ដោយៈ តែម សុខុម
បាងកក: ក្រុមហ៊ុន Starbucks Thailand ប្រចាំប្រទេសថៃ បានដាក់ចេញផែនការដ៏មហិច្ឆតា ជាមួយនឹងគម្រោងបើកហាងកាហ្វេ Starbucks ថ្មីៗរហូតដល់ទៅ៣៣៥សាខាពីឆ្នាំ២០២៣ ដល់ឆ្នាំ២០៣០។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយនៅថ្ងៃសុក្រ ទី៧ ខែកក្កដា នេះ។
លោកស្រី Nednapa Srisamai នាយកគ្រប់គ្រងក្រុមហ៊ុននេះថ្លែងថា យុទ្ធសាស្ត្រពង្រីកសាខានេះ នឹងធ្វើឱ្យចំនួនហាងកាហ្វេ Starbucks កើនឡើងរហូតដល់៨០០សាខា នៅក្នុងប្រទេសថៃ គិតត្រឹមឆ្នាំ២០៣០ ដោយកើនឡើងពីចំនួន៤៦៥សាខា នាពេលបច្ចុប្បន្ន និងប្រមាណ៤៨០សាខានៅត្រឹមដំណាច់ឆ្នាំនេះ។
លោកស្រីបន្ថែមទៀតថា “ចំណាត់ការនេះ បង្ហាញពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនStarbucks ក្នុងការពន្លឿនកំណើននៅក្នុងប្រទេសថៃ ដែលជាទីផ្សារដ៏មានសក្ដានុពលបំផុតមួយ នៅអាស៊ីអាគ្នេយ៍”។






