាន់ពាន់លានដុង។
ការសាងសង់នេះ ត្រូវបានបែងចែកជាបីដំណាក់កាល។ ដំណាក់ទីមួយ រួមមានផ្លូវរត់ និងចំណតយន្តហោះត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅឆ្នាំ២០២៥ ដែលអនុញ្ញាតឱ្យព្រលានយន្តហោះអាចផ្ទុកអ្នកដំណើរបានចំនួន២៥លាននាក់ក្នុងមួយឆ្នាំៗ។
ដំណាក់កាលទីពីរ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០៣៥ ដែលរួមមាន ការសាងសង់ផ្លូវរត់ និងស្ថានីយមួយទៀត ដែលអាចបង្កើនសមត្ថភាពផ្ទុកអ្នកដំណើរទ្វេរដងរហូតដល់៥០លាននាក់។
ចំណែកឯ ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត នឹងត្រូវបានសាងសង់ឡើងនៅឆ្នាំ២០៥០ ក្នុងដំណាក់កាលទី៣ និងអាចបង្កើនសមត្ថភាពផ្ទុកអ្នកដំណើរបានរហូតដល់ទៅ១០០លាននាក់៕






